ភ្នំពេញ ៖ ចាប់ពីថ្ងៃទី២៤ ខែមីនា ដល់ ២៧ ខែមីនា ឆ្នាំ២០២៥ វេទិកាកម្រិតខ្ពស់ នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី៤ ស្តីពី «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ត្រូវបាននិងកំពុងរៀបចំធ្វើឡើង ក្រោមប្រធានបទ៖ «ទំព័រថ្មីនៃសហគមន៍កម្ពុជា-ចិន ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី» រៀបចំឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា។
លោកស្រីបណ្ឌិត ជា វណ្ណី ជាបណ្ឌិតជំនាញអក្សរសិល្ប៍ និងជាប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និងយេនឌ័រ នៃវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់នៅថ្ងៃទី២៥ ខែមីនាថា ក្នុងនាមជាបញ្ញវន្តមួយរូប លោកស្រី យល់ឃើញថា វេទិកានេះមានសារៈប្រយោជន៍យ៉ាងជ្រាលជ្រៅ ព្រោះ ជាវេទិកាវិទ្យាសាស្រ្ត ដែលអ្នកវិទ្យាសាស្ត្រ (អ្នកមានជំនាញ) បានមកជជែកវែកញែកទល់មុខគ្នាដើម្បីសិក្សាពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ធ្វើយ៉ាងណាដើម្បីឱ្យទំនាក់ទំនងរវាងប្រទេសកាន់តែស៊ីជម្រៅ ក្នុងការជួយគ្នាទៅវិញទៅមកក្នុងនាមជាមិត្តដែកថែប ក្នុងនាមជាសហគមន៍ដែលមានអនាគតរួមគ្នា ក្នុងយុគសម័យថ្មីនេះ។
លោកស្រីបន្ថែមទៀតថា វេទិកានេះ បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់កម្ពុជា និងចិន ក្នុងការប្រែក្លាយគំនិតដែលជាចក្ខុវិស័យទៅជាយុទ្ធសាស្ត្រជាក់ស្តែង ដែលផ្តល់អត្ថប្រយោជន៍ដល់សង្គម និងរួមចំណែកដល់ស្ថិរភាពតំបន់ និងពិភពលោក។
លោកស្រីបន្តថា វេទិកានេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង និងការពង្រីកចំណងមិត្តភាពយូរអង្វែង រវាងកម្ពុជានឹងចិន ការជំរុញវិបុលភាពរួម និងការរៀបចំអនាគតដ៏ត្រចះត្រចង់ ពោលគឺវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាល កម្ពុជា-ចិន បានដើរតួនាទីជាមជ្ឈមណ្ឌលនៃកិច្ចសហប្រតិបត្តិការ ផ្នែកបញ្ញាញាណ និងជំរុញកិច្ចសន្ទនារវាងបញ្ញវន្ត អ្នករៀបចំគោលនយោបាយ និងអ្នកដឹកនាំគំនិតនៃប្រទេសទាំងពីរ និងទាំងក្នុងនិង ក្រៅតំបន់។
«នាងខ្ញុំយល់ថា ទំព័រថ្មីនៃសហគមន៍កម្ពុជា-ចិន ដែលមានអនាគតរួមគ្នា ក្នុងយុគសម័យថ្មី គឺមានន័យថា ទំនាក់ទំនងកម្ពុជា-ចិន គឺជាទំនាក់ទំនងមួយដែលកាន់តែស្អិតរមួត ដែលយើងអាចនិយាយបានថា ជាទំនាក់ទំនងរវាងប្រជាជាតិនៃប្រទេសទាំងពីរ រួមរស់ជាមួយគ្នា បើមានសុខទុក្ខក៏រួមគ្នាដែរ ព្រោះក្នុងន័យសហគមន៍មួយ សមាជិកសហគមន៍នោះ ត្រូវមានមនោសញ្ចេតនារួមគ្នា ត្រូវចេះជួយគ្នាទៅវិញទៅមក និងដាក់ផលប្រយោជន៍រួមគ្នាផងដែរ» ។
គួរបញ្ជាក់ថា ក្នុងពេលបើកវេទិកានេះ កាលពីថ្ងៃទី២៤ ខែមីនា បានប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោកសាស្រ្តាចារ្យបណ្ឌិត Zhen Zhanmin អនុប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន៕
ដោយ ៖ សិលា