ខេត្តពោធិ៍សាត់ ៖ ប្រភពរាយការណ៍នានាពីកន្លងកើតហេតុ នាព្រឹកថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ នេះថា នៅព្រឹកព្រលឹមនេះមានអគ្គីភ័យមួយ បានឆាបឆេះផ្ទះលក់ឥវ៉ាន់១ខ្នងអស់ទាំងស្រុង ខណៈគេសង្ស័យអាចបណ្ដាលមកពី ផ្សាដែក(ត្រាក់ទ័រ)ធ្វើឲ្យឆាបឆេះប្រេងសាំង និងហ្គាស ទើបបណ្ដាលឲ្យរាលឆេះផ្ទះបែបនេះតែម្ដង ។
ប្រភពរាយការណ៍ឲ្យដឹងទៀតថា ហេតុការណ៍គ្រោះអគ្គីភ័យឆាបឆេះផ្ទះសម្បែងប្រជាពលរដ្ឋខាងលើ កើតមានឡើងនៅចំណុចក្បែរ វត្តគីរីមន្នីឧត្ដម ហៅវត្តដំបូក១០០ ស្ថិតនៅភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្ត ពោធិសាត់ ។
ប្រភពដដែលឲ្យដឹងថា ម្ចាស់ផ្ទះត្រូវបានគេស្គាល់ឈ្មោះ ឃឹង កុសល ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ និងប្រពន្ធឈ្មោះ ហ៊ិន យ៉ាន អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ និងកូនប្រុសស្រីចំនួន០៥នាក់ ក្នុងបន្ទុកគ្រួសារ(ពុំមានរងរបួសនោះទេ)។ ចំណែកផ្ទះត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុង(ថ្មក្រោមឈើលើ)ទំហំ ៦ម៉ែត្រ គុណ៨ម៉ែត្រ ក្រាលក្ដារ ជញ្ជាំងបាំងក្ដារ ដំបូលប្រក់គ្បឿង ផ្នែកខាងមុខតសម្យាបប្រវែង១២ម៉ត្រ និងចម្ហៀងប្រវែង៨ម៉ែត្រ ។
ប្រភពបញ្ជាក់ថា ចំពោះសម្ភារខូចខាតទាំងស្រុងរួមមានៈ ម៉ូតូចំនួន០៣គ្រឿង អីវ៉ាន់ចាប់ហួយ គឿងសំណង់ គ្រែ តុ ទូ ចាន ឆ្នាំង សម្លៀក បំពាក់ ស្រូវ អង្ករ ឯកសារផ្សេៗ ។ មូលហេតុ ផ្សាដែក(ត្រាក់ទ័រ)ធ្វើឲ្យបែកផ្កាភ្លើងឆាបឆេះសាំង និងផ្ទុះហ្គាស ទើបបន្តរាលឆេះផ្ទះបែបនេះ ។ ករណីគ្រោះអគ្គីភ័យឆាបឆេះផ្ទះសម្បែងនេះ កម្លាំងសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគ្ររ ចេញរថយន្តពន្លត់អគ្គីភ័យចំនួន១គ្រឿង ដើម្បីជួយអន្តរាគមន៍ ដោយបាញ់ទឹកអស់ចំនួន២រថយន្ត ៕
ដោយៈ ប៉ឹម ពិន