ភ្នំពេញ ៖ គ្រូបង្រៀនស្ម័គ្រចិនបានចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ជាមួយមន្ត្រី និង យុវជននៅកម្ពុជា ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលខិតចូលមកដល់ នាពេលឆាប់ៗ ខាងមុខនេះ។
ការលេងល្បែងប្រជាប្រិយខ្មែរ ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា មានដូចជា ល្បែងទាញព្រ័ត, ល្បែងដណ្តើមស្លឹកឈើ, ល្បែងលាក់កន្សែង, ចោលឈូង បោះអង្គុញ ព្រមទាំង ល្បែងប្រជាប្រិយ មួយចំនួនទៀត។
លោកស្រីបណ្ឌិត ជា វណ្ណី ជាបណ្ឌិតជំនាញអក្សរសិល្ប៍ និងជាប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និងយេនឌ័រ នៃវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានដឹកនាំការលេងប្រជាប្រិយ នាពេលនោះ ប្រាប់ឲ្យដឹងថា វត្តមានរបស់គ្រូបង្រៀនចិននៅវិទ្យាស្ថានខុងជឺ ចូលរួមលេង នាពេលនោះ ឆ្លុះបញ្ជាំងឲ្យឃើញថា ជាការរស់នៅជុំគ្នា ជាធ្លុងមួយ សមនឹងមិត្តភាពដែកថែប មិត្តភាពម៉ឺនឆ្នាំ ស្របតាមការចងសម្ព័ន្ធភាពរបស់រដ្ឋាភិបាលប្រទេសទាំងពីរ បង្ហាញពីចំណងសាមគ្គីភាព ស៊ីសង្វាក់គ្នា ជុំវិញការប្រារព្ធពិធីបុណ្យប្រពៃណីដូចគ្នា តួយ៉ាងដូចជា កម្ពុជាមានចូលឆ្នាំខ្មែរ ចិនក៏មានបុណ្យចូលឆ្នាំចិន ហើយពិធីបុណ្យខ្លះ យើងធ្វើរួមគ្នាទៀត ដូចជា បុណ្យឆេងម៉េង ជាដើម។
លោកស្រីបណ្ឌិត បានបន្តថា ការលេងល្បែងប្រជាប្រិយនេះ មិនត្រឹមតែជាការអភិរក្សមរតក ដែលបន្សល់ទុកពីបុព្វបុរសប៉ុណ្ណោះទេ តែ ល្បែងប្រជាប្រិយ នីមួយៗ សុទ្ធតែបង្កប់អត្ថន័យខ្លឹមសារ ដូចជា សាមគ្គីភាព តស៊ូ អត់ធ្មត់ ការយកចិត្តទុកដាក់ និង ភាពរហ័សរហួន។
លោកគ្រូ អ្នកគ្រូ ចិន ដែលបានចូលរួមលេង បានបង្ហាញពីភាពសប្បាយរីករាយ និងស្វែងយល់ពីប្រពៃណីរបស់ខ្មែរ តាមរយៈការចូលរួមលេងល្បែងប្រជាប្រិយ ទាំងនេះ។
គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៤ ១៥ ដល់ ១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ៕
ដោយ ៖ សិលា