ឧបនាយករដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី៣ ខែសីហា បានប្រកាសថា ការបោះឆ្នោតសាកលនៅក្នុងប្រទេសថៃ អាចនឹងពន្យារពេលរហូតដល់ខែមេសា ឆ្នាំ២០១៧ ប្រសិនបើសេចក្តីព្រាងលក្ខន្តិកៈថ្មីស្តីពីការរៀបចំបោះឆ្នោតមានការជំទាស់ពីគណៈកម្មការកែទម្រង់សភាជាតិ ហើយដែលគ្រោងបើកសម័យប្រជុំនៅខែខាងមុខនោះ ។
រដ្ឋាភិបាលយោធាថៃត្រូវបានបង្កើតឡើង បន្ទាប់ពីការធ្វើរដ្ឋប្រហារកាលពីឆ្នាំមុននោះ ដើមឡើយបាននិយាយថា ខ្លួនមានបំណងរៀបចំឲ្យមានការបោះឆ្នោតសាកលដើម្បីស្តាររបបលទ្ធិប្រជាធិបតេយ្យឡើងវិញនៅក្នុងប្រទេសថៃ ដោយមិនហួសពីចុងឆ្នាំ២០១៥នោះឡើយ ។ ប៉ុន្តែនៅពេលក្រោយមកទៀតរដ្ឋាភិបាលនេះបានបញ្ជាក់ថា ខ្លួនពន្យារការបោះឆ្នោតរហូតដល់ឆ្នាំ២០១៦ ដើម្បីផ្តល់ឱកាសគ្រប់គ្រាន់សម្រាប់កែសម្រួល ក៏ដូចកែទម្រង់ ដែលក្រុមយោធានិយាយថា គឺដើម្បីធានាដល់ស្ថិរភាពនៅក្នុងប្រទេសនេះ បន្ទាប់ពីហែកហួរញាំញីដោយអំពើហិង្សាអូសបន្លាយពេលវេលារាប់ទសវត្សរ៍ដោយសារតែទំនាស់នៅក្នុងផ្នែកនយោបាយនោះ ។
សហរដ្ឋអាមេរិក ក៏ដូចជាសម្ពន្ធមិត្តដទៃផ្សេងទៀងចង់ឃើញរបបលទ្ធិប្រជាធិបេតយ្យកើតឡើងនៅក្នុងប្រទេសថៃកាន់តែឆាប់ កាន់តែប្រសើរ ប៉ុន្តែឧបនាយករដ្ឋមន្ត្រីថៃមួយរូប គឺលោក Wissanu Krea-ngam បានថ្លែងថា ការបោះឆ្នោតនៅក្នុងប្រទេសនេះអាចនឹងពន្យារពេលបន្ថែមទៀត ប្រសិនបើសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីរបស់ខ្លួនជួបនូវបញ្ហារាំងស្ទះ ឬទទួលរងការជំទាស់តវ៉ាប្រឆាំងនោះ ។
ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន លោក Wissanu បានបញ្ជាក់ថា ប្រសិនបើមានការបោះឆ្នោតមិនគាំទ្រសេចក្តីព្រាងរដ្ឋធម្មនុញ្ញនេះទេ នោះសេចក្តីច្បាប់ថ្មីនឹងត្រូវព្រាងធ្វើឡើងជាបន្តទៀតតាមរយៈការធ្វើប្រជាមតិ ។ វាយអាចពន្យារពេលការបោះឆ្នោតរហូតដល់ពេលយ៉ាងតិច១៩ខែ ចាប់ពីខែក្រោយនេះតទៅ ។
លោកបន្តថា ប្រសិនបើការព្រាងរដ្ឋធម្មនុញ្ញនេះទទួលបានសំឡេងគាំទ្រពីក្រុមប្រឹក្សាហើយនោះ ការធ្វើប្រជាមតិនឹងត្រូវប្រព្រឹតឡើងនៅថ្ងៃទី១០ ខែមករា ហើយជាបន្តបន្ទាប់ទៅទៀតគឺការបោះឆ្នោតដែលត្រូវរៀបចំធ្វើឡើងនៅក្នុងខែកញ្ញា ឆ្នាំ២០១៦ ។ រដ្ឋាភិបាលយោធាថៃ តែងតែអះអាងថា ការបោះឆ្នោតនឹងរៀបចំឡើងនៅក្នុងខែកញ្ញា ឆ្នាំ២០១៦ ៕