ខេត្តព្រៃវែង៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឱ្យដឹងថា៖ ជារួម សន្តិសុខទូទាំងខេត្តព្រៃវែងត្រូវបានពង្រឹងទ្វេគុណ ដោយឡែកទីរួមខេត្តព្រៃវែងសន្តិសុខនឹងរិតបន្តឹងខ្លាំងជាងឆ្នាំណាៗទាំងអស់ ។ ការខិតខំរបស់មន្ត្រីគ្រប់ជាន់ថ្នាក់ទិសដៅគឺធានាឱ្យបាន ភាពសុខដុមរីករាយរបស់ប្រជាជនដែលមានវត្តមាននៅខេត្តព្រៃវែង ។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានបន្តថា ខ្ញុំជឿជាក់ថា ពីថ្ងៃនេះតទៅ ស្រទាប់យុវជនក្មេងៗកាន់តែយល់ពីកិត្តិយសសេចក្តីថ្លៃថ្នូររបស់អ្នកខេត្តព្រៃវែង ហើយចូលរួមលើកស្ទួយតាមរយៈឈប់ប្រព្រឹត្តអំពើពាលាអាវ៉ាសែផ្សេងៗគ្រប់ទំរង់ ខិតខំធ្វើជាកូនល្អ សិស្សល្អ ប្រជាជនល្អគ្រប់កាលៈទេសៈ ។
បន្ថែមពីនេះ លោកស្នងការខេត្ត ក៏បានសង្កត់ធ្ងន់ថា ខ្ញុំយល់ថា គ្រប់ដែនដីនៃខេត្តព្រៃវែង បើទីណាមានក្មេងពាលាអាវ៉ាសែប្រព្រឹត្តបទល្មើសដោយសេរីបានទីនោះពុំគួរមាននគរបាលនៅបន្តទៀតឡើយ ក៏ប៉ុន្តែបើនគរបាលនៅមានវត្តមាន ក្មេងទំនើងទាំងឡាយក៏គួរចំណាកស្រុកទៅឆ្ងាយទៅ ។ មិនជឿអាចសាកល្បងបាន!