ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានចូលរួមជាអធិបតី ក្នុងពិធីប្រគល់-ទទួលទ្រព្យ សកម្ម និងសម្ភារសុខភាពអនាម័យជូនគ្រួសារក្រីក្រ នៃគម្រោង ពន្លឿនការស្តារឡើងវិញនូវជីវភាពរស់នៅ និងភាពធន់របស់ គ្រួសារងាយរងគ្រោះក្រោយវិបត្តិកូវីដ-១៩ (ហៅកាត់ ACRP)ដោយមានការអញ្ជើញចូលរួម ដោយ លោកនាយករដ្ឋបាលខេត្ត លោកស្រី ប្រធានមន្ទីរផែនការ លោក លោកស្រី អភិបាលរងស្រុករវៀង មន្ត្រីរាជការមន្ទីរផែនការ និងមន្ត្រីរដ្ឋបាលស្រុកជាច្រើនរូប។
ក្នុងឱកាសនោះដែរ លោក អភិបាលខេត្តបានមានប្រសាសន៍ថា ពិធីប្រគល់ទទួលសម្ភារសុខភាពអនាម័យ ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្រោមគម្រោង “ ពន្លឿនការស្តារឡើងវិញ នូវជីវភាពរស់នៅ និងភាពធន់របស់គ្រួសារងាយរងគ្រោះ ក្រោយ វិបត្តិកូវីដ-១៩ – របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) ក្រោមជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន តាមរយៈ ក្រសួងផែនការ នៅឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ នាឱកាសនេះ។គម្រោងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា(UNDP) ក្រោម ជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងផែនការ ខាងលើនេះ បានអនុវត្តលើ ៥ខេត្តគោលដៅ ដែលជួយដល់គ្រួសារ ក្រីក្រ និងងាយរងគ្រោះសរុប ៥.៥០០គ្រួសារ ដែលក្នុងនោះ ខេត្តព្រះវិហារ អនុវត្តលើ ០៣ឃុំ គឺ ឃុំរមទម ឃុំរតនៈ និងឃុំរៀបរយ នៃ ស្រុករវៀង ដែលមានគ្រួសារក្រីក្រ និងងាយរងគ្រោះសរុបចំនួន ៨០៧គ្រួសារ។
ការចែកសម្ភារនេះ ត្រូវបានរៀបចំធ្វើជា ០២លើក គឺ លើកទី១ នៅក្នុងឃុំរមទនេះ ដែលមានសម្ភារសម្រាប់សុខភាព អនាម័យ ចំនួន ៥៩៨គ្រួសារ និងលើកទី២ គ្រោងនឹងរៀបចំនៅ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ស្អែកនេះ នៅឃុំរតនៈ ដែលមាន៖ មាន់ ពូជបន្លែ និងសម្ភារកសិកម្ម ចំនួន ១៤៤គ្រួសារ ដែល នឹងរៀបចំរួមគ្នានៅក្នុងឃុំរតនៈ ស្រុករវៀង ផងដែរ។ទន្ទឹមនឹងនេះ ខ្ញុំសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ អាជ្ញាធរស្រុក ឃុំ និងភូមិ នៃស្រុករវៀងទាំងអស់ មន្ទីរផែនការខេត្ត និងអង្គការដៃគូអភិវឌ្ឍន៍នានា ដែលបានខិតខំអនុវត្តតួនាទី ភារកិច្ច របស់ខ្លួនសម្រេចបាននូវសមិទ្ធផលជាច្រើន គួឱ្យកត់សម្គាល់ ជា ពិសេសគឺ កិច្ចសហការគាំទ្រក្នុងការរៀបចំទិន្នន័យអត្តសញ្ញាណកម្ម គ្រួសារក្រីក្រ ប្រកបដោយសុក្រឹត្យភាព ត្រឹមត្រូវចំគោលដៅ ដែលជា មូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម ប្រើប្រាស់ជាប្រភពទិន្នន័យ គោលសម្រាប់កម្មវិធីជាតិជំនួយសង្គមនានា សំដៅចូលរួមចំណែក ឈានទៅសម្រេចបាន តាមផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតលើការបន្តអភិវឌ្ឍន៍ ប្រព័ន្ធគាំពារសង្គម ដោយឈរលើស្មារតី ” មិនបោះបង់ពលរដ្ឋណា ម្នាក់ឡើយ”។ ជាមួយគ្នានេះ សូមថ្លែងអំណរយ៉ាងជ្រាលជ្រៅបំផុត ដល់ក្រសួងផែនការ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន និងកម្ម វិធីអភិវឌ្ឍសហប្រជាជាតិ (UNDP) ដែលផ្តួចផ្តើមក្នុងការរៀបចំ គម្រោងនេះឡើង សំដៅជួយពន្លឿនការស្តារឡើងវិញនូវជីវភាពរស់នៅ និងភាពធន់របស់គ្រួសារងាយរងគ្រោះ ក្រោយវិបត្តិកូវីដ-១៩ នៅកម្ពុជា ៕
ដោយ ៖ សិលា