មេប៉ុស្តិ៍កោះរះ ស្រុកល្វាឯម ប្រាប់ពីការត្រៀមលក្ខណៈធានាសន្តិសុខជូនពលរដ្ឋ និងបទពិសោធគ្មានពេលនៅផ្ទះរាល់រដូវបុណ្យទាន

ចែករំលែក៖

ភ្នំពេញ ៖ ចូលកាន់មុខតំណែងជានាយប៉ុស្ដិ៍នគរបាលរដ្ឋបាលបាន៣ឆ្នាំ លោកវរសេនីយ៍ត្រី នង លីកា នាយប៉ុស្ដិ៍រដ្ឋបាលឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល បានផ្ដល់បទសម្ភាសមកកាន់ក្រុមមន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ថា លោកបានត្រៀមលក្ខណៈរួចជាស្រេចដើម្បីដឹកនាំមន្រ្តីនគរបាលប៉ុស្តិ៍សហការធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋក្នុងឱកាសឆ្នាំថ្មី។

បើតាមលោកវរសេនីយ៍ត្រី នង លីកា ការងារស្នូលនាឱកាសចូលឆ្នាំថ្មីនេះ ត្រូវបានលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត យកចិត្តទុកដាក់ប្រជុំបញ្ជាណែនាំរួចជាស្រេច ហើយអធិការនគរបាលស្រុក ក៏បានប្រជុំដឹកនាំតម្រង់ទិសរួចរាល់ហើយ ពោលគឺចាប់ពីពេលនេះតទៅ ខណៈប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរបស់លោក ក៏បានរៀបចំផែនការលម្អិត និងបានប្រជុំទទួលគោលការណ៍សហការបន្ថែមជាប្រចាំជាមួយក្រុមប្រឹក្សាឃុំផងដែរ។ លោកសង្កត់ធ្ងន់ថា«ពីឥលូវនេះទៅ ពួកយើងនឹងធានាឱ្យបានរហូតដល់ចប់ចូលឆ្នាំ នូវសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ»។

លោកវរសេនីយ៍ត្រី បន្ថែមថា សម្រាប់មូលដ្ឋានលោក គឺមានគោលដៅ៣ត្រូវប្រចាំការធានាសុវត្ថិភាពខ្ពស់ ទី១.គោលដៅប្រចាំការនៅវត្តបុទុមចេតិយ (កោះរះលើ) ២.ក្រុមគោលដៅប្រចាំការនៅវត្តវាលអណ្ដែត (កោះរះក្រោម) និង៣.ក្រុមគោលដៅប្រចាំការនៅលោកតាស្រុក (ពេលយប់) ដោយគោលដៅទាំងនេះ មានទាំងកម្លាំងនគរបាល និងកម្លាំងប្រជាការពារ សរុបមួយគោលដៅជាង១០នាក់ឯណោះ។

ឆ្លើយនឹងសំណួរថាតើលោកខ្លួនឯង និងមន្រ្តីប៉ុស្តិ៍ បែងចែកដូចម្ដេចរវាងការងារស្នូល និងការជួបជុំគ្រួសារ? លោកមេប៉ុស្តិ៍ដែលមានបទពិសោធ បម្រើការងារជាមន្រ្តីនគរបាលប្រមាណ២០ឆ្នាំមកហើយនោះបានថ្លែងថា«និយាយទៅគឺធម្មតាទៅហើយ រាល់ឆ្នាំតែអីចឹងឯង មិនថាចូលឆ្នាំឬភ្ជុំទេ គឺពេលវេលាតិចណាស់បាននៅផ្ទះ តែបើជិះកាត់ទៅកាត់មកបែបច្រើនដង ព្រោះត្រូវនាំកម្លាំងចល័តតាមភូមិ តាមគោលដៅ។ ពេលខ្លះក៏សម្រួលឱ្យកូនចៅគ្នាបានទៅជុំពុកម៉ែបងប្អូនកន្លះព្រឹក។ ឥលូវពួកគាត់លែងប្រកាន់ហើយ គាត់ដឹងយើងរវល់ ព្រោះមនុស្សច្រើន យើងមានកាតព្វកិច្ចធានាសន្តសុខ សណ្ដាប់ធ្នាប់»។

លោកវរសេនីយ៍ត្រី នង លីកា អះអាងថា រូបលោក ក៏មិនខុសពីនរគបាលផ្សេងទៀតដែរ គឺគោលដៅចម្បងនាឱកាសពលរដ្ឋជួបជុំសប្បាយរដូវកាលបុណ្យទានដូចចូលឆ្នាំនេះ មានតែមួយគាត់គឺចង់ឃើញពលរដ្ឋសប្បាយប្រកបដោយសេចក្ដីសុខ សុវត្ថិភាព គ្មានអំពើហិង្សា គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានការសេពគ្រឿងញៀន គ្មានការលួចឆក់ប្លន់ គ្មានសម្លាប់ គ្មានរបួសដោយកត្តាផ្សេងៗ។ យ៉ាងណាក៏ដោយ លោកអះថាបំណងនេះ មិនអាចនគរបាលពួកលោក ឬអាជ្ញាធរឃុំភូមិសម្រេចបានតែឯកឯងនោះឡើយ គឺសំខាន់បំផុតការចូលរួមពីប្រជាពលរដ្ឋ។

លោកបានសំណូមពរទៅកាន់បងប្អូន ប្រជាពលរដ្ឋចូលរួមបង្កលក្ខណៈងាយស្រួលទាំងអស់គ្នា ដូចជាគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន ជាពិសេសនាក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីនេះ សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ មុន និងក្រោយពេលចាកចេញពីផ្ទះសូមពិនិត្យមើល ភ្លើង ធូប ទៀន  និងបិទចរន្តអគ្គិសនីឱ្យបានត្រឹមត្រូវ ចៀសវាងអគ្គីភ័យកើតមានឡើងជាយថាហេតុ ក្នុងនោះសម្រាប់មូលដ្ឋានលោកមានទន្លេ មានស្រះ មានបឹង ក៏សូមអាណាព្យាបាលប្រយ័ត្នកូនចៅបបួលគ្នាទៅលេងទឹកដែលអាចបណ្ដាលឱ្យលង់ជួបគ្រោះថ្នាក់៕

...

ដោយ ៖ កញ្ញា សេង សុខហ៊ុន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print