ក្រុម Houthi វាយប្រហារលើនាវាផ្ទុកយន្តហោះអាមេរិក

ចែករំលែក៖

កងកម្លាំង Houthi បានប្រកាសថា ពួកគេបានបាញ់កាំជ្រួច និង UAV ជាបន្តបន្ទាប់ទៅលើនាវាផ្ទុកយន្តហោះ Truman ហើយមន្ត្រីអាមេរិកបានប្រកាសថា ពួកគេបានបាញ់ទម្លាក់អាវុធទាំងអស់នេះ។

លោក Yahya Saree អ្នកនាំពាក្យក្រុមប្រដាប់អាវុធ Houthi នៅក្នុងប្រទេសយេម៉ែន បានប្រកាសថា ថ្ងៃនេះ កម្លាំងបានបាញ់កាំជ្រួចផ្លោងនិងមីស៊ីលចំនួន ១៨ គ្រាប់ និងយន្តហោះគ្មានមនុស្សបើក (UAV) តម្រង់គោលដៅលើនាវាផ្ទុកយន្តហោះ USS Harry S. Truman និងនាវាចម្បាំងអមដំណើររបស់ខ្លួននៅសមុទ្រក្រហមភាគខាងជើង។
លោក Saree មិនបានបញ្ជាក់ពីលទ្ធផលនៃការប្រយុទ្ធនោះទេ ប៉ុន្តែបាននិយាយថា វាគឺជាយុទ្ធនាការសងសឹកចំពោះការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក ដែលបានសម្លាប់មនុស្សចំនួន 53 នាក់ និងរបួស 98 នាក់ផ្សេងទៀតនៅក្នុងប្រទេសយេម៉ែនកាលពីថ្ងៃទី 15 ខែមីនា។
លោក Saree បាននិយាយថា “យើងនឹងមិនស្ទាក់ស្ទើរក្នុងការកំណត់គោលដៅលើនាវាចម្បាំងអាមេរិកទាំងអស់នៅក្នុងសមុទ្រក្រហម និងសមុទ្រអារ៉ាប់ ដែលចូលរួមក្នុងយុទ្ធនាការវាយប្រហារប្រទេសរបស់យើង”។ “យើងនឹងបន្តការបិទផ្លូវសមុទ្រប្រឆាំងនឹងអុីស្រាអែល និងហាមឃាត់នាវាទាំងនេះមិនឱ្យឆ្លងកាត់តំបន់ដែលបានកំណត់រហូតដល់ការផ្គត់ផ្គង់ចាំបាច់ត្រូវបានបញ្ជូនទៅតំបន់ហ្គាហ្សាស្ទ្រីប”។
មន្ត្រីអាមេរិកបាននិយាយនៅថ្ងៃដដែលនោះថា កងកម្លាំង Houthi បានបាញ់ UAV ចំនួន ១១ គ្រឿង និងកាំជ្រួចផ្លោងមួយគ្រាប់ទៅក្រុមវាយប្រហារនាវាផ្ទុកយន្តហោះ Truman ។ អាមេរិកបានបាញ់ទម្លាក់ UAVs ទាំងអស់នេះ កាំជ្រួចបានធ្លាក់ចូលទៅក្នុងសមុទ្រ ហើយមិនបានហោះក្នុងគន្លងដែលអាចគំរាមកំហែងដល់នាវាចម្បាំងអាមេរិកឡើយ។
មន្ត្រីអាមេរិកនិយាយថា ពួកគេនឹងបន្តការវាយប្រហារតាមផ្លូវអាកាស រហូតដល់ក្រុម Houthis បញ្ឈប់ការវាយប្រហារលើនាវាដឹកទំនិញឆ្លងកាត់សមុទ្រក្រហម។ អង្គការសហប្រជាជាតិបានអំពាវនាវឱ្យភាគីទាំងពីរបញ្ឈប់សកម្មភាពយោធាទាំងអស់។
នេះជាលើកទីមួយហើយដែលក្រុម Houthis បានវាយប្រហារលើនាវាចម្បាំងអាមេរិកក្នុងរយៈពេលជាងពីរខែ។ កម្លាំងមិនបានវាយប្រហារលើនាវាណាមួយដែលឆ្លងកាត់សមុទ្រក្រហម និងឈូងសមុទ្រ Aden ចាប់តាំងពីថ្ងៃទី 19 ខែមករា នៅពេលដែលបទឈប់បាញ់នៅតំបន់ Gaza Strip រវាងអុីស្រាអែល នឹងក្រុមហាម៉ាសបានចូលជាធរមាន៕ ដោយធីរីណា

...

រូបថត​: Vietnamnet

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print