ភ្នំពេញ ៖ ទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃសុក្រ ទី០៤ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពី បរិវត្តកម្មប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី អគ្គនាយករង អគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋាន ប្រធានស្ថាននីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ អនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ ព្រមទាំងលោក លោកស្រី ដែលជាតំណាង ទីប្រឹក្សា នាយកប្រតិបត្តិក្រុមហ៊ុន AIT នាយកប្រតិបត្តិក្រុមហ៊ុន N2M តំណាងក្រុមហ៊ុនឯកជន និងមន្ត្រីជំនាញដែលពាក់ព័ន្ធតាមបណ្តាអង្គភាព ស្ថាប័ន ចំណុះក្រសួងមហាផ្ទៃសរុបចំនួន ១៦០រូប ។
លោកឧត្តមសេនីយ៍ឯក ហោ សំអាត មានប្រសាសន៍ថា ថ្ងៃនេះ លោក ពិតជាមានកិត្តិយស និងសេចក្តីសប្បាយរីករាយ ដោយទទួលបានការចាត់តាំងពី លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «បរិវត្តកម្មប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ»។ លោក ឧត្តមសេនីយ៍ឯក បានបន្តថា បន្ទាប់ពីទទួលបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានសហការ និងជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន N2M ដែលជាក្រុមហ៊ុនចុះបញ្ជីនៅប្រទេសកូរ៉េខាងត្បូង មានបទពិសោធន៍លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធបច្ចេកវិទ្យា រយៈពេល ៥ឆ្នាំ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីរៀបចំកម្មវិធីសិក្ខាសាលានេះឡើងមក សម្រាប់ចែករំលែកបទពិសោធន៍ ជូនថ្នាក់ដឹកនាំដែលជាតំណាងអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ។ លោក អគ្គនាយក ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ទីប្រឹក្សាបច្ចេកទេស អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងមហាផ្ទៃ ដែលបានឆ្លៀតឱកាសដ៏មានតម្លៃ និងមមាញឹកអញ្ជើញចូលរួមក្នុងកម្មវិធីសិក្ខាសាលាស្តីពី «បរិវត្តកម្ម ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ» នៅថ្ងៃនេះ។ លើសពីនេះ លោក អគ្គនាយក បានឱ្យដឹងថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងពិភាក្សា និងចែករំលែកបទពិសោធន៍លើការតភ្ជាប់ទិន្នន័យ និងដំណោះស្រាយលើបញ្ហាប្រឈមនានា ពាក់ព័ន្ធការងារបច្ចេកវិទ្យាឌីជីថល និងដើម្បីស្វែងយល់អំពីបច្ចេកវិទ្យាថ្មីៗបម្រើដល់ការងារ របស់អង្គភាព ដែលអាចផ្តល់ឱកាសឱ្យមន្ត្រីរាជការស្វែងយល់កាន់តែច្បាស់ពីស្ថានភាពបច្ចុប្បន្ន បញ្ហាប្រឈម និងទិសដៅការងារ ព្រមទាំងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាសម្រាប់បម្រើដល់ការងារ ប្រចាំថ្ងៃ ការពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងសន្តិសុខសង្គមឱ្យកាន់តែល្អប្រសើរនិងចំគោលដៅក្នុងបរិបទនៃឌីជីថលនីយកម្ម។
ជាទីបញ្ចប់ លោក អគ្គនាយក បានលើកទឹកចិត្តនិងជំរុញដល់ថ្នាក់ដឹកនាំ រួមជាមួយក្រុមការងារនៃអគ្គនាយកដ្ឋាន បច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំទាំងអស់ វាគ្មិន ភ្ញៀវកត្តិយសជាតិ និងអន្តរជាតិ ទីប្រឹក្សា តំណាងក្រុមហ៊ុន N2M និងក្រុមហ៊ុន AIT និងអង្គសិក្ខាសាលាទាំងមូល សូមផ្តល់កិច្ចសហការ គាំទ្រដើម្បីធ្វើយ៉ាងណាឱ្យអង្គសិក្ខាសាលាប្រព្រឹត្តទៅដោយរលូនទទួលបានផ្លែផ្កា ជាលទ្ធផលគាំទ្រឱ្យបរិវត្តកម្មឌីជីថលក្រសួងមហាផ្ទៃ។
សូមជម្រាបជូនដែរថា៖ សិក្ខាសាលានាពេលនេះបានរៀបចំឡើងក្នុងគោលបំណង ចែករំលែកចំណេះដឹង បទពិសោធន៍ ការងារ សំដៅជំរុញការធ្វើបរិវត្តកម្មឌីជីថលរបស់ក្រសួងមហាផ្ទៃ គាំទ្រដល់ផែនការយុទ្ធសាស្ត្របច្ចេកវិទ្យា ឌីជីថលក្រសួងមហាផ្ទៃ ២០២៣-២០២៧ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលឌីជីថល និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់យកវិស័យបច្ចេកវិទ្យាជាអាទិភាពគន្លឹះទី៥ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ។ ពិធីបិទសិក្ខាសាលា ស្ដីពី «បរិវត្តកម្មប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្រសួងមហាផ្ទៃ» នឹងរៀបចំធ្វើឡើងនារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ នេះបើយោងតាមប្រភព ពីអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ៕
ដោយ ៖ សិលា