កម្លាំងសមត្ថកិច្ច​ខេត្តពោធិ៍សាត់​ ចុះត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការបើកបរក្រោមឥទ្ធិពលនៃ គ្រឿងស្រវឹង សារធាតុញៀន និងអាវុធជាតិផ្ទុះខុសច្បាប់

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចចម្រុះខេត្ត​ ដឹកនាំ​ដោយ​លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរង ផែនការងារនគរបាលសណ្តាប់ធ្នាប់ បានដឹកនាំកម្លាំង នៃ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំង នៃការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន និងកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ចុះធ្វើការត្រួតពិនិត្យ រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការបើកបរក្រោមឥទ្ធិពលនៃ គ្រឿងស្រវឹង សារធាតុញៀន និងការប្រើប្រាស់អាវុធជាតិផ្ទុះខុសច្បាប់ និងត្រួតពិនិត្យយានយន្តតុបតែង បំពាក់សម្ភារៈ ភ្លើងបំភ្លឺខុសលក្ខណៈបច្ចេកទេស ។

កិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយដាក់ គោលដៅត្រួតពិនិត្យជាតិស្រវឹងនិងសារធាតុញៀនអាវុធជាតិផ្ទុះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៨២-១៨៣ ស្ថិតក្នុងភូមិដង្គា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

លោកវរសេនីយ៍ទោ ឃន សុខា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានប្រាប់ឲ្យដឹងថា ក្នុងសហប្រតិបត្តិការចុះត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងសារធាតុញៀន និងអាវុធជាតិផ្ទុះ នេះ ប្រើប្រាស់កម្លាំងនគរបាលសរុបចំនួន ៣៧នាក់ ក្នុងនោះ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តចំនួន ២៦ នាក់បានសហការជាមួយកម្លាំងផែនការងារប្រឆាំងគ្រឿងញៀនចំនួន០៦នាក់ កម្លាំងអធិការក្រុង ០៥នាក់ ក្រោមការដឹកនាំ ដោយផ្ទាល់ របស់លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរងផែនការងារនគបាលសណ្ដាប់ធ្នាប់ ។

...

លោកនាយការិយាល័យ​ បានបន្តថា ក្នុងការត្រួតពិនិត្យនេះ មានយានយន្តចូលគោលដៅសរុប ចំនួន៦៨គ្រឿង ក្នុងនោះបានត្រួតពិនិត្យអាកុលបានចំនួន ៤៥គ្រឿង លទ្ធផលគ្មាន និងបានត្រួតពិនិត្យរថយន្តបើកបរបំពាក់ភ្លើងខុសលក្ខណៈបច្ចេកទេស ដោយបានដោះភ្លេីងចេញព្រមទាំងអប់រំចំនួន២៣គ្រឿង បានធ្វើតេសសារធាតុញៀន លើអ្នកបើកបររថយន្តចំនួន១៥គ្រឿង លទ្ធផលគ្មាន ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print