ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ នៅសាលាភូមិន្ទរដ្ឋបាល បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយស ក្នុងបាឋកថាស្តីពី “ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍” ជូនដល់សិក្ខា កាមមន្ត្រីជាន់ខ្ពស់នៃវគ្គភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ ជំនាន់ទី៧នៃសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីលោកយក់ ប៊ុនណា រដ្ឋលេខាធិកាប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម លោកជំទាវ និងសិក្ខា កាមមន្ត្រីជាន់ខ្ពស់នៃវគ្គភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ជំនាន់ទី៧ សរុបចំនួនប្រមាណ ១៦២នាក់។
វគ្គបណ្តុះបណ្តាល «ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍» មានគោលបំណងចំនួន៣គឺ៖ ១). បង្កើនសមត្ថភាពក្នុងការយល់ដឹង (Knowing)៖ បង្កើនចំណេះដឹងអំពីភាព ជាអ្នកដឹកនាំនិងបង្កើននូវជំនាញនិងទំនុកចិត្ត ដើម្បីបង្កើតនិងអនុវត្តនូវផែនការសកម្មភាពរបស់អង្គភាព ២). បង្កើនសមត្ថភាពក្នុងការបំពេញការងារ (Doing)៖ អនុវត្តនូវទ្រឹស្ដីដើម្បីដោះស្រាយនូវបញ្ហាប្រឈម ជាក់ ស្តែងរបស់សិក្ខាកាម ឆ្ពោះទៅសម្រេចលទ្ធផលល្អប្រសើរតាមរបៀបថ្មីឬតាមរបៀបដែលកាន់តែឆាប់រហ័ស និងផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងនវានុវត្តន៍ ៣).បង្កើនសមត្ថភាពគាំទ្រគា្ន (Being)៖ ផ្នែកមួយនៃបណ្តាញអ្នកដឹកនាំ ដែលគាំទ្រគ្នាទៅវិញ ទៅមក តាមរយៈការចែករំលែកបទពិសោធជោគជ័យរបស់ខ្លួននិងជួយជ្រោមជ្រែងគ្នាទៅវិញទៅមកក្នុងការដោះស្រាយបញ្ហាប្រឈម ឬបង្កើតគម្រោងរួមគ្នាដែលមានលក្ខណអន្តរវិស័យ។
បន្ទាប់ពីស្ដាប់មតិស្វាគមន៍ និងរបាយការណ៍សង្ខេបរបស់លោករដ្ឋលេខាធិកាប្រចាំការរួចមក បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់សាលាភូមិន្ទរដ្ឋបាលដែលបានបង្កើតវគ្គសម្រាប់សិក្ខាកាមជាថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ដើម្បីទទួលបានចំណេះដឹង និងបទ ពិសោធន៍ពាក់ព័ន្ធនឹងចក្ខុវិស័យ ទស្សនាទាន ភាពជាគំរូក្នុងការដឹកនាំ និងនវានុវត្តន៍ក្នុងការងារកែទម្រង់និងការអនុវត្តគោលនយោបាយទាំងឡាយរបស់ក្រសួង- ស្ថាប័ន ស្របតាមការតម្រង់ទិសនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសរំលេចនូវចំណុចសំខាន់ចំនួន៥ ក្នុងបាឋកថា៖
– ចំណុចទី១ ផ្ដោតទៅលើ ”ការផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោក” ដែលឆ្លុះបញ្ចាំងពី សណ្តាប់ធ្នាប់នយោបាយ និងយោធា, សណ្តាប់ធ្នាប់សេដ្ឋកិច្ច និង សណ្តាប់ធ្នាប់បច្ចេកវិទ្យា។
