ខេត្តសៀមរាប បានបញ្ចប់ការងារវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុប្រមាណជាង៤ម៉ឺនបណ្ណ ជូនប្រជាពលរដ្ឋ ៦ក្រុង ស្រុក ក្នុងខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅសាលសន្នីសិទ្ធ សុខាសៀមរាប នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាប និង មន្ទីរដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត សហការជាមួយក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ បានរៀបចំពិធីបិទបញ្ចប់ការងារវាស់វែងក្បាលដីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនិងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣៨ពាន់៦៦៧ បណ្ណក្នុងក្រុង.ស្រុកទាំង៦ នៅក្នុងភូមិសាស្រ្តខេត្តសៀមរាប ក្រោមអធិបតីភាព សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា ដោយមានវត្តមានអញ្ជើញចូលរួមពីឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រុមប្រឹក្សាខេត្ត គណៈអភិបាល ខេត្ត អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ព្រមទាំងក្រុមការងារវាស់វែងដីធ្លី មេឃុំ ចៅសង្កាត់ មេភូមិនិង ប្រជាពលរដ្ឋមក០៦ក្រុង សុ្រក ប្រមាណជា ៣ពាន់នាក់ចូលរួម ។

ក្នុងកិច្ចស្វាគមន៍របស់លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបមានប្រសាសន៍ថា៖ការចុះបញ្ជីដីធ្លីគឺជាការងារដ៏សំខាន់ សម្រាប់ធានាដល់ការអភិវឌ្ឍនូវសង្គមជាតិ សុវត្ថិភាពការកាន់កាប់ដីធ្លី និងរក្សានូវសណ្តាប់ធ្នាប់សង្គម ដូចដែលបាន កំណត់នៅចំណុចបញ្ចកោណទី៤ មុំទី៤ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ស្ថិតក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការងារអាទិភាពចំនួន បី គឺ “ការចុះបញ្ជីដីធ្លីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ” ត្រូវបានកំណត់ដោយ លោក សាយ សំអាល់។ 

សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥  ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវក្តីត្រេកអរនិងចូលរួមអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋក្រុង ស្រុកទាំង៦ នៃខេត្តសៀមរាប ចំពោះលទ្ធផលជោគជ័យដ៏ល្អប្រសើរ និងប្រកបដោយមោទនភាពជាប្រវត្តិសាស្ត្រក្នុងវិស័យដីធ្លី ដែលខេត្តនេះ បានសម្រេចបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងឈានដល់ការផ្តល់បណ្ណកម្មសិទ្ធិជូនប្រជាពល រដ្ឋ សម្រាប់យកទៅប្រើប្រាស់ប្រកបដោយសុវត្ថិភាពនិងមានទំនុកចិត្ត។ សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ ថានេះជាជោគជ័យដ៏ល្អប្រសើរនិងប្រកបដោយមោទនភាពជាប្រវត្តិសាស្ត្រក្នុងវិស័យដីធ្លីដែលខេត្តសៀមរាបបានសម្រេចបញ្ចប់ការវាស់វែងក្បាលដីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនិងឈានដល់ការកសាងកម្មសិទ្ឋិជូនប្រជាពលរដ្ឋសម្រាប់យកទៅប្រើប្រាស់ប្រកបដោយសុវត្ថិភាពនិងមានទំនុកចិត្តលើកម្មសិទ្ឋរបស់ខ្លួនថែមទៀត។ សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា បច្ចុប្បន្ននេះកម្មសិទ្ឋដីធ្លីនៅកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជាទីបំផុតដើម្បីពង្រឹងសន្តិសុខលើការកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋតាមរយៈការជម្រុញចុះបញ្ជីដីធ្លី និងផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ។  សម្តេចពិជ័យសេនា ទៀ បាញ់  បានថ្លែងកោតសរសើរដល់រដ្ឋបាលខេត្តសៀមរាប និងអរគុណចំពោះបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមទាំងកម្លាំងកាយចិត្តយ៉ាងមមាញឹក មិនខ្លាចនឿយហត់ សម្រាប់ដំណើរការចុះបញ្ជីដីធ្លីលើគ្រប់នីតិវិធី និងគ្រប់ដំណាក់កាល ដើម្បីជម្រុញការងារចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ នាពេលនេះ ។ 

សូមជំរាបថា ការចុះបញ្ជីដីធ្លីគឺបានផ្តល់នូវសារប្រយោជន៍ជាសារវន្តទាំងពេលបច្ចុប្បន្ន និងនាពេល អនាគត សម្រាប់កម្មសិទ្ធិករ ជារដ្ឋក្តី រូបវន្តបុគ្គលក្តី និងនីតិបុគ្គលក្តី ដូចជា ៖១-រដ្ឋគ្រប់គ្រងបានដីធ្លីទាំងដីរដ្ឋ និងដីឯកជន ដែលធ្វើអោយរដ្ឋ មានភាពងាយស្រួលក្នុង ការងាររៀបចំដែនដីរដ្ឋបាលដីធ្លី ការបែងចែកដី ការលើកស្ទួយកំរិតជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ និងការកាត់បន្ថយទំនាស់ដីធ្លី ។ ២-ធានាសុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ។ ៣-ទទួលបាននូវសិទ្ធិស្របច្បាប់ ក្លាយជាម្ចាស់ដីពិតប្រាកដ ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ដែលអាចធ្វើការបង្កបង្កើនផល ឬប្រកបមុខរបរផ្សេងៗទៀត លើដីធ្លី របស់ខ្លួនដោយគ្មានការព្រួយបារម្ភ។ ៤-អាចប្រើប្រាស់ប័ណ្ណកម្មសិទ្ធិដី ដើម្បីផលប្រយោជន៍ផ្សេងៗ ក្នុងការប្រកបមុខរបរ ឬអាជីវកម្ម របស់ខ្លួន៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print