ខេត្តត្បូងឃ្មុំ៖ អ្នកនាំពាក្យសាលាដំបូងខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១០ ខែមេសា ឆ្នាំ២០២៥នេះ មានកិត្តិយស សូមជម្រាបជូនដល់សាធារណជនជ្រាបថា សាលាដំបូងខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៩ ខែមេសាម្សិលមិញនេះ បានចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ៣៤១ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ មានជនត្រូវចោទមានខ្លួនចំនួន ០១នាក់ ឈ្មោះ តុល ភារៈ ហៅ រាក់ ភេទ ប្រុស អាយុ ១៩ឆ្នាំ និងបក្ខពួក ដោយកាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៥ល្ងាច នៅចំណុច វិទ្យាល័យ “ហ៊ុន សែន ត្រពាំងឫស្សី ស្ថិតនៅភូមិត្រពាំងឫស្សី ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្នុង កម្មវិធីសង្ក្រាន្តឆ្នាំថ្មី មានក្រុមក្មេងទំនើងចំនួន ២ក្រុម ដោយក្រុមក្មេងទំនើងមួយក្រុម មានឈ្មោះ តុល ភារៈ ហៅ រាក់ ភេទប្រុស អាយុ ១៩ឆ្នាំ, ឈ្មោះ ជិញ យ៉ុងស៊ូ ភេទប្រុស អាយុ ១៨ឆ្នាំ, ឈ្មោះ រិទ្ធី រតណា ភេទប្រុស អាយុ ១៩ឆ្នាំ, ឈ្មោះ ខុន ម៉េង ភេទប្រុស អាយុ ២០ឆ្នាំ, ឈ្មោះ ខុន ចាន់ម៉ី ភេទប្រុស អាយុ ១៩ឆ្នាំ, ឈ្មោះ គា ឧត្តម ហៅ ឧត្តម ភេទប្រុស អាយុ ១៨ឆ្នាំ និងបក្ខពួក ចំណែកក្រុមក្មេងទំនើងមួយក្រុមទៀត មានឈ្មោះ ម៉ោង លាភ ភេទប្រុស អាយុ ១៧ឆ្នាំ និងបក្ខពួក បានធ្វើសកម្មភាពប្រើអំពើហិង្សាវាយគ្នាទៅវិញទៅមក បង្កឲ្យ មានការភ្ញាក់ផ្អើលចលាចលយ៉ាងខ្លាំង ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរកាពប្រាំ បានអន្តរាគមន៍ ចាប់ខ្លួន ជនត្រូវចោទម្នាក់ឈ្មោះ តុល ភារៈ ហៅ រាក់ នៅនឹងកន្លែងកើតហេតុ រីឯក្មេងទំនើងផ្សេងទៀតបានរត់ គេចខ្លួនបាត់ ។
ជនត្រូវចោទ ០១នាក់ខាងលើ ត្រូវបានចោទប្រកាន់ពីបទ ហិង្សាដោយចេតនាដោយចេតនាមាន ស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិត្រពាំងឫស្សី ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងរួចមក ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តត្បូងឃ្មុំ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទ ០១នាក់ខាងលើ ចំពោះជនត្រូវចោទ ផ្សេងទៀត ដែលរត់គេចខ្លួន ចៅក្រមស៊ើបសួរបានបន្តចំណាត់ការតាមនីតិវិធីច្បាប់ ។
ចំពោះសកម្មភាពរបស់ក្មេងទំនើង ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខសាន្ត របស់ប្រជាពលរដ្ឋ តុលាការនឹងកំពុងបន្តអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងតឹងរឹង ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ៕ដោយ៖តារា