ភ្នំពេញ ៖ យុវជនម្នាក់ពេលថ្ងៃជានិស្សិត ពេលយប់ធ្វើការជាសន្តិសុខក្រោយចប់ម៉ោងធ្វើការជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ងងុយដេកធ្លាក់ភ្នែករេចង្កូតបុកទ្រូងផ្លូវបណ្ដាលឲ្យដួលស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៥០នាទីព្រឹក ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅក្បែរស្តុបអាងទឹកអូឡាំពិក លើកំណាត់ផ្លូវលេខ២១៧ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពពីអ្នកស្គាល់គ្នាបានឲ្យដឹងថា យុវជនរងគ្រោះមានឈ្មោះ លន់ឌី ភេទប្រុស អាយុប្រមាណ២០ឆ្នាំ មានទីកន្លែងកំណើតនៅខេត្តព្រៃវែង ចំណែកបច្ចុប្បន្នរស់នៅម្តុំលូ៥ ខណ្ឌមានជ័យ ។ យុវជនខាងលើ ជានិស្សិតឆ្នាំទី១ ដោយពេលយប់ធ្វើការជាសន្តិសុខ លុះចប់ម៉ោងធ្វើការក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញនៅលូ៥ តែអកុសលតាមផ្លូវបែជាជួបគ្រោះថ្នាក់ស្លាប់ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលលក់បន្លែនៅក្បែរទីតាំងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជនខាងលើ ជិះម៉ូតូម៉ាក ហុងដាឌ្រីមស៊េ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GQ-7720 ធ្វើដំណើរតាមវិថីព្រះសីហនុ ទិសដៅពីត្បូងទៅជើង ។
លុះមកដល់ស្តុបអាងទឹកអូឡាំពិចយុវជនខាងលើបានបត់ឆ្វេង តែជាអកុសល បានជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យខ្ទាតជាច្រើនម៉ែត្រដួលម៉ូតូបោកក្បាលស្លាប់តែម្ដង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង និងបានឲ្យអ្នកស្គាល់គ្នាជាមួយសពយុវជនខាងលើ ទាក់ទងទៅកាន់បងប្រុសរបស់សព ដើម្បីធ្វើដំណើរមកកាន់ទីតាំងកើតហេតុ ទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ ភារ៉ា ដង្កោ