កម្ពុជាមានសុខដុមរមនាសាសនា និងរក្សាបានគុណតម្លៃសាមគ្គី រវាងជាតិសាសន៍ មិនប្រកាន់និន្នាការជ្រុលនិយម

ចែករំលែក៖

ភ្នំពេញ ៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាមានសុខដុមរមនាសាសនា និង រក្សាបាននូវគុណតម្លៃ នៃសាមគ្គីភាព រវាងជាតិសាសន៍ និងសាសនាផ្សេងៗទៀត ដោយមិនប្រកាន់យកនូវនិន្នាការជ្រុលនិយម នោះទេ។

ការលើកឡើង របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើង កាលពីថ្ងៃទី១៤ ខែមីនា  ក្នុងឱកាសអញ្ជើញជាអធិបតីរួមគ្នា ជាមួយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងព្រះរាជពិធីស្រោច ស្រពព្រះសុគន្ធវារី ថ្វាយ និងប្រគេនសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្ដេចព្រះសង្ឃនាយករង និង សម្ដេចចំនួន៦ព្រះអង្គ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «នៅព្រះរាជាណាចក្រកម្ពុជា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ហើយសេរីភាពខាងជំនឿ និងការប្រណ៍ប័តន៍សាសនាដទៃទៀត ត្រូវបានធានា ក្នុងលក្ខខណ្ឌ ដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃទៀត។ ជាក់ស្ដែង កម្ពុជាមានសុខដុមរមនា សាសនា និង រក្សាបាននូវគុណតម្លៃនៃសាមគ្គីភាព រវាងជាតិសាសន៍ និងសាសនាផ្សេងៗគ្នា ដោយមិនមានការប្រកាន់ យកនូវនិន្នាការជ្រុលនិយម នោះទេ»។

ជាមួយគ្នានេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗ គួរឲ្យកត់សម្គាល់ ក្នុងវិស័យធម្មការ និងសាសនា។

«ព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារី នាថ្ងៃនេះ ក៏ជាសក្ខីកម្មថ្មីមួយទៀត នៃការរីកចម្រើនខាងព្រះពុទ្ធសាសនា ដែលប្រជាពលរដ្ឋកម្ពុជាបាននិងកំពុងរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជំ»។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ព្រះពុទ្ធសាសនា ជាមរតកដូនតាខ្មែរ ហើយការបង្រៀនរបស់ព្រះពុទ្ធ ជាប្រភពនៃសេចក្តីស្រឡាញ់, បញ្ញាញាណ, សន្តិភាពផ្លូវចិត្ត និង បានជ្រួតជ្រាប ក្នុងស្មារតី, ផ្នត់គំនិត, អារម្មណ៍, ឥរិយាបថ, សកម្មភាពរបស់ប្រជាជនខ្មែរ ដែលបានបង្ហាញឲ្យឃើញច្បាស់ តាមរយៈចរិតរួសរាយរាក់ទាក់ ស្មោះត្រង់ សុភាពរាបសារ ទន់ភ្លន់ និងម៉ឺងម៉ាត់៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print