ការដាក់របាំងពន្ធគយរបស់សហរដ្ឋម៉េរិកបានធ្វើឱ្យខូច ទ្រង់ទ្រាយនៃការអភិវឌ្ឍសាកល

ចែករំលែក៖

អន្តរជាតិ ៖ នៅថ្ងៃទី២ មេសា រដ្ឋបាលអាមេរិករបស់លោក ដូណាល់ ត្រាំបានប្រកាសដំឡើងពន្ធលើទំនិញនាំចូលពីបណ្តាប្រទេសនានាលើសាកលលោក តាមអត្រាផ្សេងៗគ្នានៅចន្លោះពី ១០% ទៅ លើសពី ១០០% ដោយបានយករូបមន្តឱនភាពជញ្ជីងពាណិជ្ជកម្មមកចែកនឹងទំហំនៃការនាំចូល ហើយបានធ្វើការបញ្ចុះអត្រានេះ ៥០% ទៅវិញ។ ការដាក់ពន្ធគយទៅវិញទៅមក ដោយសហរដ្ឋអាម៉េរិក គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការធ្វើពាណិជ្ជកម្មអន្តរជាតិ និង ការប្រឆាំងទៅនឹងបទដ្ឋានគិតយុត្តិនានារបស់អង្គការពាណិជ្ជកម្មពិភពលោក។ ការដើរផ្ទុយពីទ្រឹស្តីថ្មីនៃពាណិជ្ជកម្មអន្តរជាតិដែលលើកម្ពស់ដល់សមាហរណកម្មពិភពលោក និងសាកលភាវូបនីយកម្មដោយផ្អែកលើច្បាប់      ថែមទាំងបានធ្វើឱ្យខូចខាតដល់ សណ្តាប់ធ្នាប់ពិភពលោក និង បានធ្វើឱ្យខូចនូវទ្រង់ទ្រាយនៃការអភិវឌ្ឍសាកល ដែលបានលើកឡើងដោយប្រទេសចិន ។ ប្រទេសជាច្រើននៅលើសាកលលោក កំពុងតែព្រួយបារម្ភនៃទង្វើរបស់អាម៉េរិក ដែលបាននិងកំពុងរុញច្រានឱ្យពិភពលោកងាកទៅរកនិន្នាការមួយ ដែលមានចរិតគាំពារនិយម ប្រាសចាកពីបទប្បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មអន្តរជាតិ ព្រម ទាំងបង្កឱ្យមានអស្ថិរភាពសេដ្ឋកិច្ចសកល ខណៈដែលពិភពលោក កំពុងប្រឈមមុខនឹងបញ្ហា បន្ទាន់ជាច្រើនដែលត្រូវដោះស្រាយ។

 

តាមទ្រឹស្តីសេដ្ឋកិច្ច ផ្នែកតម្រូវការមានភាពបត់បែនលឿនណាស់ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលថ្លៃ ដែលបណ្តាលមកពីការដាក់របាំងពន្ធនេះ ដែលជាផលវិបាកសេដ្ឋកិច្ច ភ្លាម ៗ គឺការកើនឡើងតម្លៃទំនិញប្រើប្រាស់ និងអតិផរណាយ៉ាងខ្លាំងនៅសហរដ្ឋអាម៉េរិក ខណៈពេលដែលអាម៉េរិកមិនអាចតម្លើងរោងចក្របានក្នុងរយៈពេលតែមួយសប្តាហ៍ ហើយអាម៉េរិកក៏មិនងាកមកផលិតឧស្សហកម្មអតិពលកម្មបានដែរ។ តាមការព្យាករណ៍របស់មជ្ឈមណ្ឌលវឌ្ឍនភាពអាម៉េរិក ការដាក់ចេញនូវរបាំងពន្ធគយនេះ នឹងធ្វើឱ្យពលរដ្ឋអាម៉េរិកខាតបង់ ជាមធ្យមមួយឆ្នាំប្រមាណ ៥២០០ ដុល្លារ ក្នុងមួយគ្រួសារ ហើយអ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុតគឺអ្នកមានចំណូលទាប និងចំណូលមធ្យម ហើយការ ទិញនឹងមានធ្លាក់ចុះ ដែលអាចនឹងឈានទៅដល់ការធ្លាក់ចុះសេដ្ឋកិច្ចផងដែរ។