– ចំណុចទី២ ផ្ដោតទៅលើ “និយមន័យភាពជាអ្នកដឹកនាំ” ពោលគឺ ភាពជាអ្នកដឹកនាំ ជាគោលគំនិតចម្រុះដែលរួមបញ្ចូល: សមត្ថភាពក្នុងការដឹកនាំ, ឥទ្ធិពល, និងការបំផុសគំនិតបុគ្គល ឬក្រុមឆ្ពោះទៅរកការសម្រេចគោលដៅ ឬចក្ខុវិស័យរួម។
– ចំណុចទី៣ ផ្ដោតទៅលើ “ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងកំណែទម្រង់” ដោយការគ្រប់គ្រងកំណែទម្រង់គឺជាការរៀបចំផែនការ ការអនុវត្ត និងត្រួតពិនិត្យគំនិត ផ្តួចផ្តើមនៃការផ្លាស់ប្តូរ ដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការអនុវត្តរបស់ក្រសួង រចនាសម្ព័ន្ធអភិបាលកិច្ច ឬសេវាសាធារណៈ ដើម្បីដោះស្រាយបញ្ហាភ្លាមៗ និងបង្កើតវប្បធម៌នៃការកែលម្អជាប្រចាំ។ គោលបំណងស្នូលក្នុងការគ្រប់គ្រងកំណែទម្រង់គឺជាការបង្កើនប្រសិទ្ធភាព ពង្រឹងតម្លាភាព លើកកម្ពស់គណនេយ្យភាព និងការរៀបចំរចនាសម្ព័ន្ធក្រសួង ដើម្បីសម្របខ្លួនទៅនឹងបរិយាកាសផ្លាស់ប្តូរ និងចុងក្រោយផ្តល់នូវលទ្ធផលល្អប្រសើរសម្រាប់អ្នកពាក់ព័ន្ធ ឬប្រជាពលរដ្ឋ។
– ចំណុចទី៤ ផ្ដោតទៅលើ “ការគ្រប់គ្រងការផ្លាស់ប្តូរ” ជាការអនុវត្ត និងគោលការណ៍គ្រប់គ្រងផ្នែកមនុស្សនៃការផ្លាស់ប្តូរដើម្បីទទួលបានលទ្ធផលដែលចង់បាន។ គោលដៅចម្បងនៃការគ្រប់គ្រងការផ្លាស់ប្តូរ គឺដើម្បីជួយដល់បុគ្គល និងស្ថាប័ន ក្នុងការសម្រចបានការផ្លាស់ប្តូរដោយរលូន និងប្រកបដោយប្រសិទ្ធភាព។
– ចំណុចទី៥ ផ្តោតទៅលើ “ការអនុវត្តភាពជាអ្នកដឹកនាំ” ដែលរួមមានគន្លឹះទី១៖ ត្រូវចេះមើលមនុស្ស និងចេះប្រើមនុស្សតាមជំនាញ, គន្លឹះទី២៖ ការកំណត់គោលដៅ, គន្លឹះទី៣៖ ផ្តោតលើចំណុចខ្លាំង, និងគន្លឹះទី៤៖ ការផ្តល់គំរូ។
ជាថ្មីម្ដងទៀតបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ដល់សិក្ខាកាមទាំងអស់ គប្បីដើរតួជាកត្តាជំរុញការផ្លាស់ប្តូរ ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងបរិបទវប្បធម៌ និងសង្គមផ្សេងៗគ្នា, មានចក្ខុវិស័យច្បាស់លាស់ គ្រប់គ្រងទាំងកម្រិតម៉ាក្រូ និងកម្រិតមីក្រូ ជាពិសេសបង្ហាញនូវការប្តេជ្ញាចិត្ត និងចំណង់ក្នុងការបំពេញតួនាទី និងទំនួលខុសត្រូវរបស់ខ្លួន ព្រមទាំងបានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួន និងជាពិសេសចាប់យកឱកាសនេះ ក្នុងការក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធល្អៗនៅក្នុងកម្មវិធីនេះ ពីការដឹកនាំកំណែទម្រង់ និងការគ្រប់គ្រងដឹកនាំស្ថាប័នទាំងក្នុងវិស័យសាធារណៈ និងឯកជន៕