ភ្នំពេញ៖ រថយន្តដឹកធ្យូងមួយគ្រឿងបានក្រឡាប់ផ្ងារជើង ដោយសារដឹកលើសចំណុះ បណ្ដាលឲ្យអ្នកបើកបរ និងព្រូរថយន្តរងរបួសស្រាល ចំណែកកម្មករជិះលើបាវធ្យូង បានរងរបួសបាក់ជើង២នាក់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង២០នាទីព្រឹក ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ នៅតាម បណ្តោយផ្លូវព្រះមុនីរ៉េត ត្រង់ចំណុចមុខសាលាប៊េលធីអន្តរជាតិ ស្ថិតក្នុងភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ត្រួយចេកឆ្នូតស ពាក់ស្លាកលេខភ្នំពេញ 3A-3902 ជារថយន្តដឹកធ្យូងអនាម័យចេញពីភូមិប្ញស្សី យកទៅតំបន់ទួលគោក ។ ចំណែកអ្នកបើកបរ និងអ្នករងរបួសទាំងអស់ មិនត្រូវបានស្គាល់ឈ្មោះទេ ។
ប្រភពដដែលបានបន្តឲ្យដឹងថា រថយន្តនេះបានដឹកសំពីងសំពោង ដោយដាក់ទំនិញខ្ពស់ លើសចំណុះ តាមផ្លូវព្រះមុនីរ៉េតដែលកំពុងស្ថាបនា ក្នុងទិសដៅពីត្បូងទៅជើង ដែលមានមនុស្ស៤នាក់ជិះក្នុងរថយន្ត គឺអ្នកបើកបរម្នាក់ ព្រូម្នាក់ជិះក្នុងកាប៊ិន និងកម្មករ២នាក់ជិះខាងក្រោយ។
ខណ:មកដល់ចំណុចកើតហេតុ រថយន្តបើកបត់ទៅលិច ប្រុងឡើងតាមផ្លូវវេងស្រេង តែរថយន្តបានផុងកង់ផ្នែក ខាងក្រោយ ទើបបណ្តាលឲ្យក្រឡាប់ ហើយបាវធ្យូងក៏សង្កត់លើកម្មករលីសែងដែលជិះលើបាវធ្យូងនោះ បាក់ជើងទាំង២នាក់ ដោយម្នាក់បាក់ជើងឆ្វេង និងម្នាក់បាក់ជើងស្តាំ ប៉ុន្តែមិនបណ្តាលឲ្យ មានគ្រោះថ្នាក់ដល់អ្នកដំណើរណាម្នាក់នោះឡើយ ដោយគ្រាន់តែបាវធ្យូងខ្ទាត ទៅប៉ះរថយន្តកូរ៉ូឡាមួយគ្រឿង ដែលកំពុងធ្វើចរាចរណ៍ក្បែរ ហើយចរចាសងថ្លៃខូចខាត ១០០ដុល្លារ។ ដោយឡែកឯអ្នកបើកបរនិងព្រូឡាន មិនបានរងរបួសនោះទេ ។
ក្រោយកើតហេតុ មន្ត្រីនគរបាលមូលដ្ឋាន សហការជាមួយ ប្រជាការពារបានចុះអន្តរាគមន៍ ជួយសម្រួលចរាចរណ៍ កុំអោយមានការកកស្ទះដល់អ្នកដំណើរ និងបានហៅម្ចាស់ក្រុមហ៊ុន មកសាងទំនិញ និងស្ទូចរថយន្តចេញពីផ្លូវភ្លាមៗ ។ ចំណែកកម្មករ ដែលរងរបួសបាក់ជើងទាំង២នាក់ នោះ ក៏ត្រូវបានដឹកបញ្ជូនទៅ កាន់មន្ទីរពេទ្យបន្ទាប់ពីនោះ ៕
ដោយ៖ វិបុល