ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រកាសថា លុបបំបាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅតាមទីកម្សាន្ដនានាឲ្យអស់ក្នុងឆ្នាំនេះ

ចែករំលែក៖

ភ្នំពេញ ៖ ខ្ញុំមានជំហរយ៉ាងមុតមាំថា នឹងធ្វើការលុបបំបាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅតាមទីតាំងសប្បាយដ្ឋាន និងក្លឹបកម្សាន្ដនានាឲ្យអស់ក្នុងឆ្នាំ២០២៥នេះ បើទោះបីជាទីតាំងនោះមានអ្នកណានៅពីក្រោយខ្នង ក៏ដោយនោះ។ នេះជាការលើកឡើងពី លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈបញ្ជាការ«យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១០» ។

សូមបញ្ជាក់ថា ៖ ក្នុងឱកាសអញ្ជើញជាសហធិបតីភាពជាមួយលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈបញ្ជាការ ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១០ លោក នេត សាវឿន បានអះអាងថា ម៉ោងនេះកម្លាំងសមត្ថកិច្ចទាំងអស់មិនត្រូវគិត ឬខ្វាយខ្វល់ថា ទីតាំងដែលពាក់ព័ន្ធនោះជារបស់អ្នកណា ឬអ្នកណានៅពីក្រោយនោះទេ ពោលត្រូវតែចាត់វិធានការភ្លាមៗដោយគ្មានការលើកលែងនោះឡើយ។
លោកឧបនាយករដ្ឋមន្ដ្រីបានសង្កត់ធ្ងន់ថា «ឆ្នាំនេះយើងត្រូវប្ដេជ្ញាចិត្តដាច់ខាត គឺលុបបំបាត់ឲ្យបានការជួញដូរ ប្រើប្រាស់គ្រឿងញៀន នៅតាមទីតាំងសប្បាយដ្ឋាន និងក្លឹបកម្សាន្ដនានា។ ម៉ោងនេះសូមកុំគិតថាទីតាំងជារបស់អ្នកណា, អ្នកណានៅពីក្រោយ ឲ្យតែមានការពាក់ព័ន្ធ គឺត្រូវចាត់វិធានការភ្លាម»។
ក្នុងន័យនេះ លោកសន្ដិបណ្ឌិតឧបនាយករដ្ឋមន្ដ្រី ក៏បានក្រើនរំលឹកគណៈកម្មការទទួលបន្ទុកអនុវត្តវិធានការរដ្ឋបាល ត្រូវសហការជាប់ជាប្រចាំ ជាមួយរដ្ឋបាលរាជធានី-ខេត្ត ក្នុងការចុះត្រួតពិនិត្យរដ្ឋបាល អប់រំ និងធ្វើកិច្ចសន្យា ជាមួយម្ចាស់អាជីវកម្មទីតាំងនានា ដើម្បីលុបបំបាត់ការជួញដូរប្រើប្រាស់គ្រឿងញៀនក្នុងទីតាំងរបស់ខ្លួន។ ការងារនេះអភិបាលរាជធានី-ខេត្ត ជាអ្នកទទួលបន្ទុកអនុវត្តលើយន្ដការដែលមានស្រាប់ ព្រោះជាអ្នកដឹងអំពីមូលដ្ឋានទីតាំងភូមិសាស្ដ្រជាក់ស្ដែង។
ដោយឡែកចំពោះវិធានការអនុវត្តច្បាប់វិញ លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានណែនាំគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន ត្រូវសហការជាមួយរដ្ឋបាលខេត្តជាប់ព្រំដែន យកចិត្តទុកដាក់ការនាំចូលគ្រឿងញៀនពីក្រៅប្រទេស តាមគោក អាកាស ទឹក និងបញ្ញើប្រៃសណីយ៍ ជាពិសេសផ្លូវគោកតាមប្រទេសជិតខាង និងត្រូវពង្រឹងកិច្ចសហការជាមួយខេត្តជាប់ព្រំដែន ដើម្បីបង្កើនការផ្លាស់ប្តូរព័ត៌មាន បង្ការ ទប់ស្កាត់ ទាន់ពេលវេលា។
លោកឧបនាយករដ្ឋមន្រ្តីបានលើកឡើងទៀតថា គណៈបញ្ជាការឯកភាពរាជធានីខេត្ត ត្រូវម្ចាស់ការ បុរេសកម្ម ក្នុងការអនុវត្តច្បាប់ម៉ឺងម៉ាត់ ចំពោះបទល្មើសគ្រឿងញៀនស្រាវជ្រាវ តស៊ូករណី ពន្លាត ឲ្យដល់ឫសគល់ និងមេខ្លោង សហការជាប់ជាប្រចាំជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ។ សមត្ថកិច្ចដែលមានភារកិច្ចតាមព្រំដែន និងច្រកទ្វារអន្តរជាតិ ត្រូវបង្កើនការត្រួតពិនិត្យ ទប់ស្កាត់ ការនាំចូលគ្រឿងញៀន តាមអាកាសយានដ្ឋាន ច្រកទ្វារទាំងអស់ផងដែរ។
យ៉ាងណាក៏ដោយ លោកឧបនាយករដ្ឋមន្រ្តី ក៏ក្រើនរំលឹកដល់ភាគីពាក់ព័ន្ធទាំងអស់ បន្តបង្កើន វិធានការផ្សព្វផ្សាយអប់រំផងដែរ ពោលត្រូវផ្សព្វផ្សាយអប់រំដោយឈរលើគោលការណ៍ ទាន់សម័យ និងមានប្រសិទ្ធភាព។ ដោយលោកបានបញ្ជាក់ថា បច្ចុប្បន្ននេះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាមធ្យោបាយក្នុងការរាយការណ៍អំពីករណីគ្រឿងញៀនដ៏មានប្រសិទ្ធភាពខ្ពស់បំផុត ដូច្នេះត្រូវជំរុញការផ្សព្វផ្សាយ ជំរុញការប្រើប្រាស់នៅតាមមូលដ្ឋានឲ្យបានច្បាស់លាស់បន្ថែមទៀតផងដែរ។
លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាស់តឿនដល់មន្ត្រីដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន សូមដកខ្លួនថយ និងកែប្រែឥរិយាបថជាបន្ទាន់ ពីព្រោះចាប់ពីអំណឹះតទៅ ការអនុវត្តពាក្យស្លោក ឆ្លុះកញ្ចក់ ងូតទឹកដុសក្អែល ព្យាបាល និងវះកាត់ សម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺលែងឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាលទៀតហើយ ពោលគឺរាជរដ្ឋាភិបាល រួមទាំងក្រសួងមហាផ្ទៃ នឹងចាត់វិធានការវះកាត់សាច់ស្អុយចោលតែម្ដង។

