នគរបាលជំនាញស្រាវជ្រាវបង្ក្រាបករណីលាក់កំបាំងសាកសពជនរងគ្រោះធ្លាក់ពីលើអគារ ដោយយកសពទៅកប់ចោលនៅស្រុកពញាក្រែកខេត្តត្បូងឃ្មុំ

ចែករំលែក៖

​ ខេត្តត្បូឃ្មុំ៖ មានករណីប្រទះឃើញសាកសពបុរសម្នាក់ ជាជនជាតិចិន ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៦ និង៣០នាទី នៅចំណុចចំការស្វាយចន្ទីមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងផ្លុងទី២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ យ៉ាងយកចិត្តទុកដាក់ ដោយកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមមនុស្សមួយចំនួនដែលពាក់ព័ន្ធយកសាកសពទៅកប់ចោលដោយពុំបានរាយការណ៍ជូនសមត្ថកិច្ច។

លុះនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១២៖១០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៧នាក់។ ក្រោយពីបានធ្វើការសាកសួរជនសង្ស័យខាងលើ ចំនួន៤រួមមាន៖

*ទី១៖ឈ្មោះ XIAO LIN ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន
*ទី២៖ឈ្មោះ XU NINGXUN ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន
*ទី៣៖ឈ្មោះ SAI AUNG KHAY ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា
*ទី៤៖ឈ្មោះ ANGTA AILAI ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា

បានឆ្លើយសារភាពប្រហាក់ប្រហែលគ្នាថា កាលពីថ្ងៃទី២៧ ខែកុម្ភ:​ ឆ្នាំ២០២៥ ពួកខ្លួនពិតជាបានធ្វើសកម្មភាពយកជនរងគ្រោះធ្លាក់ពីលើអគារ តែជនរងគ្រោះស្លាប់តាមផ្លូវហើយក៏ដឹកសាកសពទៅកប់នៅក្នុងចំការស្វាយចន្ទីមួយកន្លែង ស្ថិតភូមិត្រពាំងផ្លុងទី២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ប្រាកដមែន។ ចំណែកឯមនុស្សចំនួន៣នាក់ទៀត គឺមិនមានការជាប់ពាក់ព័ន្ធក្នុងករណីខាងលើឡើយ។

ក្រោយបញ្ចប់ការសួរនាំ ជនដៃដល់ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print