វឌ្ឍនភាព នៃការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន

ចែករំលែក៖

ភ្នំពេញ ៖ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពី ការប្រើប្រាស់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវតាមព្រំដែន ឱ្យបាន ត្រឹមត្រូវ ធានាឱ្យបានតម្លាភាព គណនេយ្យភាព និងក្នុងស្មារតីសន្សំសំចៃខ្ពស់ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន មានកិត្តិយស សូមជម្រាបជូន ដំណឹងដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបអំពីវឌ្ឍនភាពនៃការកសាងផ្លូវក្រវាត់ព្រំដែន និងដំណើរការនៃ គ្រប់គ្រងមូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ មកដល់បំណាច់ខែមីនា ឆ្នាំ២០២៥ នេះ ដូចមានលទ្ធផលសង្ខេបខាងក្រោម៖

១. ក្រុមការងារចំពោះកិច្ច ក.គ.ម បានចាត់បញ្ជូនកម្លាំងវិស្វកម្មកសាងផ្លូវ ចំនួន ៨ កងឯកភាព ដោយប្រើប្រាស់ រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ២៨៦ គ្រឿង ក្នុងនោះនៅខេត្តមណ្ឌលគិរី មាន ៥ កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ២០០ គ្រឿង និងខេត្តរតនគិរី មាន ៣ កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ៨៦ គ្រឿង។

២. ចំពោះការងាររាវរកគ្រាប់មីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះតាមមុខសញ្ញានៃការដ្ឋានស្ថាបនាផ្លូវក្រវាត់ព្រំដែន ត្រូវបាន សម្រេចជាស្ថាពរលើផ្ទៃដីទំហំ ២.៧៥២.៥០០ ម៉ែត្រការ៉េ ស្មើនឹង ៤៤% នៃផ្ទៃដីសរុប ដែលគ្រោងរាវរកទំហំ ៦.២៥០.០០០ ម៉ែត្រការ៉េ ដោយបានរកឃើញគ្រាប់គ្រប់ប្រភេទ ចំនួន ៧៩ គ្រាប់ ក្នុងនោះរួមមាន គ្រាប់ប៊ុមប៊ី (គ្រាប់បែកចង្កោម) ចំនួន ៣៥ គ្រាប់។

៣. ក្រុមការងារចំពោះកិច្ច ក.គ.ម បានកសាងសម្រេចជាស្ថាពរសំណង់សិល្បការរួមមាន៖ លូប្រអប់ សរុប ចំនួន ២១ កន្លែង ស្មើនឹង ២០៨,៤៥ ម៉ែត្រ, ដាក់លូមូលបេតុងគ្រប់ប្រភេទ សរុប ៩៨ កន្លែង និងស្ថាបនាសម្រេច ជាស្ថាពរនូវថ្នល់បេតុងបង្រៀរទឹក សរុប ចំនួន ៦ កន្លែង ស្មើនឹង ១០៥,៧០ ម៉ែត្រ។

៤. វឌ្ឍនភាពនៃដំណើរការកសាងផ្លូវព្រំដែននៅក្នុងរយៈពេលប្រមាណ ៥ ខែ កន្លងមកនេះ ក្រុមការងារចំពោះកិច្ច ក.គ.ម បានឈូសព្រៃទទឹង ៥ ម៉ែត្រ បានប្រវែង ១១០ គីឡូម៉ែត្រ សម្រាប់រកផ្លូវខ្សែដំបូង, ឈូសផ្លូវទទឹង ២០ ម៉ែត្រ បានប្រវែង ១០៣,៨៥ ម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ, លុបជ្រលង-អូរ បន្ទាបចំណោតភ្នំ និងធ្វើប្រឡាយបាន ប្រវែង ១០០,៥០ គីឡូម៉ែត្រ, កសាងតួផ្លូវ និងចិតជញ្ជាំងភ្នំ បានប្រវែង ៩៩,១០ គីឡូមែត្រ និងក្រាលល្បាយ កម្ទេចថ្មសម្រេចជាស្ថាពរប្រវែង ៧៥,២០ គីឡូម៉ែត្រ។ ជាលទ្ធផលរួមនៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែន នេះ គឺសម្រេចបានប្រមាណ ៣៩,៩២% នៃផែនការ ក្នុងនោះ ខេត្តមណ្ឌលគិរី បានប្រវែង ៤៤,៩០ គីឡូម៉ែត្រ ស្មើនឹង ៤២,៤៥% និងខេត្តរតនគិរី បានប្រវែង ៣០,៣០ គីឡូម៉ែត្រ ស្មើនឹង ៣៤,២៦%។

៥. ចំពោះមុខនេះ ក្រុមការងារកំពុងបន្តជំរុញការងារបោសសម្អាតមីនយុទ្ធភណ្ឌមិនទាន់ផ្ទុះបន្ថែមទៀត, បន្តជំរុញ ល្បឿនកសាងផ្លូវក្នុងរដូវប្រាំង ដោយធានាឱ្យបានតាមបទដ្ឋានលក្ខណៈបច្ចេកទេស មានគុណភាព និង ភាពធន់នឹងអាកាសធាតុ, បន្តជំរុញល្បឿននៃការកសាងសំណង់សិល្បការ្យ ធ្វើយ៉ាងណាឱ្យសម្រេចជាស្ថាពរ នៅមុនពេលភ្លៀងធ្លាក់ជោគជាំនារដូវវស្សាដ៏ឆាប់ខាងមុខនេះ។

៦. ក្រុមការងារចំពោះកិច្ច ក.គ.ម. ប្តេជ្ញាបន្តអនុវត្តភារកិច្ចរបស់ខ្លួនឱ្យកាន់តែសកម្ម ប្រកបដោយស្មារតីទទួលខ្ពស់ ដើម្បីឈានទៅសម្រេចបាននូវការកសាងផ្លូវតាមព្រំដែនតាមផែនការដែលបានគ្រោងទុក និងបន្តផ្តល់ព័ត៌មាន ស្តីពីវឌ្ឍនភាពថ្មីៗនៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាម ព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែននេះ ជាបន្តបន្ទាប់។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជនទាំង អស់មេត្តាជ្រាបជាព័ត៌មាន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print