យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃទី៨ ខែមេសា រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសការសម្រេចចិត្តរបស់ខ្លួនក្នុងការរៀបចំការបោះឆ្នោតប្រធានាធិបតីមុនកាលកំណត់នៅថ្ងៃទី៣ ខែមិថុនា ដើម្បីស្វែងរកអ្នកជំនួសតំណែងអតីតប្រធានាធិបតី Yoon Suk Yeol ដែលត្រូវបានចោទប្រកាន់នាពេលថ្មីៗនេះ។
ការសម្រេចនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលបានធ្វើឡើងត្រឹមតែបួនថ្ងៃបន្ទាប់ពីតុលាការធម្មនុញ្ញបានសម្រេចចិត្តទម្លាក់លោកប្រធានាធិបតី Yoon ជុំវិញការប្រកាសច្បាប់អាជ្ញាសឹកកាលពីយប់ថ្ងៃទី 3 ខែធ្នូឆ្នាំមុន។ យោងតាមរដ្ឋធម្មនុញ្ញកូរ៉េខាងត្បូង ការបោះឆ្នោតប្រធានាធិបតីថ្មីត្រូវតែធ្វើឡើងក្នុងរយៈពេល 60 ថ្ងៃបន្ទាប់ពីតំណែងប្រធានាធិបតីទំនេរ។
រដ្ឋាភិបាលកូរ៉េខាងត្បូងក៏បានប្រកាសថាថ្ងៃទី 3 ខែមិថុនានឹងត្រូវបានទទួលស្គាល់ជាបណ្តោះអាសន្នជាថ្ងៃឈប់សម្រាកជាតិដើម្បីជួយសម្រួលដល់ការចូលរួមរបស់អ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោត។
ទន្ទឹមនឹងនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចាប់ផ្តើមទទួលយកការចុះឈ្មោះបេក្ខជនជាបឋមភ្លាមៗ បន្ទាប់ពីសេចក្តីសម្រេចចោទប្រកាន់ប្រធានាធិបតី Yoon កាលពីថ្ងៃទី 4 ខែមេសា។
យោងតាមផែនការបោះឆ្នោត ថ្ងៃផុតកំណត់ជាផ្លូវការសម្រាប់ការចុះឈ្មោះបេក្ខជនគឺថ្ងៃទី 11 ខែឧសភា ហើយយុទ្ធនាការបោះឆ្នោតនឹងចាប់ផ្តើមមួយថ្ងៃក្រោយមក។ មន្ត្រីដែលចុះឈ្មោះឈរឈ្មោះជាប្រធានាធិបតីត្រូវលាលែងនៅថ្ងៃទី៤ ខែឧសភា យ៉ាងហោចណាស់ ៣០ថ្ងៃមុនថ្ងៃបោះឆ្នោត។ ប្រធានាធិបតីថ្មីនឹងចូលកាន់តំណែងភ្លាមៗបន្ទាប់ពីលទ្ធផលបោះឆ្នោតត្រូវបានគេដឹងដោយគ្មានរយៈពេលអន្តរកាល។
កន្លងមក ប្រទេសកូរ៉េខាងត្បូងក៏បានរៀបចំការបោះឆ្នោតមុនកាលកំណត់ដូចគ្នានៅថ្ងៃទី 9 ខែឧសភា ឆ្នាំ 2017 បន្ទាប់ពីប្រធានាធិបតី Park Geun Hye ត្រូវបានចោទប្រកាន់៕ ដោយធីរីណា
រូបថត: TTXVN