សន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៥ ត្រូវបានបញ្ចប់ប្រកបដោយភាពជោគជ័យ និងលទ្ធផលជាផ្លែផ្កាយ៉ាងច្រើន

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ នេះ, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមជាមួយ លោកបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកស្រី ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៥។ សន្និបាតនេះ បានឈានមកដល់ទីបញ្ចប់ បន្ទាប់ពីបានប្រព្រឹត្តទៅដោយរលូនអស់រយៈពេល ២ថ្ងៃកន្លះ ប្រកបដោយបរិយាកាសស្និទ្ធស្នាល សាមគ្គីភាព និងស្មារតីទទួលខុសត្រូវខ្ពស់។

បន្ទាប់ពីឆ្លងកាត់កិច្ចពិភាក្សាដេញដោលយ៉ាងសកម្ម និងផុលផុសអស់រយៈពេលជិត ៣ថ្ងៃ លើបទបង្ហាញចំនួន ៤ និងប្រធានបទពិភាក្សាដ៏មានសារៈសំខាន់ចំនួន ២, អង្គសន្និបាតបានសម្រេចរួមគ្នាក្នុងការដាក់ចេញនូវដំណោះស្រាយចំពោះបញ្ហាប្រឈមពាក់ព័ន្ធនានា ដែលដំណោះស្រាយរួមនេះនឹងត្រូវរៀបចំចេញជាសេចក្តីសម្រេចចិត្តរបស់អង្គសន្និបាត ដែលនឹងត្រូវប្រកាសដាក់ចេញដោយមានការចុះហត្ថលេខារបស់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌, លោកបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និង លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល។

សូមគូសបញ្ជាក់ផងដែរថា សេចក្ដីសម្រេចចិត្តរបស់សន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៥ ដែលនឹងត្រូវប្រកាសដាក់ចេញក្នុងពេលឆាប់ៗខាងមុខនេះ ក៏នឹងក្លាយជាគោលការណ៍រួម និងស្មារតីរួម បន្ថែមទៀត សម្រាប់ជាគតិច្បាប់ដែលត្រូវអនុវត្តដោយសាលាជម្រះក្ដី និងអង្គការអយ្យការអមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យបាននូវសង្គតិភាព ឯកភាព និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ក្នុងការផ្តល់យុត្តិធម៌ឱ្យបានត្រឹមត្រូវ និងប្រកបដោយទំនុកចិត្តជូនប្រជាពលរដ្ឋ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print