ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញគាំទ្រអាជ្ញាធររាជធានីភ្នំពេញលើការងារអនុវត្ដភូមិសង្កាត់មានសុវត្ថិភាពបានល្អ ជូនប្រជាពលរដ្ឋ 

ចែករំលែក៖

ភ្នំពេញ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានអរគុណចំពោះអាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការអនុវត្តការងារបានយ៉ាងល្អកន្លងមកនេះ ពិសេសគឺការអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាពបានល្អ ធ្វើឱ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅ។

 

លោកម៉ប់ សារិន បានបញ្ជាក់គាំទ្របែបនេះ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ក្រោមវត្តមានលោក ឆាយ វីរៈអភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។

លោកប្រធានក្រុមប្រឹក្សាមានប្រសាសន៍លើកឡើងថា៖ ក្នុងខែកុម្ភៈកន្លងមកនេះ បទល្មើសព្រហ្មទណ្ឌបើទោះបីមានការកើនឡើង ប៉ុន្តែអ្វីដែលជាការកោតសរសើរនោះ គឺរាល់បទល្មើសព្រហ្មទណ្ឌដែលបានកើតឡើងកងកម្លាំងរបស់យើងបង្ក្រាបបានស្ទើរតែ១០០ភាគរយ។ បន្ថែមពីនេះ ជាមួយគ្នានោះដែរលោកម៉ប់ សារិន ក៏បានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរទាំងអស់ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញដែលបានរួមគ្នាយកអស់កម្លាំងកាយចិត្តសម្រេចបានលទ្ធផលការងារយ៉ាងល្អប្រសើរ។

 

លោកប្រធានបានបន្តទៀតថា៖ ជាងនេះទៅទៀត រដ្ឋបាលរាជធានីភ្នំពេញ បានចាត់វិធានការឆ្លើយតបបានល្អប្រសើរ ជុំវិញការដាក់របាំងពុះចែកទ្រូងផ្លូវ ៦០ម៉ែត្រ និងការបង្កើតផ្លូវថ្មើរជើង (Walk Street) ។ការងារទាំងពីរនេះពិតជាទទួលបាននូវការសាទរពីប្រជាពលរដ្ឋយ៉ាងខ្លាំងក្លា។ លោកបានស្នើឲ្យអាជ្ញាធរខណ្ឌទាំង១៤និងសង្កាត់ទាំង១០៥ ជួយធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យមកលេងនៅផ្លូវថ្មើរជើងនេះឲ្យកាន់តែបានច្រើនថែមទៀត បើទោះបីពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ផ្លូវថ្មើរជើងនេះ ទទួលបានកំណើនប្រជាពលរដ្ឋក៏ដូចភ្ញៀវទេសចរជាតិអន្តរជាតិកើនឡើងយ៉ាងណាក៏ដោយ។លោកឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញក៏បានអរគុណ ចំពោះការកោតសរសើរពីក្រុមប្រឹក្សារាជធានីភ្នំពេញ ចំពោះកិច្ចការងារដែលរដ្ឋបាលរាជធានីភ្នំពេញបានអនុវត្តកន្លងមក។ លោកបានបន្តថា ការកោតសរសើរនេះ គឺជាការលើកទឹកចិត្តដ៏ធំធេងដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញបន្តអនុវត្តការងារកាន់តែល្អប្រសើរបន្ថែមទៀត។

ចំណែកលោក ហុក ហួលីម នាយរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងផងដែរថា៖ នៅក្នុងខែកុម្ភៈឆ្នាំ២០២៥កន្លងមកនេះ នៅរាជធានីភ្នំពេញ បទល្មើសព្រហ្មទណ្ឌ បានកើតមាន ៤៨លើក/៣៨លើក កើនឡើង ១០លើក។យើងបានបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បាន ៤៦ករណី ឃាត់ខ្លួន ៧០នាក់។ បង្ក្រាបបទល្មើសគ្រឿងញៀន បាន ១៥៥ករណី ឃាត់ខ្លួន ២៧៤នាក់។ បង្ក្រាបក្មេងទំនើងបាន ២៦ករណី ឃាត់ខ្លួន ៩៧នាក់។ បង្ក្រាបល្បែងស៊ីសងខុសច្បាប់បានចំនួន ៩ករណី ឃាត់ខ្លួន ៨៣នាក់។ ចំណែកគ្រោះថ្នាក់អគ្គិភ័យវិញបានកើតមានឡើងចំនួន២១លើក/៨លើក ពោលគឺបានកើនឡើង ១៣លើក ដោយមូលហេតុ ឆ្លងចរន្តអគ្គិសនី ១៦លើក, កត្តាមនុស្សដុតឲ្យឆេះ ៣លើក, ប្រហែសភ្លើងទៀន-ធូប ១លើក និងរថយន្តជាប់ហ្វ្រ័ង ១លើក៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print