បងប្រុសទី១របស់ខ្ញុំឈ្មោះលៀង និងមិត្តភក្កិរបស់គាត់ឈ្មោះខា ត្រូវអង្គការចាប់បង្ខំបញ្ជូនឲ្យទៅសមរភូមិមុខ។ ម្ដាយរបស់ខ្ញុំនិងម្ដាយរបស់ខា នាំគ្នាយំទឹកភ្នែកហូរសស្រាក់លន់តួសំពះអង្វរប្រធានភូមិថា ” សូមសមមិត្តបងកុំយកកូនខ្ញុំទៅអី វានៅក្មេងណាស់ទុកវាសិនទៅ ខ្ញុំសុំសំពះសមមិត្តបង ” ។ មិនបង្អង់យូរ ប្រធានភូមិឆ្លើយតបមកវិញភ្លាមៗថា ” គ្រាន់តែប៉ុណ្ណឹងមិនហ៊ានលះបង់ សមមិត្តនារីមិនដាច់ខាតចំពោះអង្គការ នេះមិនមែនជាជនបដិវត្តន៍ទេ” រួចប្រធានភូមិគំហកខ្លាំងៗទៀតថា ទៅនាំវាទៅ ចំណែកមិត្តនារីត្រូវទៅធ្វើការងារកុំរឹងទទឹងនឹងបដិវត្តន៍ កង់ប្រវត្តិសាស្ត្រកំពុងវិល បើលូកដៃដាច់ដៃ លូកជើងដាច់ជើង។ ឮដូច្នោះកងឈ្លបក៏បាននាំយុវជនទាំងពីរនាក់ចាកចេញទៅ។
ក្រោមការគ្រប់គ្រងរបស់ប្រធានភូមិទី២នេះ ប្រជាជនអត់បាយក្រហាយទឹកលើសពីពេលមុនៗទៅទៀត ហើយដេកស្លាប់ស្ទើរជារៀងរាល់ថ្ងៃ។ ខ្ញុំឃ្លាន ហេវហត់ស្ទើរទន់ជង្គង់ដើរឡើងឆ្លងផ្លូវលំពុំចង់រួច។ ថ្ងៃមួយ ពេលព្រលប់ម៉ែរបស់ខ្ញុំទើបត្រឡប់មកពីសហករណ៍វិញខ្ញុំសួរគាត់ថា ម៉ែ!ម៉េចមិនយកគល់ចេកមកស្ងោរហូបទៀត? ម៉ែតបតិចៗដោយប្រញាប់យកដៃមកខ្ទប់មាត់ខ្ញុំផងថា កុំមាត់មិនបានទេអាហេង!ប្រធានភូមិក្រោយនេះមកពីខេត្តតាកែវនិយាយរដឺនៗកាចសាហាវខ្លាំងណាស់ ហើយមានកងឈ្លបស៊ើបការណ៍តាមដានប្រជាជនគ្រប់ច្រកល្ហកទៀតផងដេកទៅកុំមាត់។
យប់នេះខ្ញុំឃ្លានពេកដេកមិនលក់ ខ្ញុំក៏ចុះទៅដីដើម្បីលួចដកកំភើមស្រូវក្នុងស្រែហូប។ មិនទាន់ទាំងចេញពីក្រោមផ្ទះផង ស្រាប់តែភ្លើងពិលវាសឆ្វាចៗ ពីផ្លូវលំខាងមុខផ្ទះមក។ ខ្ញុំភ័យណាស់ ក៏ប្រញាប់លាក់ខ្លួនពួនអែបក្បែរជណ្ដើរផ្ទះ។ ស្បៃរាត្រីកាលដ៏ងងឹតអាប់អួរបានមកគ្របមុខបិទភ្នែកខ្ញុំ បង្ខំឲ្យលង់លក់ក្នុងដំណេកពោរពេញដោយក្តីស្រេកឃ្លានឥតឧបមា។
មិនយូរប៉ុន្មាន ប្រធានភូមិទី ២ ត្រូវបានកម្មាភិបាលថ្នាក់លើចោទថាក្បត់អង្គការ ហើយត្រូវចាប់បញ្ជូនយកទៅឲ្យរៀនសូត្រលត់ដំខ្លួន។ អស់ពីប្រធានភូមិទី ២ ទៅអង្គការបានចាត់ឱ្យមានប្រធានភូមិទី ៣ ដែលមានឈ្មោះកាញ់។ ពេលនោះខ្ញុំសង្កេតឃើញមានឈ្លបសន្តិសុខមុខប្លែកៗដែលមិនមែនជាមនុស្សធ្លាប់រស់នៅភូមិនេះទេ។ កងសន្តិសុខដែលគួរឲ្យខ្លាចជាងគេគឺឈ្មោះរ័ត្ន។ រ័ត្មគឺជាជនពិការស្លៀកពាក់ខ្មៅ បង់កក្រមា ពាក់មួករបប ស្បែកជើងកង់ឡាន មានខ្សែអង្រឹងមួយចង្វាយ និងកាំបិតស្នៀតច្រកស្រោមជាប់នឹងចង្កេះហើយស្ពាយពិលមួយដើមដែលលម្អដោយស្រោមរំយោល ថែមទាំងមានស្ពាយកាំភ្លើងអាការបត់មួយដើមផងដែរ។
