អភិបាលខេត្តស្ទឹងត្រែងអញ្ជើញចូលរួមពិធីសំពះគ្រូ និងបានប្រគល់នូវសម្ភារៈសិល្បៈមួយចំនួន ជូនដល់លោកស្រីប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ នៅឯសាលរបាំនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែង មានរៀបចំពិធីសំពះគ្រូ ដែលមានការអញ្ជើញដឹកនាំចាត់ចែងពិធីដោយ លោក ព្រឿង ឈៀង ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកជំទាវ (លោកគ្រូធំ និងអ្នកគ្រូ) និងមានការអញ្ជើញចូលរួមដោយលោក សរ សុពុត្រា អភិបាលនៃគណះអភិបាលខេត្ត លោកស្រី ញោច សារឿន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងមន្រ្តីរនៃ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែងជាច្រើនរូប។

គួបញ្ជាក់ថាមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំកិច្ចពិធីដ៏វិសេសវិសាល នាថ្ងៃនេះពោល គឺជាកិច្ចសំពះគ្រូ ដើម្បីរំឮកគុណដល់គ្រូបាធ្យាយ ដែលបានបណ្តុះបណ្តាល សិប្បករ សិល្បករគ្រប់ជំនាន់។ ពិធីនេះពិតជាមានអត្ថន័យធំធេងមិនត្រឹមតែសម្រាប់សិល្បករក្នុងខេត្តស្ទឹងត្រែង ប៉ុណ្ណោះទេ តែក៏ដូចជា សម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសផងដែរ ព្រោះខ្មែរ យើងបានចាត់ទុកគ្រូបាធ្យាយ ប្រៀបដូចម្តាយឪពុក ដែលអប់រំ ប្រៀនប្រដៅ តម្រែតម្រង់ទិសយើងគ្រប់ៗរូប ឱ្យធ្វើអំពើល្អ ខិតខំតស៊ូ រៀនសូត្រ ដើម្បីអនាគតថ្កើងថ្កាន។ ហេតុនេះហើយ បានជាយើងចាត់ទុកកិច្ចសំពះគ្រូនេះ មានអត្ថន័យធំធេងណាស់សម្រាប់ខ្មែរគ្រប់រូប។

ទន្ទឹមនិងនោះដែរ លោក សរ សុពុត្រា អភិបាលខេត្តបានប្រគល់នូវសម្ភារៈសិល្បៈមួយចំនួន ជូនដល់លោកស្រីប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែង (រួមមាន៖ ខ្មុកព្រះភក្ត្រលោកតាមុនីឥសី ព្រះរាម ព្រះល័ក្ខណ៍ ម្កុដនាង ហនុមាន ទសមុខ ម្កុដ សំពត់ អាវ ស្បៃ សក់ ៧ឈុត ព្រះឆាយាល័ក្ខណ៍សម្តេចព្រះរាមទេពនាថវដ្តីឯក និងគ្រែតម្កល់) ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងវិស័យសិល្បៈ និងវប្បធម៌ ។

...

ក្នុងនោះដែរលោកអភិបាលខេត្តស្ទឹងត្រែងក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះឯកឧត្តម ព្រឿង ឈៀង ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកជំទាវ (លោកគ្រូធំ និងអ្នកគ្រូ) ដែលបានអញ្ជើញធ្វើដំណើរក្នុងផ្លូវដ៏ឆ្ងាយ មកជួយដឹកនាំចាត់ចែងពិធីសំពះគ្រូ ដែលជាកិត្តិយស និងជាមោទនភាពបំផុត សម្រាប់ខេត្តស្ទឹងត្រែងយើង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print