សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​សម្ពោធមជ្ឈមណ្ឌលទំនើបកម្ម​មូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និង​ហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម ខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​០៥​ ខែមេសា​ ឆ្នាំ​២០២៥នេះ​ បានមានប្រសាសន៍សំខាន់ៗក្នុងពិធីសម្ពោធមជ្ឈមណ្ឌលទំនើបកម្ម​មូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និង​ហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម ខេត្តព្រះសីហនុ។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

-សម្តេចធិបតី ហ៊ុន ម៉ាណែត​ ថ្លែង​ថា​ សមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នារវាងកម្ពុជា និងចិននាពេលនេះ គឺជាសមិទ្ធផលយ៉ាងធំធេង និងជាមរតកប្រវត្តិសាស្រ្តសម្រាប់កងទ័ពកម្ពុជា និងមិត្តភាព និងបង្កើនទំនាក់ទំនងកម្ពុជា-ចិន ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត ដើម្បីរួមចំណែកជាមួយប្រទេសក្នុងតំបន់ ក្នុងការពង្រឹងសន្តិសុខក្នុងលំហសមុទ្រ ។

-សម្ដេចធិបតី ថ្លែងថា​ កងទ័ព មិនត្រឹមជាកម្លាំងស្នូលក្នុងការការពារទឹកដីប៉ុណ្ណោះទេ តែកងទ័ពក៏ជាចំណែកចូលរួមដល់ការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិផងដែរ ។

-សម្តេចធិបតី ប្រកាសជាឱឡារិកថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងមិនអនុញ្ញាតឲ្យប្រទេសណាមួយដាក់មូលដ្ឋានកងទ័ពនៅកម្ពុជានោះឡើយ មិនថាអតីកាល ថ្ងៃនេះ ថ្ងៃស្អែក ឬទៅថ្ងៃអនាគត។

-សម្ដេចធិបតី​ ថ្លែងថា​ ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម ការធ្វើទំនើបកម្មកងទ័ព នោះហើយគឺជាការគិតគូរអំពីការការពារអធិបតេយ្យភាពជាតិ ទប់ទល់នឹងការឈ្លានពានពីខាងក្រៅ។

-សម្ដេចធិបតី ថ្លែងថា​ នៅពេលដែលមិត្តបរទេសមួយចំនួនបង្ហាញពីការបារម្ភចំពោះចិនដែលធ្វើឱ្យបាត់បង់អធិបតេយ្យភាពរបស់កម្ពុជា ខ្ញុំ(សម្ដេចធិបតី)បញ្ជាក់ទៅមិត្តបរទេសទាំងនោះថា គ្មាននរណាស្រឡាញ់អធិបតេយ្យកម្ពុជា ការពារអធិបតេយ្យកម្ពុជា ជាងកម្ពុជានោះទេ។

-សម្ដេចធិបតី ថ្លែងថា​ ក្រោយមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ទរាមបញ្ចប់ការសាងសង់រួចហើយ កម្ពុជាស្វាគមន៍ភាគីមិត្តបរទេសទាំងអស់ មកធ្វើសមយុទ្ធហ្វឹកហ្វឺនរួមគ្នាជាមួយកម្ពុជានៅមជ្ឈមណ្ឌលនេះ។

-សម្ដេចធិបតី​ ថ្លែងថា​ មូលដ្ឋានរាម គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់កម្ពុជាតែមួយគត់ គ្មានចំណែកណាត្រូវ បានកាត់ទៅដាក់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពណានោះឡើយ។

-សម្ដេចធិបតី ថ្លែងថា​ មានប្រទេសជាច្រើនក្នុងតំបន់បានដាក់ឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីខ្លួនដោយចំហ តែកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេស​នៅលើដែនអធិបតេយ្យរបស់ខ្លួននោះឡើយ។

-សម្ដេចធិបតី​ ថ្លែង​បញ្ជាក់បន្ថែមថា បើកម្ពុជាចង់បើកឱ្យ មានមូលដ្ឋានកងទ័ពបរទេសនៅកម្ពុជាមែននោះ គឺកម្ពុជាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រង់មាត្រានោះគឺបានហើយ តែកម្ពុជាមិនមានបំណង មិនមានចេតនាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើមាត្រានេះនោះទេ ដោយកម្ពុជាប្ដេជ្ញាបន្តគោរពតាមរដ្ឋធម្មនុញ្ញដែលមានស្រាប់ជាដដែល។

-សម្ដេចធិបតី​ ថ្លែងថា​ ចាប់ពីពេលនេះទៅ ស្វាគមន៍រាល់នាវាប្រទេសនានា ចូលចតនៅមូលដ្ឋានសមុទ្ររាម (នាវាទម្ងន់ក្រោមពីរម៉ឺនតោន) ដើម្បីធ្វើការហ្វឹនហ្វឺនរួមគ្នា ដែលនេះជាការបង្ហាញថា មូលដ្ឋានរាមនេះ គឺគ្រប់គ្រងដោយកម្ពុជា។

-សម្ដេចធិបតី ថ្លែងថា​ ការធ្វើទំនើបកម្មកងទ័ព គឺជាស្មារតីស្នេហាជាតិពិតប្រាកដ។

-សម្ដេចធិបតី ថ្លែង​ស្នើកងទ័ពរំដោះប្រជាជនចិន ជួយបង្កើនសមត្ថភាពកងទ័ពកម្ពុជាបន្ថែមទៀត ពិសេសកម្លាំងការពារកោះឆ្នេរ ដោយបំពាក់នូវយុទ្ធោបករណ៍ទំនើបៗផង។

