ភ្នំពេញ ៖ ស្ដ្រីរងគ្រោះដែលជួបគ្រោះថ្នាក់ចរាចរណ៍លើផ្លូវ៦០ម៉ែត្រ កាលពីដើមឆ្នាំ២០២៥ បណ្ដាលឱ្យស្លាប់ប្ដីនិងកូនតូចៗ២នាក់ បានបញ្ជាក់តាមបណ្ដាញសង្គមហ្វេសប៊ុកថា រហូតមកដល់ពេលនេះជិត៣ខែហើយ ខ្លួននៅមិនទាន់បានទទួលសំណងទេ។ ស្ត្រីរងគ្រោះមិនខុសពីនាង (បដាចា) ឡើយ មជ្ឈដ្ឋានទូទៅ អាណិត ខ្លោចផ្សា រន្ធត់ចិត្ត អាសូរដល់គាត់ពន់ពេក ។ ក្នុងនោះសូម្បី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មាតាចិត្តមនុស្យធម៍ បានជួយឧបត្ថម្ហលើការព្យាបាលនៅប្រទេសវៀតណាមថែមទៀត។
សូមរម្លឹកថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវ៦០ម៉ែត្រស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបណ្ដាលឱ្យបុរសជាឪពុកនិងជាប្ដីឈ្មោះ ហេង រតនា អាយុ២៩ឆ្នាំស្លាប់បាត់បង់ជីវិត ខណៈកូនតូចៗ២នាក់ដែលស្លាប់បាត់បង់ជីវិតដែរនោះ គឺកូនប្រុសមានឈ្មោះ សុភ័ក្រ រាជ្យ អាយុ៣ឆ្នាំ និងកូនស្រីតូចមានឈ្មោះថា សុភ័ក្រ យ៉ូរ៉ា មានអាយុជាង១ឆ្នាំ។
គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ត TOYOTA TACOMA PICK UP ពណ៌ទឹកប្រាក់ បើកបរដោយឈ្មោះ សុខ សម្បត្តិ ភេទប្រុសអាយុ៤២ឆ្នាំ ដោយបើករេចង្កូតមកបុកម៉ូតូជនរងគ្រោះជិះមនុស្ស៤នាក់ធ្វើដំណើរបញ្ច្រាសទិសគ្នា។ បន្ទាប់ពីមានគ្រោះថ្នាក់កើតឡើង អ្នកបើករថយន្ដបង្ករងរបួសស្រាល ត្រូវសមត្ថកិច្ចត្រួតពិនិត្យជាតិស្រវឹង ជាលទ្ធផលមានកម្រិតអាល់កុល0,46Mg/l និងត្រូវបានឃាត់ខ្លួនភ្លាមៗផងដែរ។
សារបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ មានខ្លឹមសារថា “ប្ដីហើយនឹងកូនៗជាទីស្រឡាញ់របស់ខ្ញុំបានលាចាកពីលោកនេះទៅជិត៣ខែហើយ ចាប់តាំងពីថ្ងៃកើតហេតុទី១០ ខែមករា ឆ្នាំ២០២៥រហូតមកដល់ថ្ងៃនេះ នាងខ្ញុំមិនទាន់ទទួលបានសំណងអ្វីនៅឡើយទេជិត៣ខែហើយ ខាងតុលាការកោះហៅឡើងរហូតតែមកដល់ថ្ងៃនេះមិនទាន់មានដំណឹងនៅឡើយទេ មិនដឹងថាពេលណាទើបបានសំណងខ្លះដើម្បីយកទៅបន្ដការព្យាបាល និងយកទៅសងគេទេ កុំតែបានលើបងប្អូនទាំងអស់គ្នាជួយទេ កុំអីខ្ញុំមិនដឹងថាមានជីវិតរស់នៅបន្ដឬអត់ទេ។” ក្រោយពីការបង្ហោះសារនេះហើយ ក៏មានប្រជាពលរដ្ឋអ្នកប្រើបណ្ដាញសង្គមចូលទៅបញ្ចេញមតិលើកទឹកចិត្ដដល់រូបនាងត្រូវរឹងមាំ និងប្រឹងប្រែងតស៊ូទៅមុខបន្ដទៀត។
គួរជម្រាបថា បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រូបនាងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯប្រទេសវៀតណាម។ ដោយក្ដីអាណិតអាសូរ ក៏មានប្រជាពលរដ្ឋមួយចំនួនបានបរិច្ចាគថវិកាផ្ទាល់ខ្លួនដើម្បីជួយដល់ការព្យាបាល។ ជាមួយគ្នាសម្តេច ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់រូបនាងផងដែរ ដើម្បីសម្រួលដល់ការព្យាបាល។ នាថ្ងៃទី២៦មីនាម្សិលមិញ រូបនាងបានចេញពីមន្ទីរពេទ្យត្រឡប់មកដល់ផ្ទះវិញហើយ ដោយមានអាការៈធូរស្បើយជាងមុន ប៉ុន្ដែសុខភាពមិនទាន់រឹងមាំនោះទេ ជើងមិនទាន់ដើរបាន អង្គុយមិនទាន់នឹង ដែលត្រូវទៅជួបគ្រូពេទ្យម្ដងទៀតក្នុងរយៈពេល១៤ថ្ងៃបន្ទាប់៕
ដោយ ៖ សិលា