ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍បាត់ដំបង សម្រេចសេចក្ដីដោះលែងជនជាប់ចោទឈ្មោះ ចិន ស្រីដា ឱ្យមានសេរីភាព នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យសាលាឧទ្ធរណ៍បាត់ដំបង មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា៖ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍បាត់ដំបងបានបើកសវនាការ ជាអសាធារណៈ ជំនុំជម្រះលើសំណុំរឿងសភាព្រហ្មទណ្ឌ (មុនអង្គសេក្តី)លេខ ៣៣៨ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ពីបទ៖ “គំរាមកំហែងហែកកេរ្តិ៍ ដែលមានជនជាប់ចោទឈ្មោះ ចិន ស្រីដា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កាន់សាសនាព្រះពុទ្ធ ទីលំនៅបច្ចុប្បន្ន ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ក្រោយធ្វើកិច្ចពិភាក្សាដេញដោលលើជនជាប់ចោទ ភាគីពាក់ព័ន្ធ និងបានពិនិត្យភស្តុតាង អង្គហេតុ និងអង្គច្បាប់ នាពេលសវនាការរួចមក ក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសជាអសាធារណៈនូវ សាលដីកា ព្រហ្មទណ្ឌ លេខ ០៤ “ច” ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ដោយបានសម្រេចសេចក្តី ដោះលែងជនជាប់ចោទ ឈ្មោះ ចិន ស្រីដា ឱ្យមានសេរីភាព។

សភាព្រហ្មទណ្ឌ នៃសាលាឧទ្ធរណ៍បាត់ដំបង នឹងបើកសវនាការលើសំណុំរឿងអង្គសេចក្តី នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print