រសៀលស្អែកនេះ ! ក្រសួងយុត្តិធម៌ នឹងចាប់ផ្ដើមបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំចាស់ និងដាក់ទិសដៅការងារឆ្នាំថ្មី

ចែករំលែក៖

 ភ្នំពេញ ៖ ក្រសួងយុត្តិធម៌មានកិត្តិយសសូមជម្រាបជូនសាធារណជន ក៏ដូចជាសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ មេត្តាជ្រាបថា ក្រសួងយុត្តិធម៌នឹងរៀបចំ “សន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ ទិសដៅការងារជាអាទិភាពឆ្នាំ២០២៥” រយៈពេល ២ថ្ងៃកន្លះ គិតចាប់ពីថ្ងៃទី១២ វេលាម៉ោង ២:០០នាទីរសៀល ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារ សុខាភ្នំពេញ ដែលមានអាសយដ្ឋានស្ថិតនៅផ្លូវលេខ ៣៦៩ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សន្និបាតនេះនឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោក  ជីវ កេង ប្រធានតុលាការកំពូល និង លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូល និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង យុត្តិធម៌ ព្រមទាំងថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ប្រមាណ ៣៥០ នាក់។

សន្និបាតនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យវាយតម្លៃ និងបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ ដែលសម្រេចបានក្នុងឆ្នាំ២០២៤, ពិនិត្យ និងដោះស្រាយបញ្ហាប្រឈមក្នុងវិស័យយុត្តិធម៌ និងកំណត់ទិសដៅការងារ ជាអាទិភាពសម្រាប់ឆ្នាំ២០២៥ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ស្របតាមគោលនយោបាយ និងទិសដៅយុទ្ធសាស្ត្រ ដូចបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងវិធានការគន្លឹះទី៥ ដែលបានដាក់ចេញដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីសន្និបាតនេះត្រូវបានបិទបញ្ចប់, អ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងរៀបចំសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៥:០០នាទីល្ងាច នៅទីតាំងខាងលើ ដើម្បីបង្ហាញអំពីលទ្ធផលនៃសន្និបាត។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងសូមអញ្ជើញតំណាងសារព័ត៌មានទាំងអស់ ចូលរួមយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានខាងលើតាមការគួរ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print