សេចក្តីប្រកាសព័ត៌មាន ស្តីពីវិធានការការពារ និងរក្សាសុខភាព នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

ចែករំលែក៖

ភ្នំពេញ​៖​ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ក្រសួងសុខាភិបាល នៅព្រឹក​ថ្ងៃ​សុក្រ​ទី​១១​ ខែមេសា​ ឆ្នាំ​២០២៥នេះ​ សូមជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ សូមជួបតែសេចក្តីសុខសុភមង្គល សុខភាពល្អបរិបូណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ចការងារ ព្រមទាំងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល សូមអំពាវនាវក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួន ប្រកបដោយស្មារតីទទួលខុស ត្រូវខ្ពស់ ដើម្បីបង្ការនូវជំងឺផ្តាសាយបក្សី និងការពុលអាហារ ពុលស្រា ស ឬបញ្ហាសុខភាពផ្សេងៗ ដោយអនុវត្ត នូវវិធានការបង្ការនានា ដូចខាងក្រោម៖

*វិធានការបង្ការការចម្លងជំងឺផ្តាសាយបក្សី ការពុលចំណីអាហារ និង ពុលស្រា

– ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុល មុនចាប់កាន់អាហារ ឬប៉ះពាល់សត្វ បោចសម្អាតសត្វស្លាប លាងសម្អាតសាច់ និងវត្ថុផ្សេងៗ ដែលអាចជា ប្រភពចម្លងរោគ

– កុំប៉ះពាល់ ឬទទួលទាន មាន់ទា ឈឺ ឬងាប់ និងពាក់ស្រោមដៃ និងម៉ាស់ ឬយកក្រមាចងបិតច្រមុះ មុនពេលចាប់ កាន់មាន់ទាធ្វើម្ហូបអាហារ រួចហើយស្រុះវាក្នុងទឹកពុះមុននឹងបោចសម្អាតរោម

– ចុងភៅត្រូវទុកដាក់អាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា សម្អាតសម្ភារប្រើប្រាស់សម្រាប់ចម្អិនម្ហូបអាហារ ឱ្យបានត្រឹមត្រូវ និងត្រូវចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អមុនបរិភោគ ជាពិសេសសាច់សត្វបក្សី ស៊ុត នឹងអាហារ សមុទ្រ។ កុំទទួលទានពងមាន់ ឬពងទាជ័រព្នៅ និងទុកដាក់អាហារឆៅ និងឆ្អិនឱ្យនៅដាច់ដោយឡែកពីគ្នា។ នៅពេលលោកអ្នកទិញម្ហូបអាហារដែលឆ្អិនស្រាប់នៅតាមផ្សារ ឬតាមដងផ្លូវ ត្រូវប្រាកដថា អាហារទាំងនោះ ឆ្អិនល្អ មានអនាម័យ និងមានសុវត្ថិភាព ដោយការវេចខ្ចប់បានល្អ

– ប្រសិនបើមានមាន់ទាឈឺ ឬងាប់ច្រើននៅផ្ទះ ឬក្នុងភូមិ ហើយមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដក ដង្ហើម សូមប្រញាប់ស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ

– ត្រូវទុកដាក់ចំណីអាហារក្នុងសីតុណ្ហភាពមានសុវត្ថិភាព។ កុំរក្សាទុកអាហារក្នុងកន្លែងដែលមានសីតុណ្ហភាព ធម្មតាលើសច្រើនម៉ោង (បើចង់ទុកបានល្អ ត្រូវរក្សាសីតុណ្ហភាពត្រជាក់ត្រូវតិចជាង ៥អង្សាសេ និងបើក្តៅ គឺ ត្រូវលើសពី ៦០អង្សាសេ។ សុវត្ថិភាពល្អ គឺចម្អិនអាហារមួយពេលសម្រាប់តែមួយពេល ដោយមិនទុកអាហារ សេសសល់យូរដែលអាចផ្លូម ដែលបង្កឱ្យមានការជំងឺរាក ឈឺពោះ ក្អួតជាដើម)

– ត្រូវប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមមានគុណភាពល្អ ហើយមិនត្រូវប្រើប្រាស់សារធាតុគីមីបន្ថែម

– ទទួលទានចំណីអាហារ និងពិសាទឹកឆ្អិនដាំពុះដែលមានអនាម័យ និងសុវត្ថិភាពល្អ

– កុំប្រើប្រាស់ចំណីអាហារដែលរក្សាទុកហួសកាលកំណត់ប្រើប្រាស់។

– ⁠មិនត្រូវទទួលទានស្រា ស ដែលគ្មានប្រភពផលិតច្បាស់លាស់ ឬយកមេតាណុល មកលាយធ្វើជាស្រា ស បង្ក ឱ្យមានការពុលរហូតដល់ស្លាប់បាត់បង់ជីវិត

– កាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ដែលអាចបង្កអំពើហឹង្សា និងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ វិធានការបង្ការជំងឺឆ្លងផ្សេងទៀត និងសុវត្ថិភាពក្នុងពេលចូលឆ្នាំ

– នៅពេលក្អកកណ្តាស់ ត្រូវខ្ទប់មាត់ដោយពាក់ម៉ាស់ ឬប្រើកន្សែងដៃ ឬប្រើផ្នត់កែងដៃ និងមិនត្រូវ ខាកស្តោះ ឬ បន្ទោបង់ពាសវាលពាសកាល

– ចៀសវាងការចូលរួមក្នុងទីប្រជុំជន ឬការធ្វើដំណើរ ប្រសិនបើអ្នកមានអាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព ហើយត្រូវទៅពិនិត្យព្យាបាលជំងឺឱ្យបានត្រឹមត្រូវ

– ត្រូវសម្រាន្តក្នុងមុង ស្លៀកពាក់ខោជើងវែង អាវដៃវែង ឱ្យបានជិត ដើម្បីបង្ការមូសខាំដែលអាចបង្កជាជំងឺគ្រុនឈាម

– ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់របស់របរ និង សម្លៀកបំពាក់ទាំងនៅក្នុង និងក្រៅផ្ទះឱ្យមានសណ្តាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយ ជម្រកមូស

– ពេលធ្វើដំណើរត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន

– ត្រូវប្រុងប្រយ័ត្ន និងបង្ការអគ្គីភ័យនៅតាមផ្ទះសម្បែងរៀងខ្លួន។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថាមានការឆ្លងជំងឺ សូម ប្រញាប់ទៅស្វែងរកការពិនិត្យពិគ្រោះនៅមណ្ឌលសុខភាព មន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងមកលេខ១១៥។

អាជ្ញាធរមូលដ្ឋាន សូមយកចិត្តទុកដាក់តាមដានស្ថានភាពសុខភាពប្រជាជនក្នុងតំបន់ ជាពិសេសជន ងាយរងគ្រោះ និងសហការចាត់ចែងជាបន្ទាន់ក្នុងករណីមានបញ្ហាសុខភាពណាមួយកើតឡើង។

អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និងថែរក្សាសុខភាព តាមរបៀបបង្ការខាងលើ។ ក្រសួង សុខាភិបាលនឹងបន្តធ្វើការជូនដំណឹង អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈ តាមបណ្តាញសង្គមផ្លូវការ របស់ក្រសួងសុខាភិបាល ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh។

...

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរសព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print