ក្នុងរយៈកាលនៃប្រធានភូមិទី ១ និងទី ២ ប្រជាជន ១៧ មេសាត្រូវបានបោសសម្អាតទាំងស្រុង ហើយប្រជាជនមូលដ្ឋានដែលអង្គការចាត់ទុកថា ជាព្រូនសង្គមទុកក៏មិនចំណេញ ដកចេញក៏មិនខាត ក៏កម្ទេចចោលជាបន្តបន្ទាប់ដែរ។ ប្រធានភូមិទី ៣ នេះរួមទាំងកងសន្តិសុខ បានបន្តតាមដានស៊ើបការណ៍សម្ងាត់ស្រាវជ្រាវបោសសម្អាតខ្មាំងស៊ីរូងផ្ទៃក្នុងពីក្នុងចំណោមប្រជាជនដែលនៅសេសសល់ពីការកាប់សម្លាប់។ឪពុករបស់ខ្ញុំ ត្រូវប្រធានសន្តិសុខឈ្មោះ រ័ត្ន ចាប់ខ្លួនចងដៃនឹងខ្សែអង្រឹងក្រពាត់មកក្រោយបណ្ដើរលើខ្នងទំនប់យកទៅទុកធ្វើទារុណកម្មនៅមន្ទីរសន្តិសុខវត្តជ្រង ស្ថិតក្នុងឃុំឈូកសាច់។ រយៈពេលប្រហែល បួន ប្រាំ ថ្ងៃគ្រួសាររបស់ខ្ញុំ និងគ្រួសារម្ដាយមីង ត្រូវកម្មាភិបាលមកពីគណៈតំបន់ ស្នើសុំប្រធានភូមិបឹងដឹកដោយរទេះគោយកទៅនៅភូមិថ្មីជាប់នឹងរបងសន្តិសុខវត្តជ្រង។
*មានផ្ទះអត់មនុស្សនៅ មានផ្លូវអត់មនុស្សដើរ:
ប្រជាជន ១៧ មេសាដែលរស់នៅក្នុងភូមិ ត្រូវអង្គការដឹកយកទៅសម្លាប់ចោលគ្មានសល់។ ប្រជាជនដែលអង្គការកំណត់មុខសញ្ញាខ្មាំង” ខ្មាំងបដិវត្តន៍” ត្រូវចាប់ចងយកទៅសម្លាប់ចោលជាបន្តបន្ទាប់។ យុវជនត្រូវចាប់បញ្ជូនធ្វើកងទ័ពជាហូរហែ។ ប្រជាជនដេកស្លាប់ដោយអត់អាហារ ដោយជំងឺ ស្ទើរមិនចន្លោះថ្ងៃ។ ទីបំផុតប្រជាជននៃភូមិបឹងណុងម៉ូវ ដែលនៅសេសសល់ទាំងប៉ុន្មាន ត្រូវជម្លៀសចេញពីភូមិ ឱ្យទៅតាំងទីលំនៅក្នុងតំបន់ព្រៃក្រាស់។ ភូមិត្រពាំងឈូកនេះហើយដែលជាទីកន្លែងរស់នៅថ្មីរបស់ប្រជាជនភូមិបឹងណុងម៉ូវរស់នៅលើគេហដ្ឋានប្រជនខ្មែរអ៊ិស្លាម។
ណុងម៉ូវ ធ្លាប់ជាភូមិដែលមានធម្មជាតិស្រស់បំព្រងព័ទ្ធជុំវិញដោយវាលស្រូវខៀវស្រងាត់ ឥឡូវប្រែជាស្រពាប់ស្រពោនក្រៀមក្រោះមានស្មៅដុះស៊ុបទ្រុប ស្លឹកឈើជ្រុះប៉ើងរាយប៉ាយ កាំជណ្ដើរធ្លាក់ជ្រុះរយីករយាក ហើយវល្លិព្រៃតោងជាប់ពេញជញ្ជាំងផ្ទះគ្មានមនុស្សនៅមើលថែរក្សាទេ។
អរុណោទ័យថ្ងៃ ៧ ខែមករាឆ្នាំ ១៩៧៩ ភ្លឺត្រចះត្រចង់រះកម្ចាត់អ័ព្ទខ្មៅងងឹតនៃរបបកម្ពុជាប្រជាធិបតេយ្យ។ វាយោដើមរដូវបក់មកពីទិសឧត្តរ នាំមកនូវក្លិនពិដោដ៏ក្រអូបប្រហើរនៃបុប្ផាធម្មជាតិ។ ទឹកសន្សើមពេលព្រឹកព្រលឹមទើរលើចុងស្មៅត្រជាក់ស្រឹបចាំងរស្មីព្រិចៗដូចគ្រាប់ពេជ្រត្បូងចរណៃ។ ផ្កាថ្នក់ទឹក ព្រឹក្សាព្រៃដុះលូតខៀវស្រងាត់ រីឯបក្សាបក្សីត្រដាងស្លាបរំភើយលើវេហាស៍។មនុស្សម្នាខ្ញៀវខ្ញារីករាយសប្បាយ។ តែអនិច្ចា! បឹងណុងម៉ូវ នៅតែក្រៀមស្វិតឥតខ្លឹមសារក្លាយជាព្រៃស្មសាន ឋានស្ងាត់ឈឹង ស្លាប់បាត់ព្រលឹងគ្មានម្ចាស់រក្សានៅ។ ឱភូមិខ្ញុំអើយ! ៕ (ចប់ដោយបរិបូរណ៍)







