ភ្នំពេញ៖ រសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតី ពិធីបិទ ទិវាជាតិអំណានលើកទី១០ (១១ មីនា ២០២៥) ក្រោមប្រធានបទ “ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម” នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងមានការនិមន្ត និងចូលរួមពីសំណាក់ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ព្រះរាជាគណៈកិត្តិយស នាយកប្រតិបត្តិអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា (ពអក) ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ លោក លោកស្រី ថ្នាក់ដឹកនាំអង្គភាពនានា ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត បុគ្គលិកអប់រំ និងសិស្សនិស្សិត។
បន្ទាប់ពីស្តាប់វេទិកាតុមូលក្រោមប្រធានបទ “តួនាទីអំណាន និងបណ្ណាល័យ ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត” រួចមក បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់វាគ្មិនកិត្តិយសទាំង៤រូប ព្រមទាំងអ្នកសម្របសម្រួលវេទិកាពិភាក្សាក្រោមប្រធានបទ “តួនាទីអំណាន និងបណ្ណាល័យ ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត”នាឱកាសនេះ ដែលបានផ្តលនូវចំណេះដឹងដ៏មានតម្លៃជាច្រើន ឆ្លើយតបនឹងប្រធានបទនៃទិវាអំណានឆ្នាំនេះ “ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម” និងបានរំលេចពីសារៈសំខាន់នៃការបន្តយកចិត្តបណ្តុះបណ្ដាលកវីនិពន្ធកំណាព្យ និងស្មូតដែលជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់ការសិក្សាអក្សរសាស្ត្រជាតិ ដោយគូសបញ្ជាក់ពីបញ្ហាប្រឈមនៃអំណានក្នុងយុគសម័យ AI ដែលយុវជនច្រើនយកចិត្តទុកដាក់តែលើការប្រើប្រាស់បច្ចេកវិទ្យា តែមិនបានផ្សារភ្ជាប់ជាមួយការសិក្សាស្វែង យល់ពីអក្សរសាស្ត្រអក្សរសិល្ប៍ជាតិនោះទេ ដូច្នេះក្រសួងត្រូវតែខិតខំប្រឹងប្រឹងបន្តការងារនេះបន្ថែមទៀត និងត្រូវពង្រឹងការដាក់បញ្ចូលកញ្ចប់អំណានដំបូងទៅក្នុងកម្មវិធីសិក្សាបណ្តុះបណ្ដាលគ្រូតែម្តង។
បន្ថែមពីនេះបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ផ្តល់អនុសាសន៍ដល់ក្រុមការងារពាក់ព័ន្ធ ឱ្យចាប់ផ្តើមត្រួត ពិនិត្យមើលបញ្ហាប្រឈមនៅតាមសាលារៀន ហើយប្រែក្លាយបញ្ហាប្រឈមទាំងនោះ ឱ្យទៅជាផែនការសកម្មភាពដែលត្រូវអនុវត្ត ក្នុងឆ្នាំ២០២៥នេះតែម្តង។ ពាក់ព័ន្ធនឹងបញ្ហាកង្វះបណ្ណាល័យនាពេលបច្ចុប្បន្នបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ផ្តល់អនុសាសន៍ ឱ្យសហការជាមួយដៃគូអភិវឌ្ឍដើម្បីពិនិត្យមើលលទ្ធភាពក្នុងការរៀបចំបណ្ណាល័យអេឡិចត្រូនិក (ឌីជីថល) និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតសៀវភៅសិក្សា ដោយមានការចូលរួមគាំទ្រផ្នែកបច្ចេកទេសពីអ្នកជំនាញបច្ចេកវិទ្យា ដើម្បីជួយដោះ ស្រាយបញ្ហាប្រឈមក្នុងវិស័យអប់រំ។ ជាមួយគ្នានេះដែរ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានឆ្លើយតបទៅ នឹងសំនួរក្នុងវេទិកាពិភាក្សា ស្តីពីការធ្លាក់ចុះនៃអារ្យធម៌ ដោយបានបកស្រាយថា ឫសគល់នៃបញ្ហាមិនមែនមកពីការផ្លាស់ប្តូរសាសនាទេ គឺមកពីការបាត់បង់ធនធាន មនុស្ស និងសង្គ្រាមអូសបន្លាយយូរអង្វែង ដូច្នេះហើយយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាឱ្យបាននូវសុខសន្តិភាព ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិប្រកបដោយចីរភាព ការរស់នៅប្រកបដោយវិបុលសុខ និងភាពសុខដុមរមនា។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារពាក់ព័ន្ធ និងដៃគូសហការទាំងអស់ ដែលបានរួមចំណែកជំរុញឱ្យទិវាជាតិអំណានលើកទី១០នេះប្រព្រឹត្តិទៅបានដោយរលូន និងជោគជ័យតាមការគ្រោងទុក ដោយបានបញ្ជាក់ជាថ្មីថា ដើម្បីពង្រឹងវិស័យអប់រំ យើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងរួមគ្នាបន្តទៀតដើម្បីកែលម្អសាលា រៀន ដោយត្រូវមានការគាំទ្រពីសំណាក់សហគមន៍ អ្នកអាណាព្យាបាល មាតាបិតា ជាពិសេសត្រូវចេះប្រើ ប្រាស់បច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាពខ្ពស់៕