ជាលើកទីមួយអាមេរិកបញ្ចូនយន្តហោះចម្បាំងបំបាំងកាយ​ F-35 ទៅកាន់ជប៉ុន

ចែករំលែក៖

រដ្ឋាភិបាលជប៉ុនកាលពីថ្ងៃទី២២ ខែសីហា បានឲ្យដឹងថា អាមេរិកមានគម្រោងបញ្ចូនយន្តហោះចម្បាំងបំបាំងកាយ១៦គ្រឿងប្រភេទ F-35 ទៅកាន់ទីតាំងយោធានៅក្នុងខេត្ត Yamaguichi ប្រទេសជប៉ុន។ នេះជាលើកទីមួយហើយដែលអាមេរិកបញ្ចូនយន្តហោះចម្បាំងបំបាំងកាយទៅក្រៅប្រទេស ដើម្បីបំពេញតាមការសន្យាជាមួយជប៉ុននៅក្នុងការធ្វើឲ្យមានទល្យភាពយោធានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

សារព័ត៌មានក្យូដូ របស់ជប៉ុនបានផ្សាយថា មន្ត្រីទីក្រុង Iwakuni ស្ថិតនៅក្នុងខេត្ត Yamaguchi បានត្រៀមលក្ខណសម្រាប់ទទួលស្វាគមន៍យន្តហោះចម្បាំងបំបាំងកាយអាមេរិក ដើម្បីជួយការពារដែនអធិបតេយ្យរបស់ជប៉ុនក៏ដូចជាការពារសន្តិសុខដូចកិច្ចព្រមព្រៀងការពាររបស់អាមេរិកនិងជប៉ុន។ ការដាក់ពង្រាយយន្តហោះនោះធ្វើឡើងពីរឡើកមួយលើក១០គ្រឿងនិងមួយលើកទៀត៦គ្រឿង។

យន្តហោះចម្បាំងខាងលើជាប្រភេទទំនើបបំផុតផលិតឡើងដោយក្រុមហ៊ុន Lockheed Martin របស់អាមេរិក។ យន្តហោះនោះមានប្រព័ន្ធបំបាំងកាយគេចផុតពីរ៉ាដារបស់សត្រូវ ក៏ដូចជាប្រព័ន្ធធ្វើឲ្យរ៉ាដារបស់សត្រូវ ត្រូវហ្វឹកវរចាប់មិនបាន ។ លើសពីនេះទៅទៀតយន្តហោះនេះមានល្បឿនលឿនជាងយន្តហោះចម្បាំងនានា។

គម្រោងដាក់យន្តហោះចម្បាំងបំបាំងកាយនៅទីតាំងប្រទេសជប៉ុន និងកូរ៉េខាងត្បូង ត្រូវបានរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Ashton Carter ប្រកាសកាលពីខែមេសា ឆ្នាំ២០១៦។ ពេលនោះដែរប្រធានាធិបតីអូបាម៉ា ក៏បានសន្យាថា និងការពាររដ្ឋាភីបាលទីក្រុងតូក្យូ គេចផុតពីការគម្រាមកំហែងរបស់សត្រូវ។

ទីតាំងយោធាអាមេរិកនៅ Iwakuni ក៏នឹងទទួលយន្តហោះចម្បាំង ៥៩គ្រឿងផ្សេងទៀតដែលបញ្ចូនពីទីតាំង Atsugi ស្ថិតនៅក្នុងខេត្ត កាណាហ្គាវ៉ា នៅឆ្នាំ២០១៦។ ទាំងនោះជាសកម្មភាពបង្កើតកម្លាំងការពារដល់ប្រទេសជប៉ុន ក្នុងពេលដែលសន្តិសុខជប៉ុនកំពុងរងការគម្រាមកំហែងពីកូរ៉េខាងជើងនិងចិន។

ការប្រកាសបញ្ចូនយន្តហោះរបស់អាមេរិកកើតឡើងចំពេលដែលចិនបានគម្រាមជប៉ុនថានឹងប្រើប្រាស់កម្លាំងយោធាប្រឆាំងទៅនឹងប្រទេសជប៉ុន ប្រសិនបើទីក្រុងប៉េកាំត្រូវបានបង្ខំឲ្យធ្លាក់ចូលក្នុងផ្លូវទល់ក្នុងវិវាទសមុទ្រចិនភាគខាងត្បូង។

សារព័ត៌មានក្យូដូ របស់ជប៉ុនកាលពីថ្ងៃទី២១ ខែសីហា បានដកស្រង់ប្រភពព័ត៌មានពីប្រទេសជប៉ុនបានឲ្យដឹងថា ចិនបានផ្ញើការប្រមានដល់មន្ត្រីជាន់ខ្ពស់ជប៉ុន កុំឲ្យជ្រៀតជ្រែងចូលក្នុងបញ្ហាសមុទ្រចិនភាគខាងត្បូង អាចនិងត្រូវប៉ះទង្គិចគ្នាដោយហិង្សា។

អគ្គរដ្ឋទូតចិន ប្រចាំនៅជប៉ុន លោក Cheng Yonghua បានបញ្ចាក់ថា ទីក្រុងតូក្យូបានឆ្លងផុតបន្ទាត់ក្រហម ដោយបានទៅចូលរួមក្នុងសកម្មភាពដឹកនាំដោយអាមេរិកនៅក្នុងដែនសមុទ្រចិនភាគខាងត្បូង។ ទាំងនោះហើយអាចធ្វើឲ្យទំនាក់ទំនងរវាងចិន និងជប៉ុន កាន់តែតានតឹងជាងនេះ ។

លោក cheng yonghua បញ្ចាក់ទៀតថា ទីក្រុងប៉េកាំនឹងត្រូវប្រើប្រាស់កម្លាំងយោធានប្រសិនបើត្រូវបង្ខំឲ្យដើរចូលផ្លូវទាល់នោះ។ ទទឹមនិងនោះមន្ត្រីការបរទេសចិនក៏បានប្រមានផងដែរថា  «និងមិនមានការយោគយល់អំពីអធិបតេយ្យភាព ហើយនឹងប្រើកម្លាំងយោធាដើម្បីការពារ»។

រដ្ឋាភិបាលទីក្រុងតូក្យូ មិនជាប់ពាក់ព័ន្ធនិងវិវាទនៅដែនសមុទ្រចិនភាគខាងត្បូងនោះឡើយ ប៉ុន្តែចិន និងជប៉ុន មានវិវាទប្រជុំកោះសែនការគូ នៅសមុទ្រចិនភាគខាងកើត ដែលចិនកំពុងតែទាមទាពីជប៉ុនមកវិញ។ កោះសែនការគូត្រូវបានចិនចាត់ទុកថា ជប៉ុនដណ្តើមគ្រប់គ្រងនៅក្នុងសង្គ្រាមលោកលើកទីពីរហូតមកទល់ពេលនេះ៕

1 (1) 1 (2)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print