 

ផ្ទុយទៅវិញ ល្បែងរបាំងពន្ធរបស់សហរដ្ឋម៉េរិក បានធ្វើពិភពលោកមើលឃើញថា អាម៉េរិកបានធ្វើឱ្យមនុស្សគ្រប់គ្នារងគ្រោះ និង ពោរពេញដោយក្តីបារម្ភ ប៉ុន្តែមហាសេដ្ឋីអាម៉េរិកបានចំណេញថ្លៃភាគហ៊ុនយ៉ាងច្រើន បន្ទាប់ពីមានការពន្យាពេលក្នុងការតម្លើងពន្ធ ដោយកំណត់ត្រឹមតែ ១០% សិនសម្រាប់រយៈពេល៩០។ ដោយសារ ប្រទេសចិនក៏បានចាត់វិធានការវាយបកជាមួយនឹងការដាក់ចេញនូវពន្ធគយចំពោះគ្រប់ទំនិញនាំចូលពីអាម៉េរិក ព្រមទាំងចាប់ផ្តើមរឹតត្បិតដល់ការនាំចេញទៅអាម៉េរិកនូវសារធាតុដីកម្រ (rare earth) និងសារធាតុរ៉ែផ្សេងទៀត ដែលសុទ្ធសឹងតែចាំបាច់សម្រាប់វិស័យអេឡិចត្រូនិក និងឧស្សាហកម្មយោធាអាម៉េរិកបានសម្រេចដាក់របាំងពន្ធគយ រហូតដល់ ១២៥%សម្រាប់ប្រទេសចិន។ ផ្ទុយពីការគាំពារនិយមលើពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ប្រទេសចិនបាននិងកំពុងបង្កើនការបើកចំហរកម្រិតខ្ពស់ ដែលបានដាក់បញ្ចូលនូវកម្លាំងរស់រវើកជាបន្តបន្ទាប់ទៅក្នុងសេដ្ឋកិច្ចពិភពលោក។ ជាក់ស្តែងការបើកចំហររបស់ប្រទេសចិនថ្មីៗនេះ ប្រទេសចិនបានធ្វើការលើកលែងវីសាដល់ប្រទេសចំនួន ៥៤ ឱ្យចូលមកទស្សនកិច្ចនៅប្រទេសចិនក្នុងរយៈ ២៤០ ម៉ោង ហើយចំពោះភ្ញៀវទេសចរដែលមកទិញទំនិញពីប្រទេសចិនត្រឡប់ទៅវិញ ត្រូវយកវិក្កយបត្រមកដាក់ប្រាក់ពន្ធលើទំនិញវិញបាន។ 

 

ដូច្នេះ ការដាក់របាំងពាណិជ្ជកម្មនេះ បានរារាំងដល់គោលដៅនៃការអភិវឌ្ឍសាកល ដែលជាការអភិវឌ្ឍរួម ការធ្វើសមាហរណកម្មសេដ្ឋកិច្ច និង សាកលភាវូបនីយកម្ម សម្រាប់កំណើនសាកលប្រកបដោយបរិយាប័ន្ន ដែលសហរដ្ឋអាម៉េរិកគួរពិចារណាឡើងវិញ ហើយបោះបង់ចោលនូវគំនិតអនុត្តរភាពរបស់ខ្លួន ហើយធ្វើការចរចារជាមួយបណ្តាប្រទេសនានា ដើម្បីដោះស្រាយនូវបញ្ហាខ្វែងគំនិតគ្នាលើវិស័យពាណិជ្ជកម្ម ដើម្បីឈានដល់ភាពស្មើមុខស្មើមាត់គ្នាក្នុងការធ្វើពាណិជ្ជកម្ម ដោយគោរពគ្នាទៅវិញទៅមក និង ទទួលបានផលប្រយោជន៍ទៅវិញទៅមក ។

 

ដោយ ៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍

...

ប្រធាន វិទ្យាស្ថាន សិក្សា ចិន នៃ រាជបណ្ឌិត្យ សភា កម្ពុជា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print