ប្រទេសចិន៖ យោងតាមគេហទំព័រ «CCFR China state-controlled media » បានចុះផ្សាយថា៖ ក្នុងសន្និសីទកាសែតជាប្រចាំថ្ងៃទី ១៤ ខែមីនា ម្សិលមិញនេះ មានអ្នកកាសែតបានសួរថា ៖ ថ្ងៃទី ១៣ ខែមីនា ប្រធានាធិបតីតាជីគីស្ថាននិងកៀហ្ស៊ីស៊ីស្ថានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអំពីព្រំដែនរវាងប្រទេសទាំងពីរ ដែលបានដោះស្រាយបញ្ហាព្រំដែនរវាងគ្នាទាំងស្រុង។ តើភាគីចិនវាយតម្លៃយ៉ាងណាចំពោះករណីនេះ?
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ភាគីចិនចូលរួមអបអរសាទរការដែលតាជីគីស្ថាននិងកៀហ្ស៊ីស៊ីស្ថានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអំពីព្រំដែន ហើយវាយតម្លៃយ៉ាងខ្ពស់លើមេដឹកនាំប្រទេសទាំងពីរដែលបានដើរតួនាទីគន្លឹះក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីនិងពិគ្រោះពិភាក្សា។ នេះមានប្រយោជន៍ដល់សន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពក្នុងតំបន់ ។
ក្នុងនាមជាប្រទេសជិតខាងដ៏មេត្រីភាពនិងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ភាគីចិនមានឆន្ទៈខិតខំជាមួយតាជីគីស្ថាននិងកៀហ្ស៊ីស៊ីស្ថាន បន្តជំរុញការរាប់អានគ្នារវាងប្រទេសជិតខាងនិងកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍គ្នាគ្រប់ជ្រុងជ្រោយ ដើម្បីពួតដៃគ្នាកសាងសហគមន៍រួមវាសនាចិន-អាស៊ីកណ្តាលឱ្យកាន់តែជិតស្និទ្ធ៕ដោយ៖តារា