សម្ដេចតេជោ ហ៊ុន សែន ស្នើឧកញ៉ាកម្ពុជា វិនិយោគដំណាំស្វាយចន្ទី

ចែករំលែក៖

ភ្នំពេញ ៖ កម្ពុជាមានដំណាំស្វាយចន្ទីច្រើន ប៉ុន្តែវត្ថុធាតុដើមមួយចំនួនធំ ត្រូវបាននាំចេញទៅកាន់ប្រទេសវៀតណាម ដើម្បីកែច្នៃជំនួស។ បញ្ហានេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី បានស្នើឱ្យសមាគមឧកញ៉ា ជួយវិនិយោគលើការកែច្នៃបន្ថែម ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំ លើកទី២ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការឆ្នាំ២០២៥» របស់សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១៤ ខែមីនា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាកំពុងប្រែក្លាយខ្លួនទៅជាប្រទេសផលិតគ្រាប់ស្វាយចន្ទីស្រស់ច្រើនជាងគេលើពិភពលោក ប៉ុន្តែ អ្វីដែលជាបញ្ហានោះ គឺមិនមានលទ្ធភាពកែច្នៃច្រើនដោយខ្លួនឯង។ ក្នុងមួយឆ្នាំៗ កម្ពុជាត្រូវលក់គ្រាប់ស្វាយចន្ទីស្រស់ប្រមាណ៨០ម៉ឺនតោន ទៅប្រទេសវៀតណាម ដើម្បីកែច្នៃបន្ត។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមឲ្យសមាគមឧកញ៉ា ដែលមានអ្នកវិនិយោគច្រើននៅទីនេះ ជួយទៅដល់វិស័យកសិកម្ម ការគាំទ្រនូវតម្លៃស្រូវ និងតម្លៃកសិផល ជាពិសេសតម្លៃស្រូវ ច្រើនតែពិបាក»។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅពេលដែលវិបត្ដិស្រូវ ដែលប្រជាជនត្រូវការលក់ មានឧកញ៉ាខ្លះ គាត់ត្រូវការជួយឧបត្ថម្ភប្រជាជនជាអង្ករ ដូច្នេះឧកញ៉ាទាំងអស់ អាចទៅជួយទិញស្រូវ ដើម្បីមកកិនទៅជាអង្ករ ហើយយកទៅចែកចាយជូនប្រជាជន ឬក៏ដូចជាកម្មកររបស់ខ្លួន។
បន្ថែមពីនោះទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់ឲ្យគួរតែពិនិត្យអំពីការខិតខំ ដើម្បីបង្កើតតម្លៃបន្ថែម តាមរយៈនូវផលិតកម្មកសិកម្ម ដែលកម្ពុជាមានច្រើនណាស់ ដូចជាស្វាយចន្ទីជាដើម ដែលកម្ពុជាកំពុងតែប្រែក្លាយទៅជាប្រទេស ដែលដាំស្វាយចន្ទីស្រស់ច្រើងជាងគេ នៅលើពិភពលោកផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើសិនជាកម្ពុជា ដាំដំណាំឧស្សាហកម្មបានច្រើន ដូចជាស្វាយចន្ទី ទន្ទឹមនឹងលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ ក៏អាចបង្កើតបាននូវ គម្រប់ព្រៃឈើកាន់តែធំ ដែលធានាឲ្យភាពបៃតង របស់កម្ពុជា ដែលចំណុចនេះ គួរតែត្រូវបានរួមគ្នា ឲ្យកម្ពុជាក្លាយទៅជាកសិឧស្សាកម្ម និងកសិពាណិជ្ជកម្ម៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print