ខេត្តស្វាយរៀង៖ មានរឿងរ៉ាវគួរអោយភ្ញាក់ផ្អើលដល់អ្នកភូមិខណៈដែលឪពុកចិត្តតិរច្ឆានម្នាក់បានច្របាច់កកូនស្រីខ្លួនឯងស្លាប់ បន្ទាប់មកក៏ព្យាយាមចងកសម្លាប់ខ្លួន តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងនារសៀលថ្ងៃទី១៤ខែមេសាឆ្នាំ២០២៥នេះថា កូនស្រីរងគ្រោះមានឈ្មោះ រ៉ា ចន្ទមុី មានអាយុ៧ឆ្នាំ មានទីលំនៅភូមិសង្គម ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ចំណែកជនសង្ស័យជាឪពុកមានឈ្មោះ អ៊ួង និរ៉ន់ អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
ប្រភពបន្តថា កាលពីវេលាម៉ោង១៣និង២០នាទីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ នៅក្នុងភូមិសង្គម ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគគីរសោម បានទទួលព័ត៌មានពីប្រជាពលរដ្ឋឈ្មោះ នី សារី ភេទស្រី អាយុ៥២ឆ្នាំ រស់នៅភូមិសង្គម ឃុំគគីរសោម ស្រុកស្វាយទាប មកថា មានករណីឪពុកសម្លាប់កូនស្រី ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចជំនាញស្រុកបានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលគគីរសោមចុះទៅដល់កន្លែងកើតហេតុយកខ្សែមកឡោមព័ទ្ធជុំវិញទីតាំងកើតហេតុ។
ជនសង្ស័យក្រោយពីធ្វើសកម្មភាពរួចក៏បានព្យាយាមធ្វើអត្តឃាតខ្លួនឯង ដោយចងកនឹងដើមអាកាស្យាតែពុំបានសម្រេច ក្រោយមកត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចយកមកសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពគគីរសោម។
សមត្ថកិច្ចបានបញ្ជាក់ថា ដោយមានការចង្អុលដឹកនាំពីលោកវរសេនីយឯក គឹម ឡៃ ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ បានចាត់អោយលោកនាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងលោកនាយការិយាល័យបច្ចេកទេសខេត្ត រួមសហការជាមួយលោកវេជ្ជបណ្ឌិតស្រុកស្វាយទាប អ៊ូ ថៃស្រ៊ុន ចុះមកពិនិត្យធ្វើកោសល្យវិច័យសាកសពជនរងគ្រោះ។ ក្រោយមកសមត្ថកិច្ចជំនាញនិងគ្រូពេទ្យបានសន្និដ្ឋានថា ក្មេងស្រីឈ្មោះ រ៉ា ចន្ទមុី ពិតជាស្លាប់ដោយសារឪពុកច្របាច់កបណ្ដាលឲ្យស្លាប់ប្រាកដមែន។
ក្រោយពីធ្វើការសន្និដ្ឋានរួចនិងពិនិត្យចប់សព្វគ្រប់សមត្ថកិច្ចនិងអាជ្ញាធរភូមិឃុំបានប្រគល់សពទៅឲ្យក្រុមគ្រូសារធ្វើបុណ្យតាមប្រពៃណី។ រីឯជនសង្ស័យជាឪពុក សមត្ថកិច្ចបានបញ្ជួនទៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាបដើម្បីសង្គ្រោះព្យាបាលបន្ដនិងចាត់ការតាមច្បាប់៕