អ៊ុយក្រែនយល់ព្រមបទឈប់បាញ់៣០ថ្ងៃ អាមេរិកបន្តជំនួយយោធា

ចែករំលែក៖

បន្ទាប់ពីកិច្ចប្រជុំរយៈពេល៩ម៉ោងនៅប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃទី 11 ខែមីនា មន្ត្រីអាមេរិក និងអ៊ុយក្រែនបានចេញសេចក្តីថ្លែងការណ៍រួមមួយដែលមានខ្លឹមសាររួមទាំងអ៊ុយក្រែនទទួលយកសំណើឈប់បាញ់រយៈពេល 30 ថ្ងៃជាមួយរុស្ស៊ី និងសហរដ្ឋអាមេរិក ក្នុងការបន្តជំនួយយោធាដល់អ៊ុយក្រែន។

យោងតាមសេចក្តីថ្លែងការណ៍រួមមួយដែលបានបង្ហោះនៅលើគេហទំព័ររបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky អ៊ុយក្រែនបានត្រៀមខ្លួនរួចរាល់ហើយក្នុងការទទួលយកសំណើរបស់សហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់ជាបន្ទាន់រយៈពេល 30 ថ្ងៃ។ បទឈប់បាញ់អាចត្រូវបានពង្រីកដោយការយល់ព្រមពីភាគីទាំងសងខាងដែលផ្តល់ថាវាត្រូវបានទទួលយកនិងអនុវត្តព្រមគ្នាដោយភាគីរុស្ស៊ី។
សេចក្តីថ្លែងការណ៍ក៏បានបញ្ជាក់យ៉ាងច្បាស់ថា អាមេរិកនឹងជូនដំណឹងដល់រុស្ស៊ី ហើយថាកិច្ចសហប្រតិបត្តិការពីរុស្ស៊ីគឺជាកត្តាសំខាន់ក្នុងការសម្រេចបានសន្តិភាព។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃដដែល ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz បាននិយាយថា “ប្រធានាធិបតី Donald Trump បានបញ្ជាក់យ៉ាងច្បាស់ថា ការប្រយុទ្ធទាំងអស់ត្រូវតែបញ្ឈប់ ហើយភាគីអ៊ុយក្រែនបានយល់ព្រមចំពោះសំណើបទឈប់បាញ់។ ពួកគេបានត្រៀមខ្លួនសម្រាប់សន្តិភាព។ យើងនឹងនាំយកសំណើនេះទៅរុស្ស៊ី ហើយរង់ចាំមើលការឆ្លើយតបរបស់ពួកគេ។
យោងតាមសេចក្តីថ្លែងការណ៍រួម អាមេរិកនឹងបន្តការចែករំលែកព័ត៌មានសម្ងាត់ និងជំនួយសន្តិសុខដល់អ៊ុយក្រែនឡើងវិញភ្លាមៗ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌ក្នុងដំណើរការសន្តិភាព ជាពិសេសក្នុងអំឡុងពេលបទឈប់បាញ់។ កិច្ចខិតខំប្រឹងប្រែងទាំងនេះរួមមានការផ្លាស់ប្តូរអ្នកទោសសង្រ្គាម និងការដោះលែងជនស៊ីវិលដែលត្រូវបានចាប់ខ្លួន។ ភាគីទាំងពីរក៏បានឯកភាពបង្កើតគណៈប្រតិភូចរចាពីប្រទេសនីមួយៗ ហើយចាប់ផ្តើមការចរចាភ្លាមៗឆ្ពោះទៅរកសន្តិភាពយូរអង្វែងដែលធានាសន្តិសុខរយៈពេលវែងសម្រាប់អ៊ុយក្រែន។
ភាគីអាមេរិកបានសន្យាថានឹងពិភាក្សាលម្អិតខាងលើជាមួយតំណាងរុស្ស៊ី។ ទន្ទឹមនឹងនេះ ភាគីអ៊ុយក្រែនបានបញ្ជាក់ជាថ្មីពីតម្រូវការសម្រាប់ការចូលរួមពីដៃគូអឺរ៉ុបក្នុងដំណើរការសន្តិភាព។ ជាចុងក្រោយ ប្រធានាធិបតីនៃសហរដ្ឋអាមេរិក និងអ៊ុយក្រែនបានយល់ព្រមបញ្ចប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាននូវកិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយសម្រាប់ការអភិវឌ្ឍធនធានរ៉ែដ៏សំខាន់របស់អ៊ុយក្រែន ដើម្បីពង្រីកសេដ្ឋកិច្ចរបស់ប្រទេស និងធានានូវភាពរុងរឿង និងសន្តិសុខរយៈពេលវែងរបស់អ៊ុយក្រែន៕

...

រូបថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print