ទូតទួរគីស្នើកម្ពុជាបិទសាលាហ្សាម៉ាន

ចែករំលែក៖

ភ្នំពេញ៖ ក្នុងជំនួបជាមួយលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក Ilhan Kemal Tug ឯកអគ្គរដ្ឋទូតទួរគីបានស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជាបិទសាលាហ្សាម៉ាន (Zaman) ដោយហេតុថា ថ្នាក់ដឹកនាំសាលានេះជាសមាជិកចលនារដ្ឋប្រហារទម្លាក់រដ្ឋាភិបាលទួរគីកាលពីខែកក្កដា ឆ្នាំ២០១៦ ។ ជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ លោកឯកអគ្គរដ្ឋទូតបានស្នើដល់រាជរដ្ឋាភិបាលកម្ពុជាឲ្យបិទអាជីវកម្មរបស់ក្រុមហ៊ុនសាលាហ្សាម៉ានទាំងស្រុងតែម្តង ។

អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បានថ្លែងក្រោយជំនួបនោះថា លោក Ilhan Kemal Tug បានស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជាបិទសាលាហ្សាម៉ាននេះ តែទោះជាយ៉ាងណាក៏ដោយ លោកទេសរដ្ឋមន្ត្រីមិនទាន់ឆ្លើយតបយ៉ាងណានៅឡើយទេ ដោយរង់ចាំពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធផ្សេងទៀតជាមុនសិន ។ អ្នកនាំពាក្យបានបន្តថា សាលាហ្សាម៉ានហ្នឹង គឺជាសាលាឯកជនមួយនៅកម្ពុជា ដែលមានថ្នាក់ដឹកនាំជាជនជាតិទួរគី ។

សាលាហ្សាម៉ានត្រូវបានបង្កើតឡើងនៅកម្ពុជានាឆ្នាំ១៩៩៧ ដោយអតីតអ្នកកាសែតសញ្ជាតិទួរគី ដែលគេដឹងថា ជាសមាជិកនៃចលនាលោក ហ្វេទុឡា ហ្គូឡេន (Fethullah Gulen) ដែលត្រូវបានចោទប្រកាន់ថា បានជាប់ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលទួរគីកាលពីខែកក្កដា ឆ្នាំ២០១៦ ។

ភ្លាមៗក្រោយការលើកឡើងរបស់ឯកអគ្គរដ្ឋទូតទួរគីតាមបណ្តាញផ្សព្វផ្សាយព័ត៌មានកាលពីខែកក្កដានោះ ថ្នាក់ដឹកនាំសាលាហ្សាម៉ានបានបញ្ជាក់ថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលទួរគីនោះឡើយ ។

ប្រធានក្រុមហ៊ុនហ្សាម៉ាន់ លោក អេចដឺ គីលីក (Ejder Kilic) បានចេញសេចក្តីថ្លែងការណ៍ កាលពីខែកក្កដាកន្លងទៅ ដោយសម្ដែងការសោកស្តាយចំពោះការចោទប្រកាន់សាលាហ្សាម៉ាន់ថា ជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅប្រទេសទួរគី កាលពីថ្ងៃទី១៥ ខែកក្កដា។ សេចក្តីថ្លែងការណ៍ បានចាត់ទុកថា នេះជាការចោទប្រកាន់របស់ឯកអគ្គរដ្ឋទូតតួកគី នៅកម្ពុជា គឺគ្មានមូលដ្ឋានច្បាស់លាស់ ហើយមានបំណងបង្ខូចកេរ្តិ៍ឈ្មោះក្រុមហ៊ុន។ ក្រុមហ៊ុនហ្សាម៉ាន់ បានទាមទារឲ្យឯកអគ្គរដ្ឋទូត បង្ហាញភស្តុតាង ឬសេចក្តីសម្រេចណាមួយរបស់តុលាការ ដើម្បីបញ្ជាក់ការចោទប្រកាន់។

លោក អេចដឺ គីលីក (Ejder Kilic) បញ្ជាក់ថា ថ្វីត្បិតតែសាលាហ្សាម៉ាន់ បង្កើតឡើងដោយយោងតាមទស្សនៈរបស់លោក ហ្វេទុឡា ហ្គូឡិន (Fethullah Gulen) តែលោក ហ្គូឡិន មិនធ្លាប់ផ្តល់ការសម្រេចចិត្ត ឬចូលរួមក្នុងដំណើរការសាលានេះទេ ឬអាចនិយាយបានថា ទំនាក់ទំនងរវាងលោក ហ្គូឡិន និងសាលា គឺមានត្រឹមតែទស្សនៈប៉ុណ្ណោះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ កងកម្លាំងយោធាមួយក្រុមបានធ្វើរដ្ឋប្រហារក្នុងបំណងទម្លាក់ប្រធានាធិបតី អេដូហ្គាន់ (Erdogan) តែការរដ្ឋប្រហារនេះ បានទទួលបរាជ័យទៅវិញ ដោយការវាយប្រហារតប និងទប់ស្កាត់ពីកងកម្លាំងរបស់រដ្ឋាភិបាល។ រដ្ឋាភិបាលតួកគី បានចោទប្រកាន់មេចលនាសាសនា លោក ហ្វេទុឡា ហ្គូឡិន (Fethullah Gulen) ដែលកំពុងរស់នៅអាមេរិកថា ជាអ្នកនៅពីក្រោយខ្នងនៃរដ្ឋប្រហារ។ កងកម្លាំងយោធា និងគ្រូបង្រៀនជាច្រើននាក់ នៅក្នុងប្រទេសតួកគី ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយការចោទប្រកាន់ថា ពួកគេជាប់ពាក់ព័ន្ធការធ្វើការរដ្ឋប្រហារ។

ក្នុងជំនួបសំណេះសំណាលនាព្រឹកមិញនេះដែរ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានប្រកាសប្រឆាំងផងដែរ ចំពោះការធ្វើការរដ្ឋប្រហារ។ ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី និងឯកអគ្គរដ្ឋទូតតួកគី ក៏បានពិភាក្សាពីការពង្រឹង និងពង្រីកទំនាក់ទំនងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរថែមទៀត ៕

1 2 3

ដោយ៖ ហេង សូរិយា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print