ភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាង១១ម៉ឺននាក់មកលេងកម្សាន្ត សង្ក្រាន្តស្វាយរៀងក្នុងថ្ងៃទី១

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកវ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរខេត្តស្វាយរៀងបានឲ្យដឹង នៅព្រឹកថ្ងៃទី១៥ខែមេសាឆ្នាំ២០២៥នេះថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥  នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងកម្មវិធីសង្ក្រាន្តនានាក្នុងខេត្តស្វាយរៀង មានចំនួនសរុបប្រមាណ ១១០,០១២ នាក់,ក្នុងនោះ បរទេសចំនួន ៣,៥៩០ នាក់។

ជាមួយគ្នានេះកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងអាជ្ញាធរអ្នកពាក់ព័ន្ធទាំងអស់ក្នុងខេត្តស្វាយរៀងបានចូលរួមការពារ និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តស្វាយរៀង ដោយមានការសហការគាំទ្រពីក្រុមហ៊ុន វិស័យឯកជនបានរៀបចំកម្មវិធី «សង្ក្រាន្តស្វាយរៀង» នៅទីតាំងរង្វង់មូលវិមានឯករាជ្យ ក្រុងស្វាយរៀងដើម្បីបង្កើតភាពអ៊ូអរ និងបង្កបរិយាកាសសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋបានចូលរួមទស្សនាលេងកម្សាន្ត និងចូលរួម អបអរសាទរទទួលអំណរពរជ័យបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ គ.ស.២០២៥។
កម្មវិធីនេះ នឹងរៀបចំចាប់ពីម៉ោង១០៖០០នាទីព្រឹកតទៅ ជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ ដោយមានកម្មវិធីកម្សាន្តសប្បាយជាច្រើនដូចជា កម្មវិធីលេងល្បែងប្រជាប្រិយ ការដាក់តាំងបង្ហាញផលិតផលនានា កម្មវិធីប្រគំតន្ត្រីខ្នាតធំដោយ មានការចូលរួមពីសិល្បករ សិល្បការិនីល្បីៗនៅក្នុងប្រទេស និងការបាញ់ទឹក ការរាំលេងកម្សាន្ត រួមនឹងកម្មវិធីកម្សាន្តសប្បាយៗជាច្រើនផ្សេងទៀត។
ជាមួយគ្នានេះ ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឱ្យកាន់តែមានភាព អធិកអធម នៅតាមបណ្តាក្រុង ស្រុក ក៏មានរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនៅតាមទីតាំង សំខាន់ៗ មួយចំនួនដូចជា រមណីយដ្ឋាន ទីប្រជុំជន និងវត្តអារាម តាមភូមិ សម្រាប់បងប្អូនប្រជា ពលរដ្ឋចូលរួមលេងកម្សាន្តផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print