ខេត្តស្វាយរៀង ៖ ក្រុមជនសង្ស័យជិះម៉ូតូ០២គ្រឿងបានធ្វើសកម្មភាពលួចកាច់.កម៉ូតូប្រជាពលរដ្ឋយកទៅបាត់ដោយសុវត្ថិភាព នៅក្រុងបាវិត។
យោងតាមសមត្ថកិច្ចបានអោយដឹងនាល្ងាចថ្ងៃទី១២ខែមីនាឆ្នាំ២០២៥នេះថា ករណីចោរកម្មនេះ កើតឡើងនៅវេលាម៉ោង២និង០០នាទីទៀបភ្លឺ ថ្ងៃទី១១ មីនា ២០២៥ នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។
ម៉ូតូរបស់ជនរងគ្រោះដែលជនសង្ស័យជិះយកទៅម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង1T-3906 ឆ្នាំ២០២៣ មានបំពាក់ GPS ។
បើតាមម្ចាស់ម៉ូតូបានឲ្យដឹងថា មុនពេលកើតហេតុ គាត់មកធ្វើការ ហើយបានយកម៉ូតូដាក់នៅខាងមុខរបងផ្ទះ លើចិញ្ចើមថ្នល់ (មានម៉ូតូ៤ទៅ៥គ្រឿង) ដាក់នៅទីនោះដែរនិងរថយន្ត ហើយកន្លងមក គឺដាក់ម៉ូតូនិងរថយន្តនៅខាងមុខផ្ទះ កន្លែងធ្វើការដូចសព្វមួយដង មិននឹកស្មានថាមានក្រុមចោរមកធ្វើសកម្មភាពលួចកាច់.កម៉ូតូបែបនេះសោះ ។
ប្រភពបន្តថា បើមើលតាមកាមេរ៉ាសុវត្ថិភាព ក្រុមចោរមានគ្នា០៥នាក់ ជិះម៉ូតូចំនួន០២គ្រឿង មុនដំបូងក្រុមចោរ០៣នាក់ជិះម៉ូតូ១គ្រឿងមកឈប់កន្លែងដាក់ម៉ូតូ។ មួយសន្ទុះក្រោយមក ក្រុមចោរ២នាក់ទៀតជិះម៉ូតូ១គ្រឿងមកដល់ ហើយចោរម្នាក់ក៏ដើរចូលទៅកាច់.កម៉ូតូបាន១គ្រឿង ដោយម៉ូតូដាក់ក្បែររថយន្ត រួចអូសចេញទៅ ខណៈនោះពួកចោរក៏នាំគ្នាជិះម៉ូតូរុញម៉ូតូជនរងគ្រោះចេញទៅ ។
ក្រោយមក ម្ចាស់ម៉ូតូបានមើលទូរស័ព្ទបើក GPS ក៏ឃើញក្រុមចោរលួចយកម៉ូតូមកដល់ចំណុចផ្សារប្រសូត្រ ស្រុកស្វាយទាប នៅម៉ោងប្រមាណជា៣ទៀបភ្លឺ ក៏ឆោឡោ រួចប្តឹងសមត្ថកិច្ច និងអ្នកសារព័ត៌មានឲ្យជួយអន្តរាគមន៍ ។ ក្រុមប្រជាពលរដ្ឋក៏បានបាននាំគ្នាចេញម៉ូតូបីបួនគ្រឿងប្រដេញតាមចំណុចទីតាំងរបស់ម៉ូតូជនរងគ្រោះ មើលតាមជីភីអេស ហើយនៅវេលាម៉ោងជាង០៣ទៀបភ្លឺ ក្រុមចោរយកម៉ូតូដល់ចំណុចច្រមុះជ្រូក ក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។
សមត្ថកិច្ចក៏ចេញស្ទាក់ ក៏ប៉ុន្តែទំនងក្រុមជនសង្ស័យបានដឹងថាម៉ូតូជនរងគ្រោះ មានបំពាក់GPS ពួកគេក៏ឈប់ដោះ GPS ចេញ និងដោះសំលៀកបំពាក់ចោល នៅវេលាប្រហែលជាម៉ោងជិត៤ទៀបភ្លឺ នៅចំណុចស្រុកស្វាយជ្រំ ហើយបានបញ្ឆេះម៉ូតូជិះគេចខ្លួន ខណៈនោះ ប្រជាពលរដ្ឋអ្នកដេញតាមក៏បានទៅទាន់ នៅចំណុចស្រុកស្វាយជ្រំ ប្រើប្រាស់ដំបង និងកាំបិត ស្រែកឆោឡោ ធ្វើឲ្យក្រុមចោរភ័យស្លន់ស្លោរត់ចោលម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខក្រចេះ 1G-4351 និងកាបូបខោអាវ និងខោអាវ ដែលពួកជនសង្ស័យស្លៀកពាក់ធ្វើសកម្មភាពនោះចោល ហើយនាំគ្នារត់ឡើងជិះម៉ូតូដែលពួកវាលួចបាននោះ ជិះគេចខ្លួនបាត់ស្រមោល (ដោយម៉ូតូជនរងគ្រោះចោរដោះ GPS ចេញ និងបោះចោលបាត់ ទើបបាត់ដានត្រឹមស្រុកស្វាយជ្រំ) ។
សមត្ថកិច្ចបានដកហូតវត្ថុតាងម៉ូតូជនសង្ស័យ ដែលរត់ចោលយកទៅរក្សាទុកនៅអធិការដ្ឋាននគបាលស្រុកស្វាយជ្រំ ដើម្បីធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសឲ្យខាងតែបាន៕
ដោយ៖ សុថាន