ខេត្តស្វាយរៀង៖ លោកបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ ក្រសួង អប់រំ យុវជននិងកីឡា ជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យស្វាយរៀង និងលោកសាស្ត្រាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀង នៅថ្ងៃទី២៨ខែមីនាឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ពិធីផ្សព្វផ្សាយអំពី អាហារូបករណ៍ និងការជ្រើសរើសមុខជំនាញទាក់ទងនឹង STEM និងកសិកម្ម នៅឧត្តមសិក្សា ដល់សិស្សានុសិស្សមកពីវិទ្យាល័យនានាក្នុងខេត្តស្វាយរៀង ប្រមាណ ១៧០០នាក់ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់និងនិស្សិតដែលបានបញ្ចប់វគ្គសិក្សាកម្មវិធី « ការត្រៀមខ្លួនសម្រាប់ការសិក្សានៅសាកលវិទ្យាល័យ/University Readiness Program» និងនិស្សិតដែលបានបញ្ជប់វគ្គសិក្សាស្ដីពី « Intercultural Passport » របស់គម្រោង FRIEND ដែលស្ថិតនៅក្រោមមូលនិធិ Erasmus Plus ។
កម្មវិធីនេះមានការចូលរួមពីតំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត អភិបាល អភិបាលរងនៃគណៈអភិបាលក្រុង/ស្រុក ទាំង៨ លោក លោកស្រី នាយក នាយករង វិទ្យាល័យទាំង២១ ទូទាំងខេត្តស្វាយរៀង ព្រមទាំងមានការចូលរួមពីតំណាងក្រុមហ៊ុន អតីតនិស្សិតចូលរួមបង្ហាញពីសក្តានុពលនៃមុខជំនាញ STEM និងកសិកម្ម ផងដែរ។
ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត សោម រតនា ក្នុងបានសំណេះសំណាល និងតម្រង់ទិសដៅ ដល់និស្សានុសិស្សដែលបានចូលរួម លើមូលដ្ឋាននៃការជ្រើសរើសជំនាញសិក្សានៅថ្នាក់ឧត្តមសិក្សា ជាពិសេសផ្តោតលើជំនាញ STEM ដែលជាជំនាញកំពុងមានតម្រូវការទីផ្សារខ្ពស់ និងចូលរួមលើកកម្ពស់រីកចម្រើននៃសេដ្ឋកិច្ច និងសង្គម។ តាមរយៈពិធីនេះ លោកបណ្ឌិតក៏បានដឹកនាំសម្របសម្រួលដោយផ្តល់ឱកាសឲ្យប្អូនៗសិស្សានុសិស្ស ដែលចូលរួមលើកជាសំណួរ-ចម្លើយលើបញ្ហានានាដែលជាពន្លឺទៅរក ភាពច្បាស់លាស់នៃការជ្រើសរើសជំនាញសិក្សា និងអាហារូបករណ៍ សិក្សានៅឧត្តមសិក្សា។