ភ្នំពេញ៖ បន្ទាប់ពីអាម៉េរិកប្រកាសដំឡើងពន្ធជាសកលទៅលើប្រទេសជាង ១០០ នៅទូទាំងពិភពលោក ក្នុងនោះរួមទាំងកម្ពុជាផងដែរនោះ, រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារភ្លាមៗ ដើម្បីវាយតម្លៃផលវិបាកនៃគោលនយោបាយពន្ធគយរបស់សហរដ្ឋអាម៉េរិក ក្នុងគោលបំណងអនុវត្តវិធានការចាំបាច់ ដើម្បីការពារស្ថិរភាពពាណិជ្ជកម្ម និងលើកកម្ពស់ការប្រកួតប្រជែងសេដ្ឋកិច្ចរបស់កម្ពុជា។
នេះជាការគូសបញ្ជាក់របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងជំនួបជាមួយលោក Kenichiro Kashiwase ប្រធានបេសកកម្ម នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០២៥។
លោកអគ្គបណ្ឌិតសភាចារ្យ បានលើកឡើងជារួមនូវស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដែលរក្សាបាននៅភាពធន់ល្អ នៅចំពោះមុខស្ថានភាពមិនប្រាកដប្រជាខ្ពស់នៃកត្តាខាងក្រៅក្តី ក្នុងនោះវិស័យខ្លះមានភាពប្រសើរជាងការរំពឹងទុក ខណៈវិស័យផ្សេងមួយចំនួនទៀតអាចប្រឈមនឹងការថមថយជាងការប៉ាន់ស្មានកាលពីដើមឆ្នាំ។
ក្នុងបរិការណ៍ភាពមិនប្រាកដប្រជា,ការផ្លាស់ប្តូរភ្លាមៗតាមរយៈគោលនយោបាយ គាំពារនិយម (Protectionism) និងសង្គ្រាមពាណិជ្ជកម្ម ដែលបានលេចកើនឡើងកាន់តែខ្លាំង និងឥតព្រាងទុក ជាពិសេសគោលនយោបាយបដិការពន្ធនាំចូល របស់សហរដ្ឋអាម៉េរិក, លោកអគ្គបណ្ឌិត សភាចារ្យ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បាននិងកំពុងតាមដានបញ្ហានេះជាប្រចាំ ហើយបានរៀបចំភ្លាមៗនូវ ក្រុមការងារ ដើម្បីវាយតម្លៃអំពីកម្មវិបាកនៃគោលនយោ បាយបដិការពន្ធនាំចូលរបស់សហរដ្ឋអាម៉េរិក ដើម្បីដាក់ចេញវិធានការចាំបាច់ ក្នុងការគ្រប់ គ្រងសភាពការណ៍ ធានាស្ថិរភាពពាណិជ្ជកម្មជាមួយដៃគូអន្តរជាតិ ក៏ដូចជា ដើម្បីលើក កម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ។
លើទិដ្ឋភាពហិរញ្ញវត្ថុសាធារណៈសម្រាប់រយៈពេលមធ្យម, លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានបង្ហាញពីការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការបន្តពង្រឹងការប្រមូលចំណូល, បង្កើនប្រសិទ្ធភាពចំណាយ ព្រមទាំងកសាងទ្រនាប់ ថវិកាឡើងវិញ ជាដើម។ ជាក់ស្តែង, រាជរដ្ឋាភិ បាលទើបបានដាក់ចេញឱ្យអនុវត្តនូវ «យុទ្ធសាស្ត្រកៀរគរចំណូល របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា កាលពីដើមឆ្នាំ ២០២៥ និងកំពុងត្រៀមដាក់បចេញនូវគោល នយោបាយផ្សេងៗទៀតដូចជា «កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បី កំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ឆ្នាំ ២០២៤-២០២៨» និង ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ ២០២៦-២០២៨» ផងដែរ។
ជាមួយគ្នានេះ, លោកប្រធានបេសកកម្ម នៃមូលនិធិរូបិយវត្ថុអន្តរជាតិ បានមានប្រសាសន៍ថា ក្រុមការងារ IMF ក៏នឹងបន្តតាមដាន និងវាយតម្លៃស្ថានភាព និងកម្មវិបាកនៃគោលនយោបាយរបស់សហរដ្ឋអាម៉េរិកមកលើសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាត្រៀមផ្តល់អនុសាសន៍ និងកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងន័យធានាចីរភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា។
លោកបន្តថា IMFក៏ប្តេជ្ញាបន្តផ្តល់ជំនួយបច្ចេកទេសលើ ចំណុចអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលទ្ធភាពនៃការអនុវត្ត Policy Coordination Instruments (PCI) ដែលជាគំនិតផ្តួចផ្តើមរបស់ IMF ក្នុងការជួយសម្រួល និងពង្រឹងកិច្ចសន្ទនាជាមួយប្រទេសដៃគូ ក្នុងការងារកែទម្រង់នានា និងកៀរគរប្រភពហិរញ្ញប្បទាន។
សូមជម្រាបថា កាលពីថ្ងៃទី ៣ខែមេសានេះ លោក ដូណាល់ ត្រាំ បានកំណត់ពន្ធគយសងសឹកលើប្រទេសជាង ១០០ នៅលើពិភពលោក ក្នុងនោះរួមមាន ពន្ធលើប្រទេសចិនមានចំនួន ៣៤% បន្ថែមពីលើពន្ធចាស់ ២០% នាំឱ្យពន្ធសរុបកើនឡើង ៥៤%, សហភាពអឺរ៉ុប ២០%, ជប៉ុន ២៤%, ឥណ្ឌា ២៦%, កូរ៉េខាងត្បូង ២៥%, តៃវ៉ាន់ ៣២%, បង់ក្លាដេស្ហ ៣៧%, ស្វីស ៣១%, អាហ្វ្រិកខាងត្បូង ៣០% និងប្រទេសជាច្រើនទៀត។
ដោយឡែក ប្រទេសក្នុងតំបន់អាស៊ាន រួមមាន វៀតណាម ៤៦%, កម្ពុជា ៤៩%, មីយ៉ាន់ម៉ា ៤៤%, ឥណ្ឌូណេស៊ី ៣២%, ប្រទេសថៃ ៣៦%, ម៉ាឡេស៊ី ២៤%, ហ្វីលីពីន ១៧%, សិង្ហបុរី ១០% និងឡាវ ៤៨%៕