ប្រមុខក្រសួងមហាផ្ទៃ ក៏បានរំលេចនូវកិច្ចការសំខាន់ៗមួយចំនួនទៀត ដែលឯកឧត្តមផ្ទាល់ និងលោកសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តី ត្រូវការការចូលរួមពង្រឹងការអនុវត្តពីក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាពនៃការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ប្រមុខក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍ត្រង់ៗថា បញ្ហាគ្រឿងញៀននៅកម្ពុជា បើមិនមានការពាក់ព័ន្ធនឹងមន្ត្រីជាអ្នកអនុវត្តច្បាប់មួយចំនួននោះទេ ប្រាកដណាស់បញ្ហានេះមិនធំដុំដូចបច្ចុប្បន្នឡើយ។  ដូច្នេះលោកបានព្រមានឱ្យដកខ្លួនចេញជាបន្ទាន់ និងកុំពាក់ព័ន្ធ ព្រមទាំងបានណែនាំដល់មន្ត្រីមានសមត្ថកិច្ចទាំងអស់ ខិតខំពន្លាតការស្រាវជ្រាវដោយផ្តោតទាំងមុខសញ្ញាអ្នកដែលប្រព្រឹត្ត និងមុខសញ្ញាដែលពាក់ព័ន្ធជាខ្នងបង្អែក៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print