ខេត្តកណ្តាល ៖ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ ហ៊ុនសែន សេរីភាព នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតីហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ថា ត្រូវតែមានមូលដ្ឋានគ្រឹះរឹងមាំចាប់ពីថ្នាក់បឋមសិក្សារហូតដល់វិទ្យាល័យ ដើម្បីមានមូលដ្ឋានពេលទៅសិក្សាថ្នាក់មហាវិទ្យាល័យ ដើម្បីចេញទៅបម្រើការងារទាំងក្នុងវិស័យរដ្ឋនិងឯកជនត្រូវតែជាអ្នកចេះពិតប្រាកដ។
សម្តេចធិបតីបន្តថា ក្នុងនោះក៏ត្រូវរួមគ្នាពង្រឹងអប់រំបណ្តុះបណ្តាលលើអត្តចរិត និងឥរិយាបថផងដែរ ដើម្បីបានធនធានមនុស្សដ៏មួយល្អនៅក្នុងសង្គមជាតិ។
សំឡេង “បឋមសិក្សាគឺជាមូលដ្ឋាន មធ្យមសិក្សាកម្រិត១ កម្រិត២ដែលយើងថា អនុវិទ្យាល័យ វិទ្យាល័យនេះយើងត្រូវតែធ្វើ ។ ដូចខ្ញុំនិយាយ១២ឆ្នាំនេះ បើរឹងមាំ១២ឆ្នាំហើយ គឺយើងអាចមិនព្រួយបារម្ភពេលទៅប្រឡងមន្រ្តី។ មន្រ្តីចូលទៅគាត់អាចមានសមត្ថភាព កុំឲ្យចូលប្រឡងជាប់ ចូលទៅសរសេរអក្សរមិនត្រង់ជួរឬយ៉ាងម៉េច?” ។
សម្តេចនាយករដ្ឋមន្រ្តីបន្ថែមថា ដូច្នេះក្នុងអាណត្តិទី៧ដែលដឹកនាំដោយសម្តេចផ្ទាល់បានច្បិចយកកត្តាអប់រំជាចម្បង ដោយបានបង្កើតគណៈកម្មការអប់រំ ដើម្បីពង្រឹងវិស័យអប់រំកម្ពុជាដែលផ្តោតលើបឋមសិក្សាមុនគេ ។ ក្នុងនោះបានកំណត់យកសាលាប្រមាណជា៧ពាន់សាលា ក្នុងចំណោមជាង១ម៉ឺនសាលាធ្វើជាគោលដៅក្នុងការបណ្តុះបណ្តាលឲ្យមានចំណេះវិជ្ជាពិតប្រាកដដោយអនុវត្តជាជំហានៗ ទោះបីជាសាលាខ្លះមានបំពាក់កុំព្យូទ័រ និងអត់កុំព្យូរទ័រក៏ដោយ ក៏ត្រូវពង្រឹងលើចំណេះជំនាញ និងអាកប្បកិរិយាឲ្យបានសមរម្យ ៕
ដោយ ៖ សិលា