តុលាការសម្រេចឃុំខ្លួនអាជីវករលក់ជ្រូក”ខ្យល់” តាមអនឡាញ ពីបទ.ឆបោក ប្រឈមជាប់ពន្ធនាគារពី៦ខែទៅ៣ ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ បានសម្រេចចេញដីកាឃុំខ្លួនអាជីវករម្នាក់ ប្រកបមុខររកស៊ីលក់ជ្រូក”ខ្យល់”យកប្រាក់អ្នកដទៃ តាមសង្គមហ្វេសប៊ុក និងតេឡេក្រាម ដាក់ពន្ធនាគារជាបណ្តោះ អាសន្ន ក្រោមការចោទប្រកាន់ពីបទ.ឆបោក ។

តាមដីកាសម្រេចឃុំខ្លួនបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ គឹម រដ្ឋា ហៅ បឺត ភេទប្រុស អាយុ៣៧ ឆ្នាំ មុខរបរលក់ជ្រូក កម្រិតវប្បធម៍អនុបណ្ឌិត ទីកន្លែងកំណើតនៅភូមិខ្នាចខាងជើង ឃុំបឹងត្រាចខាងជើង ស្រុកសំរោង ខេត្តតាកែវ ទីលំនៅមុនឃាត់ ខ្លួនស្នាក់នៅអគារដឺឃ្វីន បន្ទប់លេខ២២២២ ជាន់ទី១ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

 ដីកាសម្រេចឃុំខ្លួនបានដាក់ជននេះឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ.ឆបោក ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ។ យោងតាមមាត្រា ៣៧៧ និយមន័យ នៃការ ឆបោក និងមាត្រា ៣៧៨ ទោសដែត្រូវអនុវត្ត ៖ អំពើឆបោក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ ខែ ទៅ៣ ឆ្នាំ និងពិន័យជាប្រាក់ពី១ លាន ទៅ៦ លានរៀល  នោះនៅមិនទាន់គិនដល់សំណងរដ្ឋប្បវេណីទេ ។ ដីកាបង្គាប់ឲ្យភ្នាក់ងារមានសមត្តកិច្ច នៃកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទ ដែលមានឈ្មោះ គឹម រដ្ឋា ហៅ បឺត ភេទប្រុស យកទៅឃុំ ខ្លួននៅមណ្ឌលអប់រំកែប្រែទី១(ម១) រហូតដល់មានបទបញ្ជាថ្មី ។ 

សូមជម្រាបថា ៖ នាយកដ្ឋាននគរបាលទេសចរណ៍ កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៥ បានបង្ហោះព័ត៌មានលើបណ្តាញសង្គមដែលមានខ្លឹមសារថា សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលទេសចរ ណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនបានមុខសញ្ញាជនល្មើស០១នាក់ ក្នុងករណីឆបោកលុយភ្ញៀវតាមប្រព័ន្ធបណ្តាញសង្គមFacebook ដែលមានផេកឈ្មោះ សែនជ័យ ដង្ខៅជ្រូកសាច់, សេវាកម្មទិញលក់ កសិផល និងផលិតផលកសិកម្មកម្ពុជា, CAM-Growth Agri-Services Company, សេវាកម្មផ្គត់ផ្គង់មាន់ និងទាសាច់ គ្រប់ប្រភេទ, សេវាកម្មទិញលក់មាន់ស្រែកម្ពុជា, សេវាកម្មទិញលក់មាន់គ្រប់ប្រភេទ និងគណនីFacebook ឈ្មោះ Ratha Kim, Ratha Kim (ដង្ខៅ កសិកម្ម), ពាយ័ព្យដេប៉ូបោះដុំជ្រូកកណ្តុរ, សែនជ័យ ដង្ខៅជ្រូកសាច់, សេវាកម្មទិញលក់ មាន់ស្រែកម្ពុជា និងបានបង្កើតFacebook Pages និង Accounts ក្លែងក្លាយជាច្រើនទៀត ព្រមទាំងបណ្តាញតេលេក្រាម (Telegram) ដើម្បីឆបោកលុយពីជនជាតិបរទេស និងបងប្អូនប្រជាពលរដ្ឋខ្មែរស្លូតត្រង់ជាច្រើនករណី ប្រព្រឹត្តដោយជនល្មើសឈ្មោះ គឹម រដ្ឋា ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅនៅភូមិខ្នាចខាងជើង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ។

ក្រោយពីជំនាញសាកសួរ ជនល្មើសរូបនេះ បានសារភាពទទួលស្គាល់ថា ខ្លួនពិតជាបានធ្វើការឆបោកលុយពីជនជាតិខ្មែរ និងជនជាតិបរទេសជាច្រើនករណី តាមបណ្តាញសង្គមFacebook ពិតប្រាកដមែន នៅចំពោះមុខមន្ត្រីនគរបាលយុត្តិធម៌ ។

ដូច្នេះសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរងគ្រោះពីការឆបោកលុយរបស់ឈ្មោះ គឹម រដ្ឋា អាចទំនាក់ទំនងមកដាក់ពាក្យបណ្តឹងបន្ថែមបាន នៅការិយាល័យនីតិវិធី នៃនាយកដ្ឋាននគរបាលទេសចរណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរៀងរាល់ម៉ោងធ្វើការ ។

សំរាប់ពត៌មានលម្អិត អាចធ្វើការស្គេនQR Code នៅខាងក្រោមនេះ ឬទំនាក់ទំនងតាមលេខទូរស័ព្ទ Hotline របស់ការិយាល័យនីតិវិធី (010 665 675) ៕ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print