អតីតប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol និងភរិយាត្រូវបានអមដំណើរចេញពីលំនៅឋាន Hannam-dong ហើយត្រឡប់ទៅរស់នៅក្នុងផ្ទះល្វែងមួយនៅភាគខាងត្បូងទីក្រុងសេអ៊ូល។
លោក Yoon និងភរិយា រួមជាមួយនឹងសត្វឆ្កែនិងសត្វឆ្មាជាង 10 ក្បាល នឹងត្រឡប់ទៅរស់នៅអគារផ្ទះល្វែង Acro Vista ភាគខាងត្បូងនៃទីក្រុងសេអ៊ូល។ នេះជាកន្លែងដែលលោក Yoon រស់នៅប្រហែល 6 ខែបន្ទាប់ពីឡើងកាន់តំណែង ខណៈពេលដែលរង់ចាំការបញ្ចប់ការសាងសង់វិមានប្រធានាធិបតីនៅទីក្រុង Hannam-dong ។
មនុស្សជាច្រើនបានប្រមូលផ្តុំគ្នានៅខាងក្រៅវិមានប្រធានាធិបតីដើម្បីបង្ហាញការគាំទ្រចំពោះលោក Yoon។ អតីតប្រធានាធិបតីកូរ៉េខាងត្បូង ថែមទាំងចាប់ដៃ និងឱបមនុស្សមួយចំនួនដោយដឹងគុណមុននឹងចាកចេញ។
លោក Yoon បានប្រាប់ហ្វូងមនុស្សថា “ថ្ងៃនេះ ខ្ញុំនឹងចាកចេញពីគេហដ្ឋានប្រធានាធិបតី។ ខ្ញុំពិតជាដឹងគុណចំពោះអ្នកគ្រប់គ្នាសម្រាប់ពេលនេះ។ ទោះបីជាខ្ញុំត្រលប់ទៅជីវិតជាពលរដ្ឋធម្មតាក៏ដោយ ខ្ញុំនឹងនៅតែស្វែងរកផ្លូវថ្មីដើម្បីបម្រើប្រទេសរបស់យើង” ។
នៅអគារផ្ទះល្វែង Acro Vista ប្រជាពលរដ្ឋជាច្រើននាក់ក៏បានរង់ចាំស្វាគមន៍លោក Yoon និងភរិយាផងដែរ។ សូម្បីតែបដាដ៏ធំមួយក៏ត្រូវបានដំឡើងនៅទីនេះដែរ។
ទោះបីជាត្រូវបានចោទប្រកាន់ដោយតុលាការធម្មនុញ្ញកូរ៉េខាងត្បូងក៏ដោយ ក៏លោក Yoon នៅតែមានសិទ្ធិទទួលបានការការពារសន្តិសុខពីសេវាសន្តិសុខប្រធានាធិបតី (PSS) រហូតដល់ 10 ឆ្នាំ។
កាលពីដើមសប្តាហ៍នេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសថា ការបោះឆ្នោតប្រធានាធិបតីបន្ទាប់របស់ប្រទេសនេះ ដើម្បីជ្រើសរើសអ្នកស្នងតំណែងរបស់លោក Yoon នឹងប្រព្រឹត្តទៅនៅថ្ងៃទី 3 ខែមិថុនា។ បេក្ខជននឹងត្រូវចុះឈ្មោះដើម្បីឈរឈ្មោះមុនថ្ងៃទី 11 ខែឧសភា ហើយពេលវេលាសម្រាប់ពួកគេដើម្បីធ្វើយុទ្ធនាការនឹងចាប់ផ្តើមនៅថ្ងៃទី 12 ខែឧសភា៕ ដោយធីរីណា
រូបថត: YONHAP