ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកនៅតែរក្សាទំនាក់ទំនងផ្ទាល់ខ្លួនដ៏ល្អជាមួយលោក គីម ជុងអ៊ុន ហើយបានពណ៌នាកូរ៉េខាងជើងថាជា «មហាអំណាចនុយក្លេអ៊ែរ» ជាលើកទីពីរចាប់តាំងពីឡើងកាន់តំណែង។
យោងតាម Yonhap កាលពីថ្ងៃទី 13 ខែមីនា ប្រធានាធិបតីអាមេរិក Donald Trump បានធ្វើអត្ថាធិប្បាយអំពីស្ថានភាពទំនាក់ទំនងជាមួយមេដឹកនាំកូរ៉េខាងជើង Kim Jong Un ក្នុងសន្និសីទសារព័ត៌មានមួយ។
នៅពេលត្រូវបានសាកសួរដោយក្រុមអ្នកសារព័ត៌មានអំឡុងជំនួបជាមួយប្រមុខ NATO លោក Mark Rutte ថាតើរូបលោកមានផែនការបង្កើតទំនាក់ទំនងជាមួយលោក គីម ដែរឬទេ លោក ត្រាំ បានឆ្លើយថា «ខ្ញុំនឹងបង្កើត…ខ្ញុំមានទំនាក់ទំនងដ៏អស្ចារ្យជាមួយលោក គីម ជុងអ៊ុន ហើយយើងនឹងបានឃើញថានឹងមានអ្វីកើតឡើង ប៉ុន្តែជាការពិត គាត់គឺជាមហាអំណាចនុយក្លេអ៊ែរមួយ»។
កាលពីថ្ងៃទី២០ ខែមករាកន្លងទៅ ពោលជាថ្ងៃស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិទី២របស់លោក លោក ត្រាំ ក៏ធ្លាប់បានហៅកូរ៉េខាងជើងថាជាមហាអំណាច នុយក្លេអ៊ែរមួយផងដែរ ដោយបង្កឱ្យមានការចោទសួរថាតើលោកអាចនឹងបន្តស្វែងរកកិច្ចចរចាកាត់បន្ថយអាវុធនុយក្លេអ៊ែរ ជាជាងកិច្ចប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែរ ឬក៏យ៉ាងណា ខណៈកាលពី អាណត្តិទី១ កិច្ចប្រជុំកំពូលរបស់លោក ត្រាំ ជាមួយលោក គីម ជុងអ៊ុន បានទទួលបរាជ័យ៕
រូបថត: NYT