-សម្តេចធិបតី ក្រើនរំលឹកដល់កងទ័ពទាំងអស់ត្រូវបន្តពង្រឹងសមត្ថភាពក្នុងកិច្ចការពារបូរណភាពទឹកដី និងខឿនការពារឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតប្រកបដោយសមត្ថភាព និងវិជ្ជាជីវៈទំាងផ្លូវអាកាស ទឹក និងជើងគោក។

សូមជម្រាបជូនថា​ មូលដ្ឋានសមុទ្ររាម ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៤ បន្ទាប់ពីកម្ពុជា ទទួល​​បានឯករាជ្យពីអាណានិគមនិយមបារាំង ដោយមានឈ្មោះដើមថា «មូលដ្ឋាន​សមុទ្រកងទ័ពជើងទឹក»។ លុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចប្តូរឈ្មោះទៅជា «មូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹក»។ មូលដ្ឋានសមុទ្ររាម គឺជា​មូល​​ដ្ឋាន​មួយ​នៃ​កងទ័ពជើងទឹក ប្រើប្រាស់សម្រាប់កិច្ចការគ្រប់គ្រងសន្តិសុខ​លើលំហ​សមុទ្រ​​របស់កម្ពុជា។

បើទោះបីមូលដ្ឋានសមុទ្ររាម ត្រូវបានប្រើប្រាស់គ្រប់សម័យ​កាលនៃការ​ដឹក​នាំរដ្ឋបាល​របស់​កម្ពុជាជាបន្តបន្ទាប់យ៉ាងណាក្តី ​តែសមត្ថភាពនៃការប្រើ​ប្រាស់មូលដ្ឋានសមុទ្ររាម គឺស្ថិតក្នុងលក្ខខណ្ឌមួយមិនល្អប្រសើរនោះ​ឡើយ។

ដើម្បីលើកកម្ពស់សមត្ថភាពមូលដ្ឋានសមុទ្ររាមឱ្យកាន់តែខ្ពស់ក្នុងប្រតិបត្តិការលើកិច្ចការរក្សាសន្តិសុខ និងកិច្ចការការពារបូរណភាពទឹកដីនោះ នៅថ្ងៃ​ទី​២៣ ខែ មេសា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បាន​ចុះ​កិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការលើការកសាង និងប្រើប្រាស់នូវ​មជ្ឈ​មណ្ឌល ភស្តុភារ និងហ្វឹកហ្វឺនរួមគ្នានៅផែរាម។ ក្រុមការងារបច្ចេក​ទេស​ប្រទេសទាំងពីរ បានសហការយកចិត្តទុកដាក់ ក្នុងការស្រាវជ្រាវ សិក្សាពីស្ថានភាពទីតាំងភូមិសាស្ត្រ ស្ថានភាពដី ទឹក បរិស្ថានជុំវិញ និង​ដំណើរការវាស់វែង កំណត់ទីតាំងប្លង់មេ ដើម្បីដំណើរការសាងសង់។

នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារទាំងពីរ បាន រៀបចំពិធីបញ្ចុះ​បឋម​សិលាបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា «Drydock (អ៊ូ) Slipway (រ៉ៃ) ផែ សំចត និងស្ដារ ឃ្លង» ក្នុងមជ្ឈមណ្ឌលទំនើបកម្មមូល​ដ្ឋាន​​សមុទ្ររាម ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តម​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ និងជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការ​ពារជាតិ។

សូមរំលឹកថា ក្នុងដំណាក់កាលនៃការចាប់ផ្តើមសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានានៃការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាមនេះ បានរងនូវ​កម្លាំង​ព្យុះរារាំងយ៉ាងខ្លាំងក្លាពីសំណាក់ប្រទេសមួយចំនួន ជាពិសេសសហ​រដ្ឋ​​អាមេរិក។ អាមេរិក និងបណ្តាប្រទេសម្ព័ន្ធមិត្តមួយចំនួនផង បាននាំគ្នា​ចោទ​ប្រកាន់ថា កម្ពុជាបានប្រគល់មុលដ្ឋានសមុទ្ររាមឱ្យចិនយកទៅធ្វើ​ជាមូល​ដ្ឋានទ័ព។

ការចោទប្រកាន់ទាំងនេះ បានធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេច​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ អតីតរដ្ឋមន្ត្រីការពារជាតិ បានចេញមកពន្យល់ និងបំភ្លឺជាបន្តបន្ទាប់ លើគោលបំណង និងគោលដៅនៃការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម។

...

បើទោះបីរងការព្យាយាមរារាំងខ្លាំងក្លាយ៉ាងណាក្តី ក៏កម្ពុជាមិនបញ្ឈប់ការ​អភិវឌ្ឍមូលដ្ឋានសមុទ្ររាម ដើម្បីពង្រឹងខឿនការពារជាតិនោះឡើយ។ ក្រោមការជួយជ្រោមជ្រែងរបស់មិត្តចិន ការសាងសង់នូវសមិទ្ធផលនានាត្រូវបានធ្វើឡើងជាបន្តបន្ទាប់រហូតសម្រេចបានលទ្ធផល១០០ភាគរយ នៅឆ្នាំ២០២៥៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print