សម្ដេចតេជោ ហ៊ុន សែន៖​ ពន្យល់ពីជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងចិន ដោយចាត់ទុកចិនចូលរួមចំណែកផ្គត់ផ្គង់វត្ថុធាតុដើមដល់កម្ពុជាសម្រាប់ផលិតនាំចេញទៅក្រៅប្រទេស

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា ចិនបានចូលរួមចំណែកក្នុងការផ្គត់ផ្គង់វត្ថុធាតុដើមក្នុងការយកមកផលិតនៅក្នុងប្រទេសកម្ពុជា ដើម្បីនាំចេញទៅកាន់បណ្ដាប្រទេសផ្សេងៗលើលោក។

ក្នុងឱកាសសម្ដេចតេជោអញ្ជើញជាអធិបតី ក្នុងពិធីពិសាភោជនាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជានាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងពីទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន ដោយសម្ដេចបានលើកឡើងថា បច្ចុប្បន្ននេះកម្ពុជានាំទំនិញចូលពីចិនច្រើន ព្រោះកម្ពុជាមានតម្រូវការ នាំវត្ថុធាតុដើមមួយចំនួនពីចិន ដើម្បីយកមកផលិតនៅក្នុងប្រទេសកម្ពុជា ដើម្បីនាំចេញទៅកាន់បណ្ដា ប្រទេសផ្សេងៗលើលោក។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា «ត្រូវយល់ដឹងឱ្យបានច្បាស់រវាងកម្ពុជា និងចិន កម្ពុជានាំចេញទៅកាន់ប្រទេសចិនមានចំនួនតិចជាង កម្ពុជានាំចូលពីប្រទេសចិនមកវិញ […..] ដោយសារតែនៅកម្ពុជា ត្រូវការប្រើប្រាស់វត្ថុធាតុដើម ដែលនាំចូលពីប្រទេសចិន ពិសេសសាច់ក្រណាត់ ដើម្បីបម្រើឱ្យរោងចក្រកាត់ដេរនៅកម្ពុជា ហើយតាមរយៈរោងចក្រកាត់ដេរទាំងនោះ បានកាត់ដេរវត្ថុធាតុដើម ដែលបាននាំចូលពីប្រទេសចិន ដើម្បីនាំចេញទៅប្រទេសក្រៅ»។

សម្តេចតេជោ ហ៊ុនសែនធ្លាប់បានលើកឡើងថា ចិនគឺជាមិត្តដ៏ធំបំផុត ជាដៃគូ និងជាអ្នកគាំទ្រដ៏គួរទុកចិត្តបំផុតសម្រាប់កម្ពុជា ។ សម្ដេចអរគុណមិត្តចិន ដែលគាំទ្រកម្ពុជាជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ស្របតាមបរិបទ និងលក្ខណៈដោយ ឡែករបស់កម្ពុជា រួមទាំងផ្តល់ជំនួយអភិវឌ្ឍន៍ជាច្រើនដល់កម្ពុជាកន្លងមក ជំនួយរបស់មិត្តចិនមិនត្រឹមតែចូលរួមដល់ការអភិវឌ្ឍជាតិប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងជួយពង្រឹងឯករាជ្យភាពរបស់កម្ពុជាផងដែរ ។

សូមបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន៤៤គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៣២១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ២៥ពាន់កន្លែង នៅក្នុងនេះ ចិនជាប្រភពទុនវិនិយោគឈានមុខគេនៅកម្ពុជាគឺស្មើនឹងមានប្រមាណជិត៨៧ភាគរយនៃទុនវិនិយោគសរុប៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print