រាជរដ្ឋាភិបាលព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ទី១មមានសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ត្រូវបានរៀបចំឡើងបន្តពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ទៅតាមការចង្អុលបង្ហាញនិង មគ្គុទ្ទេសក៍របស់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយមានឋានានុក្រមទី៣ នៅក្នុងឯកសារក្របខ័ណ្ឌ គោលនយោបាយអភិវឌ្ឍន៍ជាតិ បន្ទាប់ពីកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ សេចក្តីព្រាង ផ.យ.អ.ជ. នេះ ជាផែនការចង្អុលបង្ហាញក្នុងរយៈពេលមធ្យមក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចទីផ្សារ និងជា ឧបករណ៍គោលនយោបាយចម្បងក្នុងការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្ររួមរបស់រាជរដ្ឋាភិបាល សម្រាប់ការអភិវឌ្ឍ សង្គម សេដ្ឋកិច្ច និងបានគិតគូរពីការប្រែក្លាយការតម្រង់ទិសគោលនយោបាយយុទ្ធសាស្ត្រធំៗ របស់យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ឱ្យទៅជាសកម្មភាពដែលអាចអនុវត្តបាន និងមានចរិតជាការកែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

សេចក្តីព្រាងនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ៣ គឺ ៖

ទី១. ដើម្បីវាយតម្លៃអំពីលទ្ធផល រួមនិងបញ្ហាប្រឈមចម្បងៗ ដែលបានកើតមានឡើងនៅក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ។

ទី២. ដើម្បីដាក់ចេញនូវវិធានការ សកម្មភាព និងកម្មវិធីអាទិភាពទាំងឡាយជាលក្ខណៈវិស័យ និងអន្តរវិស័យ ដែលជាមគ្គុទ្ទេសក៍សម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ធ្វើជាមូលដ្ឋានក្នុងការរៀបចំផែនការ យុទ្ធសាស្ត្ររបស់ខ្លួន ដោយតម្រឹមតម្រង់ជាមួយនឹងគោលដៅយុទ្ធសាស្ត្ររួមនៃការអភិវឌ្ឃន៍ជាតិ និងធានានូវបាវចនាទាំង៥ របស់យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ។

និងទី៣. ដើម្បីដាក់ចេញជាយន្តការមួយសម្រាប់តាមដានត្រួតពិនិត្យ និងវាយតម្លៃ សំដៅធានាការអនុវត្ត ផ.យ.អ.ជ. របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ប្រកបដោយជោគជ័យ។ ជារួម សេចក្តីព្រាងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ បានដាក់ចេញនូវវិធានការ ផែនការសកម្មភាព កម្មវិធីអាទិភាពតាមវិស័យ និងសូចនាករសមិទ្ធកម្មច្បាស់លាស់សម្រាប់តាមដានត្រួតពិនិត្យ និងវាយតម្លៃ ដើម្បី ជំរុញឱ្យការអនុវត្តអាចប្រព្រឹត្តទៅរួមគ្នា ប្រទាក់ក្រឡាគ្នា និងបំពេញគ្នាទៅវិញទៅមកប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសម្រេចបានជោគជ័យ។

បន្ទាប់ពីបានពិភាក្សាយ៉ាងផុលផុសរួចមក អង្គប្រជុំគណៈរដ្ឋមន្ត្រី បានសម្រេចប្រគល់ជូនគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងផែនការ ដើម្បីពិនិត្យនិងកែសម្រួល ជាចុងក្រោយ មុននឹងបញ្ជូនទៅរដ្ឋសភា នៅដើមខែឧសភាខាងមុខនេះ ។

សូមបញ្ជាក់ថា ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹក ថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ដោយបានពិភាក្សា ឆ្លង និងអនុម័តរបៀបវារៈសំខាន់ៗ ដូចខាងលើ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print