ភ្នំពេញៈ រថយន្តមួយគ្រឿងដឹកទូផ្សព្វផ្សាយពាណិជ្ជកម្មខ្ពស់ពេក បានបេីកទាក់ខ្សែភ្លើងកាត់ទទឹងផ្លូវ បង្កឲ្យឆ្លងចរន្តអគ្គិសនីឆាបឆេះសន្ធោសន្ធៅ ផ្អើលអស់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញរថយន្តអន្តរាគមន៍បាញ់ទឹកពន្លត់ ។
ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២១ខែមីនាឆ្នាំ២០២៥ នៅម្តុំផ្សារបឹងត្របែក ផ្លូវ៩៩កែងផ្លូវ៤៣៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីពលរដ្ឋបានអោយដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់បានបេីករថយន្តម៉ាកHINO ពណ៌ខៀវ ពាក់ស្លាកលេខ ចង្កូតស្តាំ PP.4078 បានដឹកទូឈេីផ្សព្វផ្សាយពាណិជ្ជកម្មខ្ពស់ពេក ធ្វើដំណើរតាមបណ្តោយផ្លូវ៩៩ក្នុងទិសដៅពីត្បូងទៅជេីង លុះមកដល់ចំណុចកេីតហេតុដែលជាផ្លូវបំបែកជាបួន ក៏ស្រាប់តែជ្រុលទៅទាក់នឹងខ្សែភ្លើងនិងខ្សែអុបទិក អូសកាត់ទទឹងផ្លូវ បណ្ដាលឲ្យទាញបង្គោលភ្លើងដែលនៅក្បែរនោះផ្ទុះឆេះចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ ផ្អេីលប្រជាពលរដ្ឋនៅទីនោះនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់អស់ជាច្រើនបំពង់តែមិនអាចទប់ស្កាត់បាន ទេីបរាយការណ៍ជូនកម្លាំងសមត្ថកិច្ចមូលដ្ឋានដេីម្បីសុំជំនួយរថយន្ដបង្ការពន្លត់អគ្គិភ័យអោយមកជួយអន្តរាគមន៍បាញ់ពន្លត់ផងដែរ ។
ហេតុការណ៍នេះបន្តិចក្រោយមករថយន្តបង្ការនិងពន្លត់អគ្គីភ័យរបស់ការិយាល័យនៃស្នងការដ្ឋានរាជធានីភ្នំពេញបានចេញអន្តរាគមន៍ចំនួន៣គ្រឿង ដោយសហការជាមួយមន្ត្រីអគ្គិសនីកម្ពុជា ធ្វើការផ្តាច់ចរន្តភ្លើងហេីយបានបាញ់ទឹកពន្លត់អស់ទឹក១រថយន្ដទេីបធ្វើអោយភ្លើងរលត់ទៅវិញនៅវេលាម៉ោង១២យប់ថ្ងៃដដែល។
សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះមិនបង្កអោយគ្រោះថ្នាក់ដល់មនុស្សណាម្នាក់និងរាលដាលដល់ផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋណានោះទេ គឺគ្រាន់តែខូចប្រអប់ភ្លើង ខ្សែភ្លើងក៏ដូចជាខ្សែអុបទិកអស់មួយចំនួនធំតែប៉ុណ្ណោះ ចំណែករថយន្ដបង្កអត់រងការខូចខាតអ្វីនោះទេ តែអ្នកបេីកបរបានចុះគេចខ្លួនបាត់ស្រមោល ។
ក្រោយកេីតហេតុរថយន្ដត្រូវសមត្ថកិច្ចជំនាញចរាចរណ៍យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដេីម្បីរង់ចាំដំណោះស្រាយ៕
ដោយ៖សុខាសែនជ័យ
