អតិថិជនតម្រូវឲ្យមេអគ្គិសនីកម្ពុជាបកស្រាយអំពីការផ្តល់នូវសេវាពិតប្រាកដដល់ពួកគាត់

ចែករំលែក៖

ភ្នំពេញ៖ បញ្ហាការប្រើប្រាស់ចរន្តអគ្គិសនីនៅតែជាក្តីបារម្ភរបស់ប្រជាពលរដ្ឋ ស្ទើរតែគ្រប់ខណ្ឌរាជធានីភ្នំពេញ លើកំណើននៃការបង់ថ្លៃភ្លើងមានចំនួនខ្ពស់ បើទោះជា ការប្រើប្រាស់គិតជាធម្យមភាគតិចជាងពេលមុនៗក៏ដោយ ។

keo-ratanak-2015-07-24

ប្រជាពលរដ្ឋបានលើកជាចម្ងល់ទៅកាន់លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា មេត្តាបកស្រាយអំពីការផ្តល់នូវសេវាពិតប្រាកដដល់ប្រជាពលរដ្ឋ ។ ក្នុងនោះពួកគាត់បានលើកឡើងថា ក្នុងរយៈពេលកន្លងមកនេះ អគ្គិសនីកម្ពុជាដែលតែងតែបង្កការថ្នាំងថ្នាក់ដល់អតិថិជន អ្នកប្រើប្រាស់សេវាអគ្គិសនី ហើយអគ្គិសនីកម្ពុជាជាអ្នកផ្គត់ផ្គង់គួរណាស់តែផ្តល់សេវា ជូនអតិថិជនត្រូវកំណត់ឲ្យបានច្បាស់លាស់ ។ ពួកគាត់លើកជាសំណួរថា៖

១ ការលួចបិទភ្លើងមិនបានជូនដំណឹង ឬផ្តល់ការទាក់ទង ជាមួយនឹងអតិថិជនអ្នកប្រើប្រាស់ជាមុន (សេវាទូរស័ព្ទ ឬសំបុត្រ)

២ ករណីខ្លះ អតិថិជនបានបង់ ប៉ុន្តែបង់ខុសខ្ទង់ ចរន្តលេខកូដរបស់អគ្គិសនីកម្ពុជា នេះជាកំហុសដោយអចេតនា ស្រាប់តែមកលួចបិទភ្លើង បង្កជាបញ្ហា សួរថា តើក្រុមហ៊ុន សហគ្រាស អង្គការ ស្ថានប័ន គ្រឹះស្ថាន ទាំងអស់ដែលកំពុងដំណើរការត្រូវខាតបង់យ៉ាងធ្ងន់នោះ អគ្គិសនីកម្ពុជាជាអ្នកទទួលខុសត្រូវទេ?

៣ ពេលតភ្ជាប់ភ្លើងវិញ តើត្រូវបង់ប្រាក់សេវា១០ម៉ឺនរៀល នេះជាការកំណត់សេវារបស់អគ្គិសនីកម្ពុជា ឬជាសេវាប្រកាសឲ្យប្រើពេលលួចបិទភ្លើង? ហើយបើកវិញ ត្រូវផាកពិន័យ១០ម៉ឺនរៀល ប៉ុន្តែគ្មានអ្នកចុះហត្ថលេខាទទួលខុសត្រូវលើសន្លឹកវិក្កយបត្រទទួលប្រាក់? តើជាសេវាកម្មពុករលួយ ឬជាសេវាកម្មដែលអគ្គិសនីកំណត់យក?

៤ អតិថិជនសំណូមពរដល់ មេអគ្គិសនីកម្ពុជាជួយពិនិត្យដល់មន្ត្រីថ្នាក់ក្រោមផង ព្រោះថ្មីៗនេះ មេអគ្គិសនីកម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ។

កន្លងទៅថ្មីៗនេះ អគ្គិសនីកម្ពុជាដែលបានបកស្រាយតាមសេចក្តីជូនដំណឹងរបស់ខ្លួន បន្ទាប់ពីអតិថិជនជាអ្នកប្រើប្រាស់ចរន្តលើកឡើងពីកំណើននៃការចំណាយប្រាក់ទ្វេដង ។ ប៉ុន្តែការបកស្រាយ ការបំភ្លឺ ហាក់ដូចជាពុំអាចទទួលយកបានដោយប្រជាពលរដ្ឋ ក្នុងនោះអតិថិជនស្ទើរទូទាំងរាជធានីភ្នំពេញបានគាំទ្រយ៉ាងខ្លាំងចំពោះចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយត្រូវតែស៊ើបអង្កេតតាមដាន រកឲ្យឃើញនូវមន្ត្រីអគ្គិសនីដែលសង្ស័យថា ពុករលួយ ។

ប្រជាពលរដ្ឋបានលើកឡើងផងដែរថា មិនត្រឹមតែកើតជាចម្ងល់ជារឿយៗដូចអ្វីដែលបានបញ្ជាក់ខាងលើនេះទេ គឺមានការព្រួយបារម្ភយ៉ាងខ្លាំងទៅលើហានិភ័យដែលអាចកើតឡើងទុស្សេចរន្តតាមបង្គោលភ្លើងនីមួយៗ ខណៈមានការធ្ពក់ខ្សែភ្លើង ខ្សែកាប ខ្សែអុបទិក ទូរស័ព្ទ ដ៏ច្រើនតាន់តាប់ រយីងរយោង តាមផ្លូវសាធារណៈ និងមុខលំនៅឋាន លើលំនៅឋានរបស់ប្រជាពលរដ្ឋនេះជាដើម ។

ដូច្នេះដើម្បីឲ្យមានសុក្រឹតភាព ពួកគាត់ចង់ឲ្យមេអគ្គិសនីកម្ពុជាបកស្រាយឲ្យមានហេតុផល និងអណះអំណាងដែលអាចទទួលយកបាន ពិសេសចំពោះបញ្ហាវិក្កយបត្រទៀតសោត ដែលសរសេរជាភាសាបរទេស និងលេខកុងទ័រ អាចនិយាយបានថា ប្រជាពលរដ្ឋមិនតិចជាង៩០ភាគរយដែលមើលមិនយល់ នេះក៏ជាចំណុចដែលត្រួវព្រួយបារម្ភទៅលើការចំណាយផងដែរ ។

ក្រៅពីនេះ គ្មានប្រជាពលរដ្ឋណាម្នាក់ដែលបានស្គាល់កុងទ័ររបស់ខ្លួន ឬត្រូវបានចូលរួមជាមួយនឹងមន្ត្រី អគ្គិសនី ពេលដែលចុះមកពិនិត្យកុងទ័រ ដើម្បីទូទាត់ប្រាក់នោះឡើយ ។ បញ្ហាទាំងនេះហើយ ដែលភាសាដ៏សាមញ្ញគេនិយាយថា អង្គភាពអគ្គិសនីកម្ពុជា មានប្រៀបលើអតិថិជន ស្ទើរ៩៩ភាគរយទៅហើយ ។

ពាក់ព័ន្ធនឹងការលើកឡើងខាងលើនេះ នគរវត្តមិនអាចសុំការពន្យល់បានទេពីលោកកែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ ដោយគ្មានលេខទូរស័ព្ទ ៕

ដោយ៖ សុខ ខេមរា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print