ពលរដ្ឋអាមេរិកជាងពាក់កណ្តាល ៥៧ភាគរយមិនពេញចិត្តក្នុងការជ្រើសរើសប្រធានាធិបតីក្នុងចំណោមបេក្ខភាព ទាំងពីររូបគឺលោកស្រីហ៊ីលឡារីគ្លីនតុន និងលោកដូណាល់ត្រាំ ។
តាមការស្តង់មតិរបស់បណ្តាញទូរទស្ស ABC សហការជាមួយសារព័ត៌មាន Washington Post បានផ្សាយថាពលរដ្ឋអាមេរិកជាងពាក់កណ្តាលមិនពេញចិនទៅនឹងបេក្ខភាពទាំងពីររូប ដូច្នេះពលរដ្ឋពិបាកក្នុងការសម្រេចជ្រើសរើស។
ពលរដ្ឋអាមេរិកដល់ទៅ ៣៥ភាគរយចង់បោះឆ្នោតឲ្យបេក្ខភាពឯករាជ្យ នៅក្នុងការបោះឆ្នោតខាងមុខជាជាងត្រូវជ្រើសរើសក្នុងចំណោមបេក្ខភាពទាំងពីរ។
បើទោះបីបែបណាក្តីពលរដ្ឋអាមេរិកមួយចំនួនធំនៅតែគាំទ្រលោកស្រីហ៊ីលឡារីគ្លីនតុន ដោយសារតែអាមេរិកចង់ឃើញមានមេដឹកនាំជាស្ត្រីជាលើកតំបូងរបស់ខ្លួន។ ទាំងនោះហើយសូម្បីតែអ្នកដែលស្មោះស្ម័គ្រជាមួយគណបក្សសាធារណរដ្ឋក៏រត់ទៅគាំទ្រលោកស្រីគ្លីនតុនផងដែរ។
តាមលទ្ធផលនៃការស្ទង់មតិនាពេលកន្លងមកបានបង្ហញឲ្យឃើញថា លោកស្រីហ៊ីលឡារីគ្លីនតុន មកពីគណបក្សប្រជាធិបតេយ្យ ជាលើកទី១ចាប់តាំងពីឆ្នាំ១៩៥២ ទទួលបានសំឡេងគាំទ្រយ៉ាងខ្លាំងពីក្រុមអ្នកគាំទ្រមកពីគណបក្សសាធារណរដ្ឋ។
សារព័ត៌មាន The Financial Times បានផ្សាយថា ក្រោយសង្គ្រាមលោកលើកទី២ មកទល់ពេលនេះក្រុមជនជាតិស្បែកសដែលតែងតែគាំទ្រគណបក្សសាធារណរដ្ឋបែរជាងាកមកគាំទ្រគណបក្សប្រជាធិបតេយ្យវិញម្តង។ នៅក្នុងឆ្នាំ២០១២ ក្រុមជនជាតិស្បែកសគាំទ្របេក្ខភាពប្រធានាធិបតីលោក មីតរ៉ូមនី រហូតដល់ទៅ៥៦ភាគរយ ចំណែកបេក្ខភាពអូបាម៉ា ទទួលបានតែ៤២ភាគរយប៉ុណ្ណោះ។
ចំណែកនៅក្នុងការបោះឆ្នោតលើកនេះលោកស្រី ហ៊ីលឡារី គ្លីនតុន ទទួលបានសំឡេងគាំទ្រនៅក្នុងរដ្ឋសំខាន់ៗជាច្រើនក្នុងនោះមានរដ្ឋ Pennsylvania ជាដើម។ តាមការស្ទង់មតិរបស់បណ្តាញព័ត៌មាន Washington Post/ABC poll បានបង្ហាញឲ្យឃើញថា ជនជាតិស្បែកសអាមេរិក ៥៣ភាគរយគាំទ្រលោកស្រី ហ៊ីលឡារី គ្លីនតុន ចំណែកលោក ដូណាល់ ត្រាំ វិញមានតែ ៣៧ភាគរយប៉ុណ្ណោះ។ ចំណែកនៅក្នុងរដ្ឋផ្សេងៗជាច្រើនទៀតក៏លោកស្រី ហ៊ីលឡារី គ្លីនតុន នាំមុខលោកត្រាំផងដែរ។
គណបក្សសាធារណរដ្ឋបានស្នើដល់លោក ត្រាំ និយាយស្តីមានការប្រុងប្រយ័ត្នខ្ពស់ជៀសវាងការឌឺដងនិយាយស្តីប៉ះពាល់ដល់សតិអារម្មណ៍របស់ពលរដ្ឋដែលធ្វើឲ្យសំឡេងគាំទ្រគណបក្សនេះធ្លាក់ចុះ។
កាលពីបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១២ ក្រុមជនជាតិអាមេរិកស្បែកសមានការគាំទ្រគណបក្សសាធារណរដ្ឋខ្ពស់ជាងគណបក្សប្រជាធិបតេយ្យ។ ប៉ុន្តែពេលនេះបានធ្លាក់ចុះយ៉ាងខ្លាំងគួរឲ្យបារម្ភ។ លើសពីនេះទៅទៀតស្ត្រីនៅអាមេរិកភាគច្រើនគឺចង់បោះឆ្នោតឲ្យលោកស្រីហ៊ីលឡារី គ្លីនតុន ដោយពួកគេចង់មើលឃើញអាមេរិកមានស្ត្រីជាប្រធានាធិបតីដំបូងបង្អស់របស់ពួកគេ។
កន្លងមកលោក ត្រាំ បានសារភាពថា លោកអាចនឹងបរាជ័យក្រោមថ្វីដៃលោកស្រី ហីុលឡារី គ្លីនតុន ក្រោយពេលលោកមើលឃើញថា អ្នកគាំទ្រលោកបានចាកចេញពីលោកបន្តិចម្តងៗ៕
ប្រែសម្រួល៖ ម៉ែវ